ដំណឹងចំពោះអតិថិជន៖ ច្បាប់ស្តីពីសំណង់ថ្មីរបស់កម្ពុជា

ច្បាប់ស្តីពីសំណង់ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១១៩/១៩ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងកំណត់គោលការណ៍ បទបញ្ជាបច្ចេកទេសសាងសង់វិធានការ នីតិវិធីសម្រាប់ការគ្រប់គ្រងវិស័យសំណង់នៅកម្ពុជា។ ច្បាប់នេះមានប្រសិទ្ធិភាពអនុវត្តចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។

អាជ្ញាធរមានសមត្ថកិច្ចដែលជាអ្នកគ្រប់គ្រងវិស័យសំណង់នៅកម្ពុជា គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC)។

បុគ្គលដែលមានវិជ្ជាជីវៈក្នុងវិស័យសំណង់ (ដូចជាស្ថាបត្យករ ឬវិស្វករ) ត្រូវតែចុះបញ្ជីនៅគណៈវិជ្ជាជីវៈពាក់ព័ន្ធ វិស័យសំណង់។ អ្នកប្រកបរបរវិជ្ជាជីវៈក្នុងវិស័យសំណង់ទាំងឡាយ ត្រូវបានអនុញ្ញាតឱ្យប្រកបរបរវិជ្ជាជីវៈក្នុងវិស័យសំណង់ដោយឯករាជ្យ គឺតម្រូវមានអាជ្ញាបណ្ណដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ចំពោះអ្នកប្រកបរបរវិជ្ជាជីវៈក្នុងវិស័យសំណង់ណាដែលដើរតួនាទីត្រឹមជាប្រធានបច្ចេកទេសក្នុងក្រុមហ៊ុនសំណង់ដែលមានអាជ្ញាប័ណ្ណអាជីវកម្មសាងសង់ត្រឹមត្រូវ គឺមិនតម្រូវឱ្យមានអាជ្ញាប័ណ្ណដែលផ្តល់ដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់នោះទេ។

រាល់សកម្មភាពអាជីវកម្មសំណង់ទាំងអស់ ត្រូវមានអាជ្ញាប័ណ្ណដែលផ្តល់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬលិខិតអនុញ្ញាតចេញដោយរដ្ឋបាលរាជធានី-ខេត្ត ដោយយោងទៅតាមប្រភេទនៃអាជីវកម្ម។ បុគ្គលណាដែលកាន់អាជ្ញាប័ណ្ណជាអ្នកមានវិជ្ជាជីវៈសំណង់ ឬអាជីវកម្មសំណង់ ត្រូវចុះកិច្ចសន្យាធនារ៉ាប់រងជាមួយក្រុមហ៊ុនធានារ៉ាប់រងដែលមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ហើយមានវិញ្ញាបនបត្រធានារ៉ាប់រងដើម្បីធានាអះអាងនូវការទទួលខុសត្រូវចំពោះអាជីវកម្ម ឬវិជ្ជាជីវៈរបស់ខ្លួន។

រាល់គម្រោងសាងសង់ទាំងអស់ត្រូវតែគោរពទៅតាមបទបញ្ញត្តិសុវត្ថិភាពអគ្គីភ័យ ដូចដែលបានកំណត់នៅក្នុងបទបញ្ញត្តិបច្ចេកទេសសំណង់ ហើយនឹងវិធានស្តីពីការការពារអគ្គីភ័យ នឹងពន្លត់អគ្គីភ័យ។

រាល់សម្ភារ ឧបករណ៍ និងផលិតផលសំណង់ទាំងអស់ ត្រូវបានតម្រូវដើម្បីធានាគុណភាពសំណង់ និងសុវត្ថិភាពអ្នកប្រើប្រាស់ ដោយមានការទទួលស្គាល់ ឬមានវិញ្ញាបនបត្របញ្ជាក់ស្របតាមបទបញ្ញត្តិនៃបច្ចេកទេសសំណង់ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬស្របតាមស្តង់ដារកម្ពុជាចេញដោយក្រុមប្រឹក្សាស្តង់ដារជាតិ ដោយមានម៉ាកសម្គាល់ស្តង់ដារកម្ពុជាបិទភ្ជាប់ជាមួយ ឬបោះពុម្ពភ្ជាប់ជាមួយផលិតផលទាំងអស់នោះ និងដោយមានអាជ្ញាប័ណ្ណប្រើប្រាស់ម៉ាកសម្គាល់ស្តង់ដារកម្ពុជាត្រឹមត្រូវ។ ផលិតកម្ម ការចែកចាយ ការនាំចូល ការលក់ ការផ្គត់ផ្គង់ ហើយការប្រើប្រាស់សម្ភារ ឧបករណ៍ និងផលិតផលសំណង់ ដោយគ្មានបិទភ្ជាប់ម៉ាកសម្គាល់ស្តង់ដារកម្ពុជា ឬគ្មានការទទួលស្គាល់ ឬវិញ្ញាបនបត្រគោរពទៅតាមបទបញ្ញត្តិបច្ចេកទេសសាងសង់នោះទេ គឺត្រូវបានហាមឃាត់ ប្រសិនបើសម្ភារ ឧបករណ៍ និងផលិតផលសំណង់នោះតម្រូវឱ្យមានម៉ាកសម្គាល់ស្តង់ដារកម្ពុជាបិទភ្ជាប់ ឬតម្រូវឱ្យមានទទួលស្គាល់ ស្របតាមវិញ្ញាបនបត្របញ្ជាក់ស្តីពីបញ្ញត្តិនៃបច្ចេកទេសអគារ។

