ក្រសួងរៀបចំដែនដីចេញប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាបដល់ឆ្នាំ២០៣៥
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី ២០ ខែកញ្ញា បានចេញផ្សាយប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៣៥ ដើម្បីជាមូលដ្ឋានក្នុងការគ្រប់គ្រង និងតម្រង់ទិសអភិវឌ្ឍដែនដីក្រុងសៀមរាបទាំងមូល។
ចក្ខុវិស័យប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប គឺសំដៅរៀបចំនិងអភិវឌ្ឍ «ក្រុងសៀមរាបជាប៉ូលបេតិកភណ្ឌ វប្បធម៌ ប្រវិត្តិសាស្រ្ត និងទេសចរណ៍ពិភពលោក» ដែលក្នុងនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការប្រើប្រាស់ដីជាពីរប្រភេទគឺ ប្រភេទដីកំហិតការសាងសង់ និងប្រភេទដីអាចសាងសង់បាន។
តាមប្លង់គោលនេះដដែលបានបង្ហាញថា ក្រុងសៀមរាបមានផ្ទៃដីសរុប ៤៤ ១៤៧ហិកតា ដែលក្នុងនោះ ៣៥ ៩៩៥ ហិកតា គឺជាប្រភេទដីកម្រិតការសាងសង់ និង ៨១៥២ហិកតា គឺជាដីអាចសាងសង់បាន។
ក្រុងសៀមរាបមានប្រជាជនប្រមាណជា ២៨៧ ៧៥៣ នាក់ ក្នុងឆ្នាំ ២០១៨ ហើយនឹងកើនដល់ ៤៤០ ០៩៩នាក់ ក្នុងឆ្នាំ ២០៣៥។ ប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប មានគោលបំណងធានាការគ្រប់គ្រង និងអភិបាលកិច្ចក្រុងសៀមរាបឲ្យមានប្រសិទ្ធភាពខ្ពស់តាមរយៈការធ្វើសមាហរណកម្ម ការអភិវឌ្ឍន៍ និងការអភិរក្សប្រកបដោយគុណភាព តុល្យភាព សមធម៌ និងចីរភាព។ ក្នុងនោះ គឺនឹងមានការជំរុញ៖ ១) លើកកម្ពស់ទេសចរណ៍ និងការអភិវឌ្ឍវិស័យកសិកម្មជនបទ ២) ការអភិរក្ស និងការអភិវឌ្ឍក្រុងឱ្យមានសោភណភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ និងក្រុងមានបរិស្ថានល្អ និង ៣) ការកែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។
ចំពោះផែនការសកម្មភាពវិញ ក្រសួងបានកំណត់គម្រោងអាទិភាពមួយចំនួន រួមមាន៖ ១) កែលម្អសោភណភាព និងហេដ្ឋារចនាសម្ព័ន្ធតំបន់កណ្តាលក្រុង ២) កសាងសមត្ថភាពធ្វើផែនការក្រុង ៣) លើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ៤) អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញទេសចរណ៍បេតិកភណ្ឌអង្គរ ៥) លើកកម្ពស់គុណភាពទេសចរណ៍ តាមរយៈភាពជាដៃគូរវាងរដ្ឋ-ឯកជន ៦) អភិវឌ្ឍធនធានមនុស្ស និងបង្កើតមជ្ឈមណ្ឌលផ្សព្វផ្សាយផលិតផលអង្គរ ៧) សាងសង់ផ្លូវរណបស្របនឹងផ្លូវជាតិលេខ៦ ៨) ស្តារនិងជួលជុលបណ្តាញផ្លូវទៅកាន់តំបន់បេតិកភណ្ឌនៅជនបទ ៩) បំពាក់បំពង់បង្ហូរទឹកថ្មីជំនួសបំពង់ទឹកចាស់ៗ ១០) សិក្សាអំពីយុទ្ធសាស្រ្តសមាហរណកម្មនៃការគ្រប់គ្រងធនធានទឹកស្ទឹងសៀមរាប និង ១១) អភិវឌ្ឍប្រព័ន្ធបង្ហូរទឹកនិងសំណល់រាវក្នុងតំបន់កណ្តាលក្រុង។
សម្រាប់ព័ត៌មានលម្អិតនៃប្លង់គោលនេះអាចទាញយកនៅទីនេះ។

