រដ្ឋាភិបាលកំពុងរៀបចំយន្តការបង្កើតតំបន់សេដ្ឋកិច្ចតាមតំបន់ជាយដែន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬ CDC កំពុងសិក្សាស្វែងយល់ពីកម្មវិធីវិនិយោគ និងអាជីវកម្ម ដើម្បីបង្កើតយន្តការ ជម្រុញការបង្កើតតំបន់សេដ្ឋកិច្ចពិសេសតាមជាយដែន ខណៈការចងក្រងសេចក្តីព្រៀងច្បាប់ថ្មីស្តីពីការវិនិយោគ និងសេចក្តីព្រៀងច្បាប់ថ្មីស្តីពីតំបន់សេដ្ឋកិច្ចពិសេសបានបញ្ចប់។
ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា ការជំរុញការអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅតាមតំបន់ជាយដែន ស្ថិតនៅក្នុងចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជា ដោយយោងតាមស្មារតី និងលទ្ធផលនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃ២៩ ខែ មីនា កន្លងទៅ។
ឯកឧត្តម សុខ ចិន្តាសោភា បញ្ជាក់ថា នៅក្នុងសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយកាលពីថ្ងៃទី៥ ថា ដើម្បីប្រមូលធាតុចូលដើម្បីដាក់ចេញយន្តការនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍បានចាប់ផ្តើម សិក្សាស្វែងយល់ពីសកម្មភាពវិនិយោគ និងអាជីវកម្ម នៅតាមតំបន់ព្រំដែន ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនានា។
ឯកឧត្តម សុខ ចិន្តាសោភា ថ្លែងថា៖ «ទស្សនកិច្ចការងារនេះមានគោលបំណងផ្សព្វផ្សាយពីចក្ខុវិស័យរបស់រដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍន៍វិស័យឧស្សាហកម្មតាមតំបន់ជាយដែន និងពិនិត្យមើលស្ថានភាពជាក់ស្តែងនៃសកម្មភាពវិនិយោគ និងពាណិជ្ជកម្មនៅតាមតំបន់ព្រំដែន ដើម្បីជាមូលដ្ឋានក្នុងការរៀបចំដាក់ចេញនូវយន្តការពិសេសសម្រាប់ទាក់ទាញវិនិយោគឲ្យកាន់តែច្រើនថែមទៀត»។
កន្លងមក ក្រុមការងារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះពិនិត្យតំបន់សេដ្ឋកិច្ចពិសេសនៅក្រុងប៉ោយប៉ែត និងក្រុងបាវិត។
កាលពីពេលថ្មីនេះ រដ្ឋាភិបាលបានបង្ហាញគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតំបន់ភាគឥសាននៃប្រទេស គឺខេត្តមណ្ឌលគីរី ដើម្បីចូលរួមបង្កើតការងារជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ និងចូលរួមការធ្វើពិពិធកម្មការវិនិយោគ។
យោងតាមតួលេខពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមឆ្នាំ២០១៧ កម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤៤៕
រូបភាពគោលដោយ Wikimedia Commons
- Video Advertisement -