រដ្ឋសភា៖ អនុម័តសេចក្តីព្រាងច្បាប់ចំនួន ៣ លើការអនុញ្ញាតសាងសង់រោងច្រកអគ្គិសនីធ្យូងថ្ម
រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ លើការធានាទូទាត់របស់រដ្ឋឱ្យក្រុមហ៊ុនចំនួនពីរ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប សម្រាប់គម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម ដែលមានអានុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង និងក្រុមហ៊ុន ហាន សេង ខូល ម៉ាញ លើគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ២៦៥ មេហ្កាវ៉ាត់ នៅខេត្តឧត្តរមានជ័យ និងគម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង ២៣០ គីឡូវ៉ុល ពីខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត។
ការអនុម័តលើសេចក្តីព្រាងច្បាប់នេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់រដ្ឋសភាជាតិ ក្រោមសំឡេងគាំទ្រ ១០៩ សំឡេង។
ដោយឡែក យោងតាមការប្រកាសរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បន្ថែមលើការសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល ដែលមានអានុភាព ៧០០ មេហ្គាវ៉ាត់នេះ សម្បទានអនុវត្តគម្រោងនេះ មានភ្ជាប់នឹងលក្ខខណ្ឌសំខាន់ៗបន្ថែមមួយចំនួន។ លក្ខខណ្ឌបន្ថែមទាំងនោះ មានដូចជា៖ សាងសង់ប្រព័ន្ធតភ្ជាប់អគ្គិសនី តង់ស្យុង ២៣០ គីឡូវ៉ុល ប្រវែង៥០គីឡូម៉ែត្រ ដោយតភ្ជាប់ពីរោងចក្រអនុស្ថានីយបុទុមសាគររបស់អគ្គិសនីកម្ពុជា សាងសង់ស្ពានដឹកជញ្ជូនធ្យូងថ្ម មាន ២ កំណាត់ ប្រវែងសរុប៦គីឡូម៉ែត្រ និងកន្លែងស្តុកធ្យូងថ្ម សាងសង់ផ្លូវចូលទីតាំងគម្រោង ប្រវែង៤០គីឡូម៉ែត្រ និងសាងសង់អនុស្ថានីយអគ្គិសនីរបស់រោងចក្រ។
ក្រៅពីនេះ សេចក្តីអនុម័តក៏តម្រូវឱ្យ ក្រុមហ៊ុនបន្ថែមបរិក្ខារសម្រាប់បញ្ចេញថាមពលទៅឱ្យអ្នកប្រើប្រាស់ក្នុងតំបន់ រួមមានប្រជាពលរដ្ឋ និងរោងចក្រ សហគ្រាស ឬតំបន់ឧស្សាហកម្ម ដែលអាចនឹងកើតមាននៅពេលអនាគតថែមទៀតផង។
សូមបញ្ជាក់ថា អគ្គិសនីកម្ពុជាធានា ទិញថាមពលពីគម្រោងរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មនៅខេត្តកោះកុងនេះ ក្នុងបរិមាណថាមពល ៨០% ក្នុង១ឆ្នាំ។ គម្រោងនេះប្រើទុនវិនិយោគសរុប ១, ៣ ពាន់លានដុល្លារអាមេរិក ដែលនឹងបង្កើតការងារ និងជីវភាពល្អប្រសើរសម្រាប់ប្រជាជនកម្ពុជាជាច្រើន ជាពិសេសសម្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្ទាល់៕

- Video Advertisement -