ហេតុអ្វីត្រូវចុះបញ្ជីកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធ ពិសេសសម្រាប់កម្មសិទ្ធលើអចលនទ្រព្យ?
ជាទូទៅនៅក្នុងសង្គមខ្មែរយើង គេសង្កេតឃើញថា ក្រោយការលែងលះ ភាគីទាំងសងខាង ពិបាកក្នុងការបែងចែកទ្រព្យសម្បត្តិបានឱ្យស្មើគ្នា ជាពិសេសលើដីធ្លី និងផ្ទះសំបែង។ បញ្ហាទាំងនេះ កើតមានដោយសារ ប្តីប្រពន្ធមិនបានចុះបញ្ជីទ្រព្យសម្បត្តិឱ្យបានត្រឹមត្រឹមត្រូវ?
តើការចុះបញ្ជីទ្រព្យសម្បត្តិប្តីប្រពន្ធគឺជាអ្វី ហើយមានសារៈសំខាន់ដូចម្តេចខ្លះ?
ការចុះបញ្ជីទ្រព្យសម្បត្តិប្តីប្រពន្ធគឺជា កិច្ចសន្យាជាលាយលក្ខណ៍អក្សររវាងប្តី និងប្រពន្ធមុនពេលរៀបការ ដោយបញ្ជាក់ច្បាស់ពីទ្រព្យសម្បត្តិទាំងអស់របស់ភាគីទាំង២ មុនរៀប និងសិទ្ធិលើទ្រព្យសម្បត្តិនោះក្រោយរៀបការ។
ការចុះបញ្ជីកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធ ធ្វើឡើងក្នុងគោលបំណងអនុញ្ញាតឱ្យប្ដីប្រពន្ធ ឬ បុគ្គលដែលនឹងត្រូវរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា អាចកំណត់យ៉ាងច្បាស់ពីទំនាក់ទំនងទ្រព្យសម្បត្តិនៅមុន ឬ ក្រោយការរៀបអាពាហ៍ពិពាហ៍។
លើសពីនេះ ការចុះបញ្ជីទ្រព្យសម្បត្តិប្តីប្រពន្ធនឹងបង្កភាពងាយស្រួលក្នុងការលក់ដូរ ឬបែងចែកទ្រព្យ នៅពេលមានការលែងលះកើតឡើង ឬភាគីណាមួយបានស្លាប់។
ទ្រព្យសម្បត្តិដែលលើកឡើងខាងលើ អាចមានជាច្រើនទម្រង់ ប៉ុន្តែទ្រព្យសម្បត្តិដែលអចលនទ្រព្យ ដូចជាដីធ្លី និងផ្ទះជាដើម គឺមានភាពស្មុគស្មាញខ្លាំងក្នុងការបែកចែក ដោយសារតែអចលនទ្រព្យភាគច្រើនតែងតែឡើងថ្លៃជានិច្ច។ ដូចនេះ ការចុះបញ្ជីបែងចែកទ្រព្យសម្បត្តិរបស់ប្តីប្រពន្ធត្រូវធ្វើជាចាំបាច់ ដើម្បីជៀសវាងជម្លោះបែងចែកមិនដាច់ស្រេច។
មួយវិញទៀត កាតព្វកិច្ចសងបំណុលរបស់ភាគីប្តី ឬប្រពន្ធ ដែលមានលើទ្រព្យនោះ ក៏ចាំបាច់ណាស់ដែរ។ ឧទាហរណ៍ បំណុលបង់រំលស់ផ្ទះរួម ក្រោយតើក្រោយលែងលះ តើអ្នកណាជាអ្នកទទួលខុសត្រូវ ហើយប៉ុន្មានភាគរយ។ ដូច្នេះ ការចុះបញ្ជីទ្រព្យសម្បត្តិប្តីប្រពន្ធ នឹងជួយកំណត់ឱ្យច្បាស់ពីទ្រព្យរួម ឬ ទ្រព្យដោយឡែកដែលភាគីណាមួយមានកាតព្វកិច្ចត្រូវចេញសង។
គួរបញ្ជាក់ផងដែរថា ការចុះបញ្ជីនេះ ត្រូវធ្វើឡើងនៅនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី នៃក្រសួងយុត្តិធម៌។ នាយកដ្ឋាននេះ ក៏ទទួលផ្លាស់ប្តូរ និងការលុបការចុះបញ្ជីកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធផងដែរ។
បើយោងតាមប្រកាសលេខ៨១ កយ.ប្រក ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៣ ស្តី ឯកសារចាំបាច់ដែលត្រូវភ្ជាប់មកពេលចុះបញ្ជីរួមាន៖
- កិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធ
- សំបុត្រអាពាហ៍ពិពាហ៍ ក្នុងករណីអ្នកដាក់ពាក្យសុំបានរៀបអាពាហ៍ពិពាហ៍
- វិញ្ជាបនបត្របញ្ជាក់អំពីព័ត៌មានដែលបានចុះនៅក្នុងសៀវភៅចុះបញ្ជី (សៀវភៅចុះបញ្ជីអចលនវត្ថុ សៀវភៅគោលបញ្ជីដីធ្លី សៀវភៅចុះបញ្ជីសិទ្ធិជួលអចិន្ត្រៃយ៍ សៀវភៅចុះបញ្ជីផលុបភោគ)
- លិខិតប្រគល់សិទ្ធិតំណាង (ប្រសិនបើមាន)
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន
ការចុះបញ្ជីកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធ មានថ្លៃសេវាចំនួន ៣០ម៉ឺនរៀល និងមានសុពលភាពជាអចិន្ត្រៃយ៍។
រាល់ពាក្យសុំចុះបញ្ជីទាក់ទងនឹងកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធ ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ។ ពាក្យសុំច្បាប់ដើម ត្រូវមានហត្ថលេខា ឬស្នាមម្រាមដៃរបស់អ្នកដាក់ពាក្យសុំ ដោយភ្ជាប់មកជាមួយនូវច្បាប់ថតចម្លងនៃច្បាប់ដើមនោះ។
- Video Advertisement -