រដ្ឋាភិបាលកំណត់ទិសដៅលុបបំបាត់ពលកម្មកុមារនៅតាមសិប្បកម្មផលិតឡឥដ្ឋត្រឹមឆ្នាំ២០២០

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់លុបបំបាត់ឲ្យអស់ ការប្រើប្រាស់កម្លាំងពលកម្មកុមារគ្រប់ទម្រង់នៅតាមសិប្បកម្មឡឥដ្ឋ នៅត្រឹមឆ្នាំ២០២០ខាងមុខ ខណៈការអង្គេតតាមដានធ្វើឡើងតាមបណ្តាសិប្បកម្មផលិតឥដ្ឋកន្លងមក បានរកឃើញថាមានវឌ្ឍនភាពគួរកត់សម្គាល់។

លោក វ៉េង ហៀង ប្រធាននាយកដ្ឋានការងារកុមារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់ទិសដៅលុបបំបាត់ពលកម្មកុមារនៅតាមសិប្បកម្មផលិតឥដ្ឋឱ្យបានត្រឹមឆ្នាំ២០២០ ហើយយុទ្ធនាការខាងលើនេះ គឺជាការចូលរួមជំរុញទិសដៅនេះផងដែរ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។

លោក វ៉េង ហៀង មានប្រសាសន៍ថា យុទ្ធនាការនេះគឺក្រុមអធិការកិច្ចចុះជាច្រើនលើកច្រើនសារមកហើយ លើកទីមួយ នៅឆ្នាំ២០០៨ លើកពីរ នៅក្នុងឆ្នាំ ២០១៦ លើកទីបី នៅឆ្នាំ២០១៩ និងយុទ្ធនាការនេះនឹងបន្ត នៅឆ្នាំ២០២០ទៀត ដើម្បីជំរុញការធានា និងការទប់ស្កាត់ពលកម្មកុមារនេះក្នុងកម្រិតមួយនៅក្នុងគ្រោះថ្នាក់សឹងតែគ្មាន ឬអាចនិយាយបានថា គ្មានពលកម្មកុមារនៅក្នុងសិប្បកម្មផលិតឥដ្ឋនោះឡើយ។

លោកបានបន្តថាការថយចុះ លក្ខខណ្ឌការងារនៅក្នុងសិប្បកម្មឥដ្ឋទាំងនោះមានភាពល្អប្រសើរ ដោយសារការប្រើប្រាស់ម៉ាស៊ីនពាក់កណ្តាលស្វ័យប្រវត្តិ និងស្វ័យប្រវត្តិដែលកាត់បន្ថយគ្រោះថ្នាក់ការងារ ទំហំផលិតកម្មមានការកើនឡើង។

លោក វ៉េង ហៀង បញ្ជាក់ថា ក្រសួងនឹងធ្វើការពិន័យ បើមានករណីណាមួយប្រើប្រាស់ពលកម្មកុមារ។

តាមការអះអាងដដែលរបស់លោក វ៉េង ហៀង ក្រសួងការងារបានខិតខំជួយកុមារដែលមានជីវភាពខ្វះខាតឲ្យបានទទួលការអប់រំនិងបានដកកុមារចេញពីសិប្បកម្មឡឥដ្ឋទាំងនោះសឹងតែគ្មានសល់។ គិតចាប់ពីឆ្នាំ ២០០៨មក កុមារប្រមាណ៣០០០នាក់ត្រូវបានដកហូត និងទប់ស្កាត់ពីការចូលរួមសកម្មភាពសេដ្ឋកិច្ចនៅសិប្បកម្មផលិតឥដ្ឋ៕ (អានបន្ថែម)

- Video Advertisement -