គ្រប់ការងារសាងសង់ ឬការងាររុះរើទាំងអស់ តម្រូវឱ្យសុំការអនុញ្ញាតជាមុនពីអាជ្ញាធរមានសមត្ថកិច្ច។ អាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការដើម្បីបញ្ឈប់រាល់ការសាងសង់ ឬការរុះរើណាដែលគ្មានលិខិតអនុញ្ញាតសាងសង់ ប្រសិនបើការសាងសង់ ឬការរុះរើនោះទាមទារឱ្យមានការអនុញ្ញាត។

គ្រប់ឯកសារប្លង់ដែលប្រើប្រាស់សម្រាប់ការងារសាងសង់ ឬការងាររុះរើត្រូវតែចុះហត្ថលេខាទទួលខុសត្រូវដោយស្ថាបត្យករជាអ្នកដែលកាន់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតដែលផ្តល់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកសារប្លង់សម្រាប់ការងារសាងសង់ ឬការងាររុះរើសំណង់នីមួយៗ គឺតម្រូវឱ្យមានលិខិតអនុញ្ញាតដែលមានបញ្ជាក់ពីការអនុលោមតាមច្បាប់។

រាល់ការងារសាង់សង់ទាំងអស់ដែលទាមទារឱ្យមានលិខិតអនុញ្ញាតជាមុន មុននឹងអនុញ្ញាតឱ្យបើកការដ្ឋានសាងសង់។ ពេលដែលការដ្ឋានកំពុងដំណើរការ គ្រប់ការសាងសង់ ឬការរុះរើដែលតម្រូវមានលិខិតអនុញ្ញាត ត្រូវតែបានពិនិត្យ និងបានបញ្ជាក់ត្រឹមត្រូវ។

ការកាន់កាប់សំណង់គឺតម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុញ្ញាតដោយអាជ្ញាធរមានសមត្ថកិច្ចតាមរយៈវិញ្ញាបនបត្រប្រើប្រាស់សំណង់។ ម្ចាស់សំណង់ត្រូវដាក់ពាក្យស្នើសុំវិញ្ញាបនបត្រសំណង់មុនពេលកាន់កាប់ ឬប្រើប្រាស់។ បន្ថែមពីនេះ ក្នុងរយៈពេល២ឆ្នាំបន្ទាប់ពីច្បាប់នេះចូលជាធរមាន ម្ចាស់សំណង់ណាដែលបានសាងសង់ដោយគ្មានលិខិតអនុញ្ញាត ឬសាងសង់ល្មើសទៅនឹងលិខិតអនុញ្ញាតមុនច្បាប់នេះចូលជាធរមានត្រូវតែដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់សម្រាប់សំណង់របស់គាត់ពីអាជ្ញាធរមានសមត្ថកិច្ច ប្រសិនបើសំណង់នោះទាមទារឱ្យមានលិខិតអនុញ្ញាតសាងសង់។ អាជ្ញាធរមានសមត្ថកិច្ចនឹងផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់សម្រាប់សំណង់ណាដែលបានសាងសង់ដោយគ្មានលិខិតអនុញ្ញាត ឬសាងសង់ល្មើសទៅនឹងលិខិតអនុញ្ញាតមុនច្បាប់នេះចូលជាធរមាន ប្រសិនបើសំណង់នោះមិនបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ សាធារណៈជន និងសណ្តាប់ធ្នាប់សាធារណៈ។

សុវត្ថិភាព និងគុណភាពសំណង់ ត្រូវតែប្រព្រឹត្តទៅដោយអ្នកត្រួតពិនិត្យសំណង់ ឬមានការបញ្ជាក់ដោយអ្នកដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ច្បាប់សំណង់ ក៏ផ្តល់នូវតម្រូវការជាអប្បបរមាសម្រាប់ប្រការដែលមានចែងក្នុងកិច្ចសន្យាសាងសង់ ឬកិច្ចសន្យារុះរើ។ កិច្ចសន្យាសាងសង់ ឬកិច្ចសន្យារុះរើសម្រាប់អគារស្នាក់នៅឯកជន ដែលមានចែងប្រការរំលោភបំពានផ្ទុយពីច្បាប់សំណង់ ត្រូវចាត់ទុកជាមោឃៈភាព។ បន្ថែមពីនេះ គ្រប់ភាគីទាំងអស់នៃកិច្ចសន្យាសាងសង់ ឬរុះរើ អាចបង្កើតលក្ខខណ្ឌដែលធ្លាប់មានពីមុនលើកាតព្វកិច្ច ឬសិទ្ធិដែលកើតមានឡើងពីកិច្ចសន្យានោះ។

អ្នកម៉ៅការសាងសង់ ឬអ្នករុះរើសំណង់ ត្រូវមានសមត្ថភាពទទួលខុសត្រូវក្នុងការដ្ឋាន សម្រាប់ការងារ សាងសង់ ឬការងាររុះរើ ដែលជាកម្មវត្ថុនៃកិច្ចសន្យាសាងសង់ ឬរុះរើ ដើម្បីផ្តល់សំណងលើការខូចខាត ការបាត់របស់ទ្រព្យ របួសស្នាម ពិការ ឬការស្លាប់របស់កម្មករ ឬរបស់ភាគីទី៣។

ស្ថាបត្យករត្រូវតែទទួលខុសត្រូវសងសំណងលើការខូចខាតប៉ះពាល់ដល់អ្នកដទៃ ប្រសិនបើឯកសារប្លង់នៃសំណង់នោះមានវិការៈ លុះត្រាតែឯកសារប្លង់នោះគោរពទៅតាមបទបញ្ជាស្របទៅតាមបញ្ញត្តិដែលជាធរមាន។

ខណៈពេលដែលការសាងសង់ ឬការរុះរើកំពុងតែអនុវត្ត ម្ចាស់សំណង់ និងអ្នកសាងសង់ ឬអ្នករុះរើ ត្រូវតែចូលរួមទទួលខុសