ADB ថាឥណទានវិស័យអចលនទ្រព្យបង្កជាក្តីកង្វល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ីឬ ADB កាលពីពេលថ្មីៗនេះ បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងរង្វង់ ៧,០ ភាគរយនៅឆ្នាំ២០១៩ ក៏ប៉ុន្តែ កម្ពុជាគួរតែកាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុដែលកើតចេញពីការផ្តល់ឥណទានទៅលើវិស័យអចលនទ្រព្យ។

យោងតាមសេចក្តីប្រកាសព័ត៌មានចុះផ្សាយកាលពីពេលថ្មីៗនេះស្តីពីរបាយការណ៍សេដ្ឋកិច្ច បានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅតែត្រូវបានជំរុញដោយវិស័យចំនួន ៤ រួមមាន កាត់ដេរ ទេសចរណ៍ ពាណិជ្ជកម្ម និងសំណង់ ក៏ប៉ុន្តែ ជាមួយនឹងការផ្លាស់ប្តូរបរិយាកាសពាណិជ្ជកម្មសកល កម្ពុជាចាំបាច់ត្រូវផ្តោតលើយុទ្ធសាស្ត្រធ្វើពិពិធកម្ម។

អ្នកនាង Sunniya Durrani-Jamal នាយកប្រចាំកម្ពុជារបស់ ADB បានមានប្រសាសន៍ថា៖ «ការប្រែប្រួលនេះ តម្រូវឱ្យមានការកាត់បន្ថយហានិភ័យដែលបង្កឡើងដោយការផ្តល់ប្រាក់កម្ចីដល់វិស័យអចលនទ្រព្យហួសប្រមាណ ការអភិវឌ្ឍន៍កម្លាំងពលកម្មដែលមានជំនាញនិងផលិតភាពខ្ពស់បន្ថែមទៀត ដើម្បីឲ្យស្របតាមការកើនឡើងនៃប្រាក់ឈ្នួល និងទាក់ទាញការវិនិយោគដែលមានគុណភាពខ្ពស់ ដែលជាលទ្ធផល ត្រូវការអភិបាលកិច្ច និងស្ថាប័នដ៏រឹងមាំ»។

ការព្យាករណ៍នេះ គឺជាផ្នែកមួយនៃ «ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (អេឌីអូ) ឆ្នាំ ២០១៩» ដែលបានបង្ហាញថា ឥណទានដល់វិស័យឯកជនកើនឡើង ២៦,៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំគិតត្រឹមខែមិថុនា ឆ្នាំ ២០១៩ ខណៈការផ្តល់ប្រាក់កម្ចីសម្រាប់អចលនទ្រព្យកើនឡើង ៣៧,២ ភាគរយ ប្រាក់កម្ចីលំនៅដ្ឋានកើនឡើង ៣៩,៤ ភាគរយ និងកម្ចីសំណង់ ៣២,១ ភាគរយ។

យោងតាមតួលេខពី ការិយាល័យឥណទានកម្ពុជា (CBC) គិតត្រឹមខែមិថុនា ឆ្នាំ ២០១៩ សមតុល្យឥណទានលក្ខណៈបុគ្គល (ហិរញ្ញវត្ថុផ្ទាល់ខ្លួន ប័ណ្ណឥណទាន និងប្រាក់កម្ចីអចលនទ្រព្យ) មានចំនួនសរុបប្រមាណ ៧,១៨ ពាន់លានដុល្លារអាមេរិក ដោយប្រាក់កម្ចីអចលនទ្រព្យមានចំណែកប្រមាណជា ៤៧,៧៩ ភាគរយ ឬប្រមាណជា ៣,៤ ពាន់លានដុល្លារអាមេរិក។

របាយការណ៍នេះ ធ្វើឡើងនៅពេលដែល ការស្នើសុំកម្ចីអចលនទ្រព្យនៅកម្ពុជាក្នុងត្រីមាសទី ២ នៃ ឆ្នាំ២០១៩ នេះ បានធ្លាក់ចុះយ៉ាងគំហុកប្រមាណជាជិត ៤០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នានៃត្រីមាសមុន ជាពិសេស នៅតំបន់ឆ្នេរសមុទ្រដែលមានការធ្លាក់ចុះដល់ទៅ ៤៩ ភាគរយ។ (អានបន្ថែម)

របាយការណ៍បានបន្តថា៖ «ហានិភ័យខាងក្រៅចំពោះទស្សនវិស័យកំណើនក្នុងរយៈពេលដ៏ខ្លីគឺលទ្ធភាពដែលសហភាពអឺរ៉ុបនឹងផ្អាកមួយផ្នែក ឬពេញលេញនូវ ការអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ(EBA) … ហានិភ័យក្នុងស្រុក គឺការបន្តកើតឡើងពីឥណទានអចលនទ្រព្យ និងអាជីវកម្មដែលពាក់ព័ន្ធ។

- Video Advertisement -