ផ្សារទំនើបអូឡាំព្យាសាងសង់ដំណាក់កាលទី២ដើម្បីទទួលភ្ញៀវ៥ម៉ឺននាក់ប្រចាំថ្ងៃ
ក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ OCIC នឹងធ្វើការពង្រីកផ្សារទំនើបអូឡាំព្យារបស់ខ្លួនក្នុងខណ្ឌ ៧មករា ក្នុងឆ្នាំ ២០២០ ដើម្បីអាចទទួលភ្ញៀវបានប្រមាណជា ៥ម៉ឺននាក់ ក្នុងមួយថ្ងៃៗ។
ក្រោយពីទទួលបានជោគជ័យលើការបើកដំណើរការផ្សារទំនើបអូឡាំព្យាកាលពីខែមិថុនាកន្លងមក ក្រុមហ៊ុន OCIC បាននិងកំពុងសាងសង់ដំណាក់កាលទី២បន្ថែមទៀត ដែលនឹងធ្វើឲ្យផ្ទៃក្រឡាផ្សារសរុបមានរហូតដល់ទៅ ១២០០០ ម៉ែត្រការ៉េក្នុងមួយជាន់ៗ ឬស្មើប្រមាណជា ៨៤ ០០០ ម៉ែត្រការ៉េសម្រាប់ជាន់សរុបទាំង ៧។
លោក សៅ ម៉ូណាស៊ី អ្នកគ្រប់គ្រងផ្នែកជួលផ្សារទំនើបអូឡាំព្យា បានបញ្ជាក់កាលពីថ្ងៃទី ១៧ ខែ កញ្ញា ថា ការសាងសង់ផ្សារទំនើបអូឡាំព្យាក្នុងដំណាក់កាលទី ២ គឺគ្រោងនឹងបញ្ចប់ក្នុងខែ មេសា ឆ្នាំ ២០២០ ហើយនឹងបើកឲ្យដំណើរការក្នុងត្រីមាសទី ៤ នៃ ឆ្នាំ ២០២០។ ក្រុមហ៊ុនរំពឹងថា ផ្សារទំនើបនេះនឹងអាចទទួលភ្ញៀវបានពីចន្លោះពី ៤ ទៅ ៥ម៉ឺននាក់ ប្រចាំថ្ងៃ ខណៈបច្ចុប្បន្ននេះ គឺអាចទទួលភ្ញៀវបាន ២ ម៉ឺននាក់ ក្នុងមួយថ្ងៃៗ។
ក្នុងដំណាក់កាលទី ២ នេះដែរ ក្រុមហ៊ុននឹងធ្វើការផ្តោតទៅលើផ្នែកម្ហូបអាហារ ការកំសាន្ត ផលិតផលម៉ាក់ល្បីៗ ដូចជា ហាងលក់ទំនិញ កាបូប ស្បែកជើង នាទ្បិកាដៃ គ្រឿងអលង្កា ផលិតផលកែសម្ភស្ស ជាដើម សម្រាប់ទាក់ទាញភ្ញៀវដែលមានជីវភាពកម្រិតមធ្យម និងខ្ពស់។
នៅពេលដាក់ឲ្យដំណើរការ ផ្សារទំនើបអូឡាំព្យា នឹងមានហាងសរុបសម្រាប់ជួលប្រមាណជា ២៥០ យូនីត ខណៈបច្ចុប្បន្នមានត្រឹម ១០០ យូនីត។
តាមការបញ្ជាក់ដដែលរបស់លោក សៅ ម៉ូណាស៊ី ក្រុមហ៊ុននឹងធ្វើឲ្យផ្សារទំនើបមួយនេះកាន់តែមានភាពទាក់ទាញ ជាមួយនឹងការបង្កើតកន្លែងកំសាន្ត និងការរចនាមួយចំនួនទៀតដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា។
លោកថ្លែងថា៖ « យើងមានការកំសាន្ត ហើយយើងមានក្រុមហ៊ុនគ្រប់គ្រងមកពីតៃវ៉ាន់ដែលគាត់ធ្លាប់មានបទពិសោធន៍ជោគជ័យនៅតៃវ៉ាន់ យើងនឹងពង្រឹងលើគុណភាព សេវាកម្ម ដើម្បីឲ្យម៉ល (ផ្សារ) យើងរីកចម្រើន នេះគឺជាអ្វីដែលយើងចង់បាន ហើយកំពុងអនុវត្ត»។
ផ្សារទំនើបអូឡាំព្យាគឺពន្ធ័ជុំវិញដោយអគារ៥៣ជាន់ សណ្ឋាគារ ៣៨ ជាន់ និងអគារលំនៅដ្ឋាន ដែលជាចំណុចខ្លាំង បន្ថែមជាមួយនឹងស្ពានអាកាសថ្មើរជើងភ្ជាប់ចូលមកក្នុងផ្សារ ដែលមិនធ្លាប់មានពីមុនមក ខណៈផ្សារទំនើបនេះស្ថិតក្នុងទីតាំងដ៏មានសក្តានុពលក្នុងរាជធានីភ្នំពេញ នេះបើតាមការបញ្ជាក់របស់លោក សៅ ម៉ូណាស៊ី។
នៅពេលបើកឲ្យដំណើរការដំណាក់កាលទី២បន្ថែមទៀត ផ្សារទំនើបអូឡាំព្យា នឹងមានរោងកុនសម្រាប់ក្រុមគ្រួសារ អាងហែលទឹកលើអាកាសដែលមានទេសភាពស្រស់ស្អាត ហើយអាចមើលឃើញកីទ្បដ្ឋានជាតិអូទ្បាំពិក ក្លឹបហាត់ប្រាណ កន្លែងលេងកីទ្បា សួនច្បារ ស្ពានកញ្ចក់លើអាកាស និងការរចនានានាបន្ថែមទៀត។





- Video Advertisement -