បច្ចុប្បន្នភាពតម្លៃដីធ្លីនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ
ទោះជាមានវិបត្តិកូវីដ១៩ ក្ដី ទីផ្សារអចលនទ្រព្យនៅកម្ពុជាចាត់ទុកថានៅមានលំនឹង។ ថ្វើបើចំនួនការទិញលក់ថមថយប្រមាណពី ១៥% ទៅ ២០% ក្ដី ក្នុងឆ្នាំ ២០២០ តម្លៃដីធ្លីជាមធ្យមនៅតែរក្សាជំហររឹងមាំ ឬធ្លាក់ចុះបន្ដិតបន្ដួចទៅតាមតំបន់។
យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Key Real Estate ក្នុងឆមាសទី ២ ឆ្នាំ ២០២០ តម្លៃដីធ្លីនៅខេត្តសៀមរាប និងខេត្តព្រះសីហនុជាមធ្យមបានធ្លាក់ចុះប្រមាណ ១១,២% និង ៧,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។ ដោយឡែក តម្លៃដីទាំង ១៤ ខណ្ឌនៃរាជធានីភ្នំពេញ ឃើញថានៅតែរក្សាលំនឹង ពោលគឺជាមធ្យមកើនឡើងបន្តិចបន្តួចប្រមាណ ៤,៤% ទោះបើមានការរីករាលដាលនៃជំងឺកូវីដ ១៩ ក្ដី ។
ភ្នំពេញ
សម្រាប់រាជធានីភ្នំពេញ ក្នុងចំណោមខណ្ឌទាំងអស់ តម្លៃដីក្នុងខណ្ឌដង្កោកើនឡើងខ្ពស់ជាងគេគឺ ប្រមាណ ១៧,៩% បើធៀបនឹងឆមាសទី ២ ឆ្នាំ ២០១៩។ ខណ្ឌដែលតម្លៃដីកើនឡើងខ្ពស់បន្ទាប់គឺខណ្ឌកំបូល ខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ ដែលតម្លៃបានកើនឡើង ៨% ៧,៣% និង ៦,៥%។

ឆ្នាំ ២០២០ ចាត់ទុកថាឆ្នាំដំបូងក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដែលតម្លៃដីធ្លីនៅក្នុងក្រុងដូចជានៅក្នុងខណ្ឌដូនពេញ ខណ្ឌ ៧មករា និងខណ្ឌចំការមន មិនឡើងថ្លៃ។ ទោះយ៉ាងណាតម្លៃដីនៅក្នុងខណ្ឌទាំងនេះ គឺនៅតែមានតម្លៃខ្ពស់បំផុតបើប្រៀបធៀបទៅនឹងខណ្ឌផ្សេងៗទៀត ពោលគឺចន្លោះពី ៤០០០ ទៅ ៥០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
សៀមរាប
ទន្ទឹមនឹងនេះ តម្លៃដីធ្លីនៅខេត្តសៀមរាបគឺធ្លាក់ចុះខ្លាំងជាងគេបើប្រៀបធៀបទៅនឹងរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ ដែលមួយផ្នែកធំគឺដោយសារតែការថមថយនៃវិស័យទេសចរណ៍។ តម្លៃដីនៅតំបន់ E បានធ្លាក់ចុះយ៉ាងខ្លាំងដល់ទៅ ១៤,៣% ក្នុងឆមានទី ២ នៃឆ្នាំ ២០២០ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩ ។ មានតែតម្លៃដីនៅតំបន់ A និងតំបន់ B ទេ ដែលនៅស្ថេរ ខណៈតំបន់ផ្សេងៗទៀតធ្លាក់ចុះចន្លោះពី ០,៨៣% ទៅ ១៤,៣៩% ។

ខេត្តព្រះសីហនុ
ដោយឡែកសម្រាប់ខេត្តព្រះសីហនុវិញ តម្លៃដីក៏បានធ្លាក់ចុះជាមធ្យម ៧,២% ដោយសង្កាត់ ៤ មានការថយចុះខ្លាំងជាងគេប្រមាណ ១៦,៧% បន្ទាប់មកគឺសង្កាត់ ១ និងសង្កាត់ ២។ បើតាមអ្នកជំនាញការធ្លាក់ចុះនៃតម្លៃដីធ្លីនៅខេត្តព្រះសីហនុគឺមិនមែនបណ្តាលមកពីវិបត្តិកូវីដតែមួយមុខទេ តែមួយចំណែកធំបណ្ដាលមកពីឥទ្ធិពលនៃការការបិទល្បែងអនឡាញកាលពីនៅឆ្នាំ ២០១៩ កន្លងមកនេះ ។

ជារួមទោះបីជាតម្លៃដីធ្លីនៅតាមបណ្ដាខេត្តសំខាន់នានា កំពុងរងសម្ពាធបន្តិចបន្ដូចក្ដី អ្នកជំនាញក្នុងស្រុកក៏នៅតែមានសុទិដ្ឋិនិយមថា ឆ្នាំ ២០២១ ទីផ្សារនឹងប្រសើរឡើង ដោយសារការចាក់វ៉ាក់សាំងបាន និងកំពុងចាប់ផ្ដើមទូទាំងពិភពលោកហើយ។ តួយ៉ាងដូចជា នាយិកាសគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានព្យាករថាទីផ្សារអចលនទ្រព្យនៅឆ្នាំ ២០២១ នឹងមានការកើនឡើងប្រមាណ ៦០% នៅឆ្នាំ ២០២១ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០ ។ (អានបន្ថែម)
- Video Advertisement -