ការកើនឡើងនៃសាលាអន្តរជាតិក្នុងរាជធានីភ្នំពេញ
ដោយលោក Eric Wong Chon Lap
ចំនួនសាលាអន្តរជាតិនៅក្នុងរាជធានីភ្នំពេញដែលមានក្នុងពេលបច្ចុប្បន្ននេះ បានធ្វើឲ្យទីក្រុងមួយនេះមានគ្រឹះស្ថានអប់រំអន្តរជាតិច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដោយសារសាលាអន្តរជាតិដែលមានការទទួលស្គាល់បែបនេះមានចំនួនច្រើនជាងពេលណាៗទាំងអស់។ នេះគឺជាការឆ្លើយតបទៅនឹងកំណើនតម្រូវការរបស់ឪពុកម្ដាយកម្ពុជាកាន់តែច្រើនឡើង ដែលចង់ស្វែងរកបរិយាកាសអប់រំចម្រុះជាតិសាសន៍ និងជាពិសេស ជ្រើសរើសសាលាល្អបំផុតសម្រាប់កូនៗពួកគេ។ ក្រៅពីមានតម្រូវការសម្រាប់ប្រជាជនក្នុងស្រុក ក៏មានដែរនូវសិស្សមកពីគ្រួសារជនបរទេសរស់នៅស្រុកខ្មែរ ព្រោះតែថ្លៃសិក្សាទាប និង ការរស់នៅចំណាយតិច។
ដោយសារការអប់រំជាភាសាអង់គ្លេសមានតម្រូវខ្ពស់ គេសង្កេតឃើញថាសាលាអន្តរជាតិកាន់តែច្រើនឡើងត្រូវបានសាងសង់ឡើង ហើយភាគច្រើននៃសាលារៀនទាំងនោះត្រូវបានបង្កើតឡើងក្នុងគម្រោងអភិវឌ្ឍលំនៅឋានតែម្តង។ ជាក់ស្តែង សាលាអន្តរជាតិកាណាដាភ្នំពេញ (CIS) នៅកោះពេជ្រ និង សាលាអន្តរជាតិណតប្រ៊ីដកម្ពុជា ដែលស្ថិតនៅសហគមន៍ណតប្រ៊ីដ ជាការផ្ដល់ឲ្យនូវជីវិតរស់នៅបែបស៊ីវិល័យ ដែលមានគ្រប់យ៉ាងក្នុងកន្លែងតែមួយ។ នៅពេលអនាគត អ្នកអភិវឌ្ឍឃើញសក្ដានុពលនៃសាលាអន្តរជាតិថាជាធាតុសំខាន់ដើម្បីទាក់ទាញអ្នកទិញឲ្យចាប់អារម្មណ៍គម្រោងលំនៅឋានពួកគេ។ ជាងនេះទៅទៀត គម្រោងអភិវឌ្ឍន៍របស់ពួកគេក៏កាន់តែមានតម្លៃ ហើយធ្វើឲ្យតម្លៃដី និង អចលនទ្រព្យនៅតំបន់ក្បែរៗនោះមានតម្លៃទៅតាមហ្នឹងដែរ។
កន្លងមក យើងឃើញថាសាលា CIS ទទួលបាននូវភាពជោគជ័យ។ ចាប់តាំងពីបើកសាលាមត្តេយ្យរបស់ពួកគេនៅឆ្នាំ ២០១២ ហើយបានពង្រីកអគារកណ្ដាលរបស់ខ្លួននៅលើកោះពេជ្រនៅឆ្នាំ ២០១៥ ហើយបន្តបើកសាលាមត្តេយ្យទី២បន្ថែមទៀតកាលពីឆ្នាំ ២០១៦នៅទួលគោក។ CIS ក៏នឹងប្តូរទីតាំងពីទួលគោកទៅឱ្យកាន់តែកៀកអូឡាំព្យ៉ាដែលនឹងបញ្ចប់ការសាងសង់នាពេលថ្មីខាងមុខនេះ។ លើសពីនេះ សាលាអន្តរជាតិសៅប្រ៊ីដ (Southbridge) នៅក្នុងបរិវេណបុរីប៉េង ហូត បឹងស្នោ ក៏បានផ្តល់ជូននូវប្រព័ន្ធអប់រំលំដាប់ពិភពលោក តម្លៃសមរម្យ សម្រាប់សិស្សចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៩ ។ សាលាក៏មានគម្រោងបញ្ចប់ការសាងសង់អគារសិក្សាបន្ថែមរបស់ពួកគេ ដែលអាចទទួលសិស្សដល់ទៅជាង ១៥០០នាក់ ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២ ។ កម្មវិធីសិក្សានៅសាលាអន្តរជាតិទាំងនេះ ភាគច្រើនបង្រៀនដោយគ្រូបរទេសនិយាយភាសាអង់គ្លេស ជាគ្រូប្រកបដោយគុណភាព ហើយទីធ្លារបស់ពួកគេថ្មីនិងធំទូលាយបំពាក់នូវបរិក្ខារជាច្រើន រាប់តាំងពីបន្ទប់សំដែងសិល្បៈ អាងហែលទឹក សួនកុមារ បន្ទប់កុំព្យូទ័រ និង ថ្នាក់កីឡាជាដើម។ កម្មវិធីសិក្សាបន្ថែមផ្សេងទៀតនៅសាលាអន្តរជាតិទាំងនេះគួរឱ្យចាប់អារម្មណ៍ផងដែរ ពួកគេផ្តោតលើអក្សរសាស្ត្រ វិទ្យាសាស្ត្រ និង មុខវិជ្ជាសង្គម ក៏ដូចជា សិល្បៈ និង ការហែលទឹកជាដើម ដែលជាការសិក្សាអប់រំបញ្ចូលមុខវិជ្ជាសំខាន់ទាំងអស់ឲ្យសិស្សបានរៀន។
វ៉េសវ្យូ (Westview) ដែលទើបបើកដំណើរការកាលពីពេលថ្មីៗនេះ ជាសាលាអន្តរជាតិដែលមិនមែនវិនិយោគដោយក្រុមហ៊ុនអចលនទ្រព្យឡើយ។ ជាសាលាស្តង់ដាអន្តរជាតិ ពួកគេអនុញ្ញាតឱ្យសិស្សរបស់ខ្លួនដែលបញ្ចប់ការសិក្សាចូលរួមប្រកួតប្រជែងជុំវិញពិភពលោក ហើយកម្មវិធីសិក្សាថ្នាក់អនុវិទ្យាល័យអន្តរជាតិរបស់ពួកគេផ្អែកទៅលើស្តង់ដារអាមេរិក ឬ ហៅថា American Common Core Standards (ACCS) ជាស្តង់ដារនៃការអប់រំដែលទទួលស្គាល់ទូទាំងពិភពលោក។ សាលាក៏បញ្ចូលថ្នាក់ភាសាខ្មែរ ប្រវត្តិសាស្ត្រ និង មុខវិជ្ជាអរិយធម៌ ទៅក្នុងកម្មវិធីសិក្សារបស់ពួកគេពីថ្នាក់ទី៧ដល់ថ្នាក់ទី១២។
តទៅមុខ ទីផ្សារសាលាអន្តរជាតិក្នុងរាជធានីភ្នំពេញនឹងមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗ ដោយសារតែអ្នកអភិវឌ្ឍន៍អចលនទ្រព្យចាប់ផ្ដើមវិនិយោគទៅលើវិស័យនេះ។ ទោះបីគ្រប់សាលារៀនទាំងអស់មិនត្រូវបានវិនិយោគដោយអ្នកអភិវឌ្ឍអចលនទ្រព្យក៏ដោយ តែយើងអាចមើលឃើញថាសាលាអន្តរជាតិជាច្រើនទៀតស្ថិតនៅក្នុងបរិវេណលំនៅឋាន ឬ ជាផ្នែកមួយនៃការអភិវឌ្ឍន៍ចម្រុះនាពេលអនាគត ប្រសិនបើការវិនិយោគអចលនទ្រព្យទាំងនោះស្ថិតនៅលើទីតាំងដីធំទូលាយ ដែលអាចបង្កើតជាសហគមន៍លំនៅឋានដែលមានអ្វីៗគ្រប់យ៉ាងសម្រាប់មនុស្សគ្រប់គ្នា៕
- Video Advertisement -