សម្តេចតេជោហ៊ុនសែន៖ ទីក្រុងភ្នំពេញបានអភិវឌ្ឍពង្រីកផ្ទែក្រឡាខ្លួនដល់ទៅទ្វេដង

ជាមួយនឹងកំណើនសេដ្ឋកិច្ច និងសន្ទុះនៃការអភិវឌ្ឍន៍យ៉ាងខ្លាំងខ្លា រាជធានីភ្នំពេញបានធ្វើការអភិវឌ្ឍន៍ពង្រីកផ្ទៃក្រឡាខ្លួនរហូតដល់ទៅទ្វេដង នេះបើយោងតាមការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២៥ ខែតុលា ថា ភ្នំពេញបានអភិវឌ្ឍពង្រីកផ្ទៃក្រឡាខ្លួនទ្វេដង ដែលក្នុងនោះ បញ្ហាសំរាមគឺជារឿងចាំបាច់មួយដែលត្រូវដោះស្រាយស្របតាមការរីកច្រើននេះ។

បញ្ហាសំរាម គឺជាបញ្ហាចម្បងមួយក្នុងទីក្រុងភ្នំពេញ ហើយជាក់ស្តែងកន្លងមកមានការត្អូញត្អែរ និងការរិះគន់ពីប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងបញ្ហាការគ្រប់គ្រងសំរាម ហើយរដ្ឋាភិបាលបានឈានទៅធ្វើចំណាត់ការភ្លាមៗ ដោយដកហូតសិទិ្ធប្រមូលសំរាមពីក្រុមហ៊ុនស៊ីនទ្រី ជាបណ្តោះអាសន្នមុននឹងធ្វើការបើកឲ្យក្រុមហ៊ុនផ្សេងធ្វើការដេញថ្លៃបន្ត។

សម្តេចថ្លែងថា៖ «តែមួយក្រុមហ៊ុនមិនគ្រប់គ្រាន់ទេ ក្រុងភ្នំពេញពីមុននេះ មានតែជាង ៣០០គីឡូម៉ែត្រការ៉េ ឥឡូវនេះក្រុងភ្នំពេញរបស់យើងឡើងទៅដល់ជាង ៦០០ គីឡូម៉ែត្រការ៉េទៅហើយ»។

សម្តេចបញ្ជាក់ថា ក្រោយការដកហូតសិទិ្ធនេះ ក្រុមហ៊ុនស៊ីនទ្រីនឹងទទួលបានការប៉ះប៉ូវសមស្របនិងយុត្តិធម៌ ហើយធនធានរូបវន្ត និងធនធានមនុស្សទាំងអស់ របស់ក្រុមហ៊ុនបច្ចុប្បន្ន នឹងត្រូវដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាពរដ្ឋរយៈពេលបណ្តោះអាសន្នដើម្បីធានានិរន្តភាពនៃការសម្អាតទីក្រុង។

គួរបញ្ជាក់ថា ក្រៅពីបញ្ហាសំរាមកន្លងមក សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានមានប្រសាសន៍ថា ចំណតយានយន្តក៏ជាបញ្ហាចម្បងដែលរាជធានីភ្នំពេញកំពុងជួបប្រទះផងដែរ ស្របពេលដែលទីក្រុងនេះមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ក្នុងនោះ សម្តេច ក៏ជំរុញឲ្យមានការបង្កើតចំណតយានយន្តក្រោមដីគឺបន្ថែមទៀតផងដែរ។ (អានបន្ថែម)

- Video Advertisement -