សម្ដេចតេជោ៖ ស្នើក្រុមហ៊ុនអចលនទ្រព្យ ជួយពន្យារពេលបង់ថ្លៃទិញផ្ទះដល់កម្មករ

ជំងឺរលាកផ្លូវដង្ហើមដោយសារមេរោគកូរ៉ូណា ( Covid-19 ) បានបង្កជាបញ្ហា និងផលអវិជ្ជមានជាច្រើនដល់វិស័យសេដ្ឋកិច្ច និងអចលនទ្រព្យ ។ ឆ្លើយតបចំពោះបញ្ហានេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់ ក្រុមហ៊ុនអចលនទ្រព្យ ខាងលំនៅឋាន ជួយអនុគ្រោះ ដល់កម្មករ ដោយបន្ធូរបន្ថយលក្ខខណ្ឌ និងពន្យារពេលក្នុងការបង់ប្រាក់ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ។

សម្តេចបានស្នើដូចនេះ នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ ជាផ្លូវការ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ សម្តេច ដោយផ្តោតសំខាន់លើអតិថិជន ដែលកំពុងប្រឈមនឹងការព្យួរការងារ ដោយសារផលប៉ះពាល់ពីឥទ្ធិពលមេរោគកូរ៉ូណា ជាពិសេសស កម្មករ-កម្មការិនី និងអ្នកបម្រើការងារនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “សុំឱ្យម្ចាស់បុរី ឬម្ចាស់ផ្ទះ ដែលលក់ផ្ទះបង់រំលោះឱ្យកម្មករ និងអ្នកដែលមានការងារធ្វើនៅតាមសណ្ឋាគារនានា ឬតាមរោងចក្រនានាដែលត្រូវព្យួរការងារនេះ ពន្យារការបង់ កុំផ្ដាច់កុងត្រាក្នុងរយៈពេលហ្នឹង ព្រោះបើតាមដឹង កុងត្រាសម្រាប់បង់រំលោះនេះ កាលណា ពេលណាមួយមិនបានបង់ឱ្យគេក្នុងរយៈពេលប៉ុន្មាន គឺគេផ្ដាច់កុងត្រាតែម្ដង ហើយដេញយើងចុះពីផ្ទះ។ អញ្ចឹងទេ សុំឱ្យមានការយោគយល់ទៅលើបញ្ហានេះ” ។

ស្របតាមការចង់បានរបស់សម្តេច ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីអំពាវនាវមួយកាលពីថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០២០ ជូនចំពោះម្ចាស់អាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ សុំឱ្យជួយពិនិត្យលទ្ធភាពបន្ធូរបន្ថយលក្ខខណ្ឌនៃការបង់ប្រាក់ចំពោះការបង់ប្រាក់ទិញលំនៅឋាន និងសុំឱ្យបញ្ចុះតម្លៃផ្ទះក្នុងកម្រិតសមស្រប ដល់កម្មករកម្មការិនីរងគ្រោះផងដែរ។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានលើកឡើងពាក់ព័ន្ធនឹងករណីនេះ តាមវិទ្យុ បារាំង RFI ដែរថា “បងប្អូនកម្មករដែលបានជំពាក់លុយរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុជារឿងមួយផ្នែក តែការចងការឯកជនជារឿង មួយផ្នែកទៀត ជាក់ស្តែងលោកមិនទាន់ដឹងថា តើខាងឯកជនគាត់យល់យ៉ាងមិចទេ។”

លោកបានបន្តថា “ជាការពិតទៅ បងប្អូនកម្មករ កម្មការិនី មួយចំនួនធំ មិនមានឯកសារគ្រប់គ្រាន់ក្នុងការខ្ចី ពីធនាគារ ឬ មីក្រូហិរញ្ញវត្ថុទេ។ ដូចនេះ មានតែឯកជន សម្រាប់លោក នៅតែគិតថា អាចមានបញ្ហា។ មួយវិញទៀតដែរ ការបង់រំលោះផ្ទះ មានតិចនៅឡើយទេ ភាគច្រើន កម្មករ កម្មការិនី បង់ទៅលើដីឡូតិ៍ មានទាំងផ្លូវការ និង មិនផ្លូវការ ហើយខ្លះទៀតបង់ជាមួយក្រុមហ៊ុន ដូចនេះ មិនដឹងថា ខាងក្រុមហ៊ុនឯកភាពឬអត់។”

គេសង្កេតឃើញថា ចំពោះមុខភាពប្រឈមនៃវិបត្តិមេរោគ Covid-19 សម្ដេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវវិធានការបន្ទាន់ជាច្រើន ដើម្បីចូលរួមជួយសម្រួលដល់ទីផ្សារអចលនទ្រព្យ និងសំណង់ផងដែរ រាប់តាំងពី ការរួចផុតពីការបង់ពន្ធប្រថាប់ត្រា ក្នុងរយៈពេលពេញមួយឆ្នាំ សម្រាប់អចលនទ្រពក្រោម ៧ ម៉ឺនដុល្លាជាដើម៕ (អានបន្ថែម)

- Video Advertisement -