មន្ទីរពេទ្យមួយកន្លែងទៀតនៅម្ដុំព្រៃសខណ្ឌដង្កោ នឹងក្លាយកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩
មន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ នឹងត្រូវយកធ្វើជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ នេះបើយោងតាមការឱ្យដឹងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសពិនិត្យទីតាំងផ្ទាល់កាលពីព្រឹកថ្ងៃទី ១៩ ខែ មីនា នេះ។
មន្ទីរពេទ្យស្រ្ដីនគរទេពនេះ មានផ្ទៃដីទំហំជាង ១ហិកតា មានអគារទំហំ ២៥,០០០ម៉ែត្រការ៉េ កម្ពស់ ៥ ជាន់ និងអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ ៥០០គ្រែ។ ជាងនេះទៀត មន្ទីរពេទ្យនេះក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដា ផងដែរ។
យ៉ាងណាមិញ សម្ដេច ហ៊ុន សែន មិនទាន់បានបញ្ជាក់ព័ត៌មានលម្អិត ក៏ដូចជាបញ្ជាក់ពីកាលបរិច្ឆេទនៃការអនុវត្តផែនការនេះទេ។
គួរបញ្ជាក់ផងដែរថា ក្នុងថ្ងៃជាមួយគ្នានេះ សម្ដេចក៏បានចុះពិនិត្យការជួសជុលកែលម្អស្តូបព្រះបរមព្រះរតនកោដ្ឋអតីតព្រះមហាក្សត្រនៃកម្ពុជាផងដែរ។ ស្ដូបនេះ បច្ចុប្បន្នសម្រេចប្រមាណ៩៥% ហើយ ដោយ គ្រោងនឹងបញ្ចប់នៅចុងខែមីនាឆ្នាំ ២០២១ នេះ៕

