ម្ចាស់គម្រោងអលចនទ្រព្យធំៗបើកធនាគារផ្ដល់កម្ចីដោយខ្លួនឯង៖ ជាឱកាស ឬហានិភ័យ?
ប៉ុន្មានឆ្នាំចុងក្រោយនេះ ម្ចាស់គម្រោងធំៗមួយចំនួន មិនត្រឹមតែអភិវឌ្ឍអចលនទ្រព្យនោះទេ តែក៏បានចាប់ផ្ដើមបើកធនាគារផ្ទាល់ខ្លួន ឧទាហរណ៍ដូចជា ធនាគារ ជីប ម៉ុង និងធនាគារ ព្រីនស៍ ជាដើម សុទ្ធសឹងជារបស់អ្នកអភិវឌ្ឍធំៗ។ តើការបើកធនាគាររបស់អ្នកអភិវឌ្ឍន៍គម្រោងទាំងនេះ នឹងប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យដូចម្ដេចខ្លះ?
អ្នកជំនាញផ្នែកអចលនទ្រព្យ និងជានាយកប្រតិបត្តិក្រុមហ៊ុន Pointer លោក ងួន ឆាយលាង បានវិភាគថា ការបើកធនគារនេះគឺមានទាំងអត្ថប្រយោជន៍ និងហានិភ័យសម្រាប់ទីផ្សារ។
អត្ថប្រយោជន៍ចម្បង គឺការជំរុញចរន្តការទិញលក់អចលទ្រព្យឱ្យកាន់តែងាយស្រួល ឆាប់រហ័ស និងជួយឱ្យប្រជាជនទិញផ្ទះបាននៅងាយជាងមុន។ នៅពេលម្ចាស់គម្រោងមានធនាគារផ្ទាល់ខ្លួនបែបនេះ ការផ្ដល់កម្ចី គឺមិនស្មុគស្មាញដូចខ្ចីពីធនាគារផ្សេងឡើយ។
លោក ឆាយលាង បានឱ្យដឹងថា៖ «បើយើងខ្ចីធនាគារវាស្មុគស្មាញ ហើយអ្នកទិញផ្ទះខ្លះ គាត់ទិញផ្ទះដែលគេកំពុងសង់ អញ្ចឹងបើទៅខ្ចីធនាគារវាយ៉ាប់តិច ធនាគារអត់ចង់ឱ្យខ្ចី។ អញ្ចឹងហើយបានអ្នកអភិវឌ្ឍន៍គាត់បើកធនាគារខ្លួនឯង គឺដើម្បីជួយសម្រួលដល់ដំណើរការហ្នឹង»។
លោកបន្តថា៖ «អញ្ចឹង ចរន្តទិញលក់ក៏ល្អជាងមុន អ្នកខ្លះខ្ចីលុយពីធនគារផ្សេងមិនបាន គឺអាចខ្ចីពីធនគាររបស់ម្ចាស់គម្រោង។ នេះគឺជាការសម្រួលបន្ទុកមួយបានយ៉ាងច្រើន»។
ដោយឡែក ការបើកធនាគារនេះក៏នាំមកនូវហានិភ័យផងដែរ ពោលលុយគឺនៅប្រមូលផ្ដុំនៅកន្លែងតែមួយ គ្មានចរន្ត ដែលអាចនឹងប៉ះពាល់ធ្ងន់ដល់អ្នកទិញ ឬទីផ្សារទាំងមូល ក្នុងករណីដែលអ្នកអភិវឌ្ឍមានបញ្ហា។
លោកឆាយលាង បានឱ្យដឹងថា៖ «ហានិភ័យគឺត្រូវតែមានហើយ ព្រោះលុយគឺចេញពីហោប៉ៅឆ្វេង ទៅហោប៉ោវស្ដាំ។ លុយគឺនៅក្នុងដៃមនុស្សតែម្នាក់ បើគាត់ដួល គឺដួលទាំងអស់តែម្តង។
នេះជាមូលហេតុដែលប្រទេសផ្សេងៗទៀតដូចជាប្រទេសថៃ អ្នកអភិវឌ្ឍ និងអ្នកទិញ និយមសុំកម្ចីពីធនាគារដើម្បីយកលុយមកបង្វិល។ សកម្មភាពនេះ មិនត្រឹមតែជំរុញចរន្តសេដ្ឋកិច្ចនោះទេ តែក៏បង្កើតតុល្យភាពហិរញ្ញវត្ថុផងដែរ។
- Video Advertisement -