គម្រោងដំឡើងរោងចក្រផលិតដែក និងរោងចក្រអគ្គិសនី នឹងជំរុញការអភិវឌ្ឍខេត្តកោះកុងជាក្រុងវិស្សមកាលដ៏មានសក្តានុពល
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ កំពង់ផែទឹកជ្រៅតារាសាគរ រោងចក្រផលិតដែក និងរោងចក្រអគ្គិសនី កំពុងកែប្រែសម្រស់កោះកុង ខេត្តពណ៌បៃតងដ៏ល្បីឈ្មោះរបស់កម្ពុជា ឱ្យក្លាយទៅជាក្រុងវិស្សមកាលទេសចរណ៍ដ៏មានសក្តានុពលមួយទាំងក្នុងប្រទេស និងក្នុងតំបន់។
ក្រៅពីឮល្បីថា មានគម្រោងធំៗរួមមានព្រលានយន្តហោះ និងកសាងទីក្រុងតារាសាគរដោយវិនិយោគិនចិនធំៗរួចមក ពេលនេះ ខេត្តកោះកុង កំពុងរៀបចំសិក្សាលទ្ធភាពដំឡើងរោងចក្រផលិតដែក និងរោងចក្រអគ្គិសនីបន្ថែមទៀត។
កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២០ ថ្មីៗនេះ លោក ណឹម ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ និងអ្នកតំណាងក្រុមហ៊ុន Celestial បានចុះពិនិត្យទីតាំងស្ថិតក្នុងតំបន់ឧទ្យានជាតិបុទុមសាគរ ស្រុកគិរីសាគរ ខេត្តកោះកុង សម្រាប់គម្រោងវិនិយោគឧស្សាហកម្មធុនធ្ងន់ខាងលើ។
ជាលទ្ធផល ដីទំហំ ៨៣៦ ហិចតា ដែលស្ថិតក្នុងឃុំព្រែកខ្សាច់ និងទីតាំងមួយកន្លែងទៀតស្ថិតនៅតំបន់អតីតក្រុមហ៊ុនឋានសួគ៌ ត្រូវបានសិក្សាកំណត់ទំហំដីសម្រាប់សាងសង់ រោងចក្រផលិតដែក និងរោងចក្រអគ្គិសនី។
ចំណែកឯ ដីទំហំ ៤០០ ហិចតា ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ឧកញ៉ាលី យ៉ុងផាត់ ក៏ត្រូវបានសិក្សា និងកំណត់ដីស្របពេលគ្នានេះផងដែរ ដើម្បីអនុវត្តគម្រោងសាងសង់កំពង់ផែទឹកជ្រៅ។
គួរបញ្ជាក់ផងដែលថា ខេត្តកោះកុងជាខេត្តមួយដែលមានសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍ខ្ពស់ ។ គម្រោងវិនិយោគធំៗ និងសំខាន់ៗ កំពុងពង្រីកខ្លួនបន្តិចម្តងៗ នៅក្នុងទឹកដីភាគនិរតីមួយនេះ។ គម្រោងស្តារឡើងវិញផ្លូវជាតិ ៤៨ ដោយជំនួយរដ្ឋាភិបាលកូរ៉េ គម្រោងកសាងផ្លូវជាតិលេខ ១០ ដែលទើបនឹងប្រកាសបើកការដ្ឋាន គម្រោងស្តារឡើងវិញអតីតអាកាសយានដ្ឋានកោះកុង ស្ថិតនៅក្នុងទីក្រុងខេមរភូមិន្ទ ព្រមទាំងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២០នេះ និងការអភិវឌ្ឍយ៉ាងសកម្មក្នុងតំបន់វិស្សមកាលទេសចរណ៍តារាសាគរ សុទ្ធតែជាសូចនាកររូបវន្តបញ្ជាក់ថា កោះកុង នឹងក្លាយតារាសេដ្ឋកិច្ចរះនាទិសនិរតី ក្នុងអនាគតដ៏ខ្លីខាងមុខជាក់ជាពុំខាន៕ (អានបន្ថែម) និង (បន្ថែមទៀត)



ផែនទីឃុំព្រែកខ្សាច់ (រូបថត៖ រដ្ឋបាលខេត្តកោះកុង)
គណៈកម្មការចុះពិនិត្យទីតាំងសាងសង់រោងចក្រផលិតដែក (រូបថត៖ រដ្ឋបាលខេត្តកោះកុង)
គណៈកម្មការចុះពិនិត្យទីតាំងសាងសង់រោងចក្រផលិតដែក (រូបថត៖ រដ្ឋបាលខេត្តកោះកុង)
គណៈកម្មការចុះពិនិត្យទីតាំងសាងសង់រោងចក្រផលិតដែក (រូបថត៖ រដ្ឋបាលខេត្តកោះកុង)
គណៈកម្មការចុះពិនិត្យទីតាំងសាងសង់រោងចក្រផលិតដែក (រូបថត៖ រដ្ឋបាលខេត្តកោះកុង)
- Video Advertisement -