តើសេវាកម្មពិគ្រោះយោបល់សំណង់គឺជាអ្វី? ចាំបាច់យ៉ាងដូចមេ្ដច?
ការសាងសង់គម្រោងអភិវឌ្ឍន៍នីមួយៗ រមែងមានការងារមួយចំនួនដែលស្មុគស្មាញ នឹងសាំយ៉ាំ ដែលបង្កជាការលំបាក ពិសេសសម្រាប់អ្នកអភិវឌ្ឍដែលទើបតែចូលមកប្រឡូកក្នុងវិស័យសំណង់ថ្មីៗ។ ប៉ុន្តែការងារស្មុគស្មាញទាំងនេះអាចដោះស្រាយបាន តាមរយៈក្រុមហ៊ុនពិគ្រោះយោបល់សំណង់។
តើសេវាកម្មពិគ្រោះយោបល់សំណង់គឺជាអ្វី? ចាំបាច់យ៉ាងដូចមេ្ដច?
សេវាកម្មលើការងារសាងសង់ គឺសេវាកម្មដែលផ្ដល់ដោយក្រុមហ៊ុនប្រឹក្សាយោបល់ ឬផ្តល់ដំបូន្មានជំនាញទៅលើការងារសាងសង់ទៅតាមផ្នែកនីមួយៗ។ ក្រុមហ៊ុនប្រឹក្សាទាំងនេះ ផ្តល់សេវាដល់ក្រុមហ៊ុនសាងសង់ ឬម្ចាស់គម្រោង ដោយគិតថ្លៃសេវាទៅតាមទំហំការងារ។
សេវាកម្មជាទូទៅរួមមាន ការគ្រប់គ្រងគម្រោង ការធ្វើពិនិត្យពិច័យលើការងារផ្នែកស្ថាបត្យកម្ម និងការវិភាគលើការគ្រប់គ្រងសំណង់ជាដើម។
លើសពីនេះ ក្រុមហ៊ុនប្រឹក្សាយោបល់ទាំងនេះ ក៏មានអ្នកជំនាញដែលមានបទពិសោធន៍ដូចជាស្ថាបត្យករ វិស្វករ និងអ្នកពិគ្រោះលើគម្រោងចំណាយ ដែលមានបទពិសោធន៍ និងវិជ្ជាជីវៈច្បាស់ផងដែរ។
ការប្រើប្រាស់សេវាកម្មនេះ អាចជួយឱ្យម្ចាស់គម្រោងដឹងច្បាស់ពីទំហំចំណាយច្បាស់លាស់ ពេលវេលានៃការសាងសង់ ភាពទុកចិត្តខ្ពស់ជាមួយអ្នកម៉ៅការ និងគុណភាពនៃសំណង់ផងដែរ។
យោងតាមក្រុមហ៊ុនពិគ្រោះយោបល់លើការងារសាងសង់ក្នុងស្រុកមួយ ពួកគេបានបែងចែកការផ្តល់សេវាកម្មពិគ្រោះរបស់ពួកគេជា ០៣ ដំណាក់កាល៖
ក. មុនពេលសំណង់ចាប់ផ្តើម:
- ផ្តល់ជាគំនិតជូនម្ចាស់គម្រោង និងយកគំនិតម្ចាស់គម្រោងមកគូសជាប្លង់
- លើកគម្រោងចំណាយ
- ពិនិត្យប្លង់ និង គណនាលើសម្ភារៈសំណង់ និងតម្លៃគម្រោងតាមដំណាក់កាលនីមួយៗ
- រៀបចំការដេញថ្លៃ ដើម្បីជ្រើសរើសក្រុមហ៊ុនសាង់សង់
- ត្រួតពិនិត្យលើសំណុំកុងត្រារវាងម្ចាស់គម្រោង និងក្រុមហ៊ុនសាង់សង់តាមផ្នែកនីមួយៗ
ខ. កំឡុងពេលសាងសង់:
- ការពិនិត្យគុណភាព ការងារដូចជា បុកគ្រឹះ សំណង់គ្រោង ប្រព័ន្ធ ទឹកភ្លើង និង ការងារបញ្ចប់
- ការពិនិត្យ និងគ្រប់គ្រងសម្ភារៈសំណង់នៅការដ្ឋាន
- ការពិនិត្យ និងសម្រួលការបើកប្រាក់ដល់ក្រុមហ៊ុនសំណង់
គ. ក្រោយពេលសាងសង់:
- ការវាយតម្លៃសំណង់អគារសាងសង់រួច
ជារួមមក ការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនពិគ្រោះយោបល់នឹងជួយពង្រឹងគុណភាព និងសុវត្ថិភាពសំណង់ ជាពិសេសដោះស្រាយការងារដែលស្មុគស្មាញ នឹងសាំយ៉ាំ ដល់ម្ចាស់គម្រោង។ ប៉ុន្តែច្បាប់មិនបានកំណត់ឱ្យម្ចាស់គម្រោងទាំងអស់ត្រូវតែប្រើប្រាស់សេវាកម្មនេះ ពោលគឺជម្រើសគឺអាស្រ័យនៅបទពិសោធន៍របស់ម្ចាស់គម្រោងនីមួយៗ។
- Video Advertisement -