សម័យកាលថ្មីនៃការវិវឌ្ឍទីផ្សារលំនៅដ្ឋាននៅភ្នំពេញ
ដោយលោក Eric Wong Chon Lap
ទីផ្សារខុនដូនៅភ្នំពេញហាក់បានធ្លាក់ចុះនាពេលថ្មីៗនេះ ហើយមូលហេតុចម្បងគឺដោយសារស្តុកចាស់លក់មិនទាន់ដាច់ ខណៈដែលការផ្គត់ផ្គង់កាន់តែមានច្រើន។ បញ្ហានេះ បានធ្វើឱ្យអ្នកទិញមានការប្រុងប្រយ័ត្នខ្ពស់ ដែលបណ្ដាលឱ្យអ្នកអភិវឌ្ឍតិចតួចប៉ុណ្ណោះចាប់អារម្មណ៍វិនិយោគខុនដូ ហើយផ្តោតទៅលើការផ្តង់ផ្គង់សម្រាប់បំពេញតម្រូវការអ្នកប្រើប្រាស់ចុងក្រោយ។ នេះជាមូលហេតុដែលអ្នកអភិវឌ្ឍន៍ជាច្រើនកំពុងសម្លឹងទៅក្នុងទីផ្សារលំនៅដ្ឋានប្រភេទទាបៗ ដែលអ្នកប្រើប្រាស់ភាគច្រើនមានតម្រូវការ ដូចជាផ្ទះមានជាន់ផ្ទាល់ដី ឬ ផ្ទះល្វែងជាដើមដែលភាគច្រើនទិញ និងរស់នៅដោយប្រជាជនកម្ពុជាផ្ទាល់។
សម្រាប់អ្នកទិញផ្ទះ ពួកគេមានតម្រូវការជាក់លាក់ទាក់ទងទៅនឹងការតុបតែង មុខងារថាតើផ្ទះហ្នឹងទិញមកធ្វើអ្វីបានខ្លះ ទីតាំង និងទំហំជាដើម ហើយថវិកាទៀតសោតក៏មានកំណត់។ ដូច្នេះ អ្នកអភិវឌ្ឍន៍ត្រូវផ្តោតទៅលើតម្រូវការរបស់អ្នកទិញទាំងនេះ ហើយអាចផ្តល់នូវលំនៅដ្ឋានសមស្រប ទីតាំងល្អ តម្លៃសមរម្យដែលអ្នកទិញផ្ទះអាចមានលទ្ធភាព។
នៅរាជធានីភ្នំពេញ អ្នកអភិវឌ្ឍន៍កំពុងទាញយកផលចំណេញពីទីតាំងថ្មីៗដូចជាតំបន់ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៦ ដែលបានក្លាយជាទីពេញនិយមសម្រាប់ការអភិវឌ្ឍន៍លំនៅដ្ឋាន ដោយសារតែមានការកែលម្អបណ្ដាញផ្លូវថ្នល់។ អ្នកអភិវឌ្ឍន៍ជាច្រើនបានសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរលក្ខខណ្ឌទីផ្សារលំនៅដ្ឋានដោយប្តូរពីការវិនិយោគខុនដូជាចម្បង ទៅជាការបើកដំណើរការអភិវឌ្ឍន៍លំនៅដ្ឋានដំបូងបង្អស់របស់ពួកគេ តួយ៉ាងដូចជា គម្រោងលំនៅដ្ឋានតម្លៃសមរម្យដំបូងបង្អស់នៅស្រុកខ្មែរ គឺគម្រោងរបស់ក្រុមហ៊ុន Worldbridge Homes Co Ltd ដែលនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ទាំងស្រុងរបស់ពួកគេនៅត្រីមាសទី១ឆ្នាំ២០២០។ គម្រោងអភិវឌ្ឍន៍នេះស្ថិតនៅស្រុកស្អាងខេត្តកណ្ដាល ក្បែរទីក្រុងតាខ្មៅ ប្រហែល១៨គីឡូម៉ែត្រពីភ្នំពេញ។ គម្រោងនេះមានផ្ទះកម្ពស់២ជាន់ចំនួន ២,៤៥៧ ល្វែង និងប្រភេទផ្ទះសម្រាប់ធ្វើអាជីវកម្មចំនួន៩០ផ្ទះ។ គម្រោងលំនៅដ្ឋានតម្លៃសមរម្យដំបូងគេនៅកម្ពុជាមួយនេះ បានចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ ២០១៧ លើផ្ទៃដីទំហំ ៤៥ហិកតា ជាមួយទឹកប្រាក់វិនិយោគប្រមាណ ១០០ លានដុល្លារអាមេរិក។
អ្នកអភិវឌ្ឍន៍កាន់តែច្រើននឹងផ្តោតលើទីផ្សារលំនៅដ្ឋានប្រភេទទាបៗ។ តម្រូវការលំនៅដ្ឋានត្រូវបានគេរំពឹងថានឹងកើនឡើងគួរឱ្យកត់សម្គាល់ ខណៈពេលដែលសន្ទុះសេដ្ឋកិច្ចរីកចម្រើន ហើយប្រជាជនមានកម្រិតជីវភាពមធ្យម ដែលអ្នកមានលទ្ធភាពទិញផ្ទះក្នុងរាជធានីភ្នំពេញក៏ចាប់ផ្ដើមកើនឡើង។ បរិមាណនៃការលក់មានការកើនឡើង ដោយសារតែអ្នកទិញមានលទ្ធភាពកាន់តែច្រើន ហើយលក្ខខណ្ឌអប្បបរមាតម្រូវសម្រាប់អ្នកទិញ ក៏ត្រូវបានឆ្លើយតបដោយអ្នកអភិវឌ្ឍន៍លំនៅដ្ឋានប្រភេទទាបៗនេះ។ ទាំងនេះក៏បណ្ដាលមកពីផ្លូវជាយក្រុងជាច្រើនត្រូវបានសាងសង់ ដែលធ្វើឲ្យដីតម្លៃធូរថ្លៃទាំងនោះបានទាក់ទាញអ្នកទិញ និងអ្នកអភិវឌ្ឍន៍លំនៅដ្ឋានប្រភេទទាបៗ។ ប្រសិនបើការសាងសង់លំនៅដ្ឋានតម្លៃសមរម្យទាំងនោះមិនអាចធ្វើទៅរួច ក្រុមអ្នកវិនិយោគច្បាស់ជានៅតែក្រាញននៀលដណ្ដើមផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនក្នុងស្រុក ចំពោះលំនៅដ្ឋានកម្ពស់ខ្ពស់ គឺខុនដូជាក់ជាមិនខាន។ ចុងបញ្ចប់ ការប្រកួតប្រជែងនឹងនៅតែបន្ត ហើយមានតែអ្នកអភិវឌ្ឍន៍ដែលអាចសង់លំនៅដ្ឋានឲ្យអ្នកទិញចាប់អារម្មណ៍ប៉ុណ្ណោះ ទើបអាចលក់បាន៕



- Video Advertisement -