រដ្ឋាភិបាលសម្រេចពន្យារថ្ងៃផុតកំណត់បង់ពន្ធអចលនទ្រព្យដល់ ថ្ងៃ៣១ ខែតុលា

អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី ២៥ ខែកញ្ញា ប្រកាសពន្យារពេលថ្ងៃផុតកំណត់បង់ពន្ធអចលនទ្រព្យ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះ។

កាលបរិច្ឆេទផុតកំណត់បង់ពន្ធសម្រាប់ឆ្នាំ ២០២០ ដំបូងគឺថ្ងៃទី ៣០ ខែកញ្ញា ប៉ុន្តែដោយសារនៅមានម្ចាស់អចលពទ្រព្យជាច្រើនមិនទាន់បានបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារបានសម្រេចចិត្តពន្យារពេលទៅចុងខែតុលាវិញ។

អគ្គនាយកដ្ឋានពន្ធដារក៏បានបញ្ជាក់ថា ចំពោះម្ចាស់អចលនទ្រព្យដែលមិនបានប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ នឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន ដោយត្រូវបង់ពន្ធបន្ថែមក្នុងអត្រា១០% នៃទឹកប្រាក់បង់ពន្ធយឺត បូកនឹងការប្រាក់ ២ ភាគរយ នៃទឹកប្រាក់បង់ពន្ធយឺតសម្រាប់ខែនីមួយៗ។ (អានបន្ថែម)

ការផាកពិន័យនេះ នឹងត្រូវដំឡើងថែមទៀត ក្នុងករណីបុគ្គលនោះនៅតែមិនបានបង់ក្នុងរយៈពេល ១៥ ថ្ងៃ ក្រោយពេលបានទទួលលិខិតជូនដំណឹងរំលឹកការទារបំណុលពន្ធ។

គួរបញ្ជាក់ផងដែរថា អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្មីៗក៏ទើបតែប្រកាសថានឹងចាប់ផ្តើមប្រមូលពន្ធ ២០% លើផលចំណេញមូលធន ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២១ តទៅ នេះគឺមានន័យថារាល់ផលចំណេញពីការលក់អចលទ្រព្យទូទៅនឹងត្រូវជាប់ពន្ធនេះដែរ។ (អានបន្ថែម)

ទាក់ទិននឹងពន្ធថ្មី អ្នកវិភាគក្នុងវិស័យអចលនទ្រព្យ បានអំពាវនាវថា ដោយសារវិបត្តិកូវីដ រដ្ឋគួរតែពន្យារពេលការអនុវត្តិច្បាប់ថ្មីនេះសិន (អានបន្ថែម)៕

- Video Advertisement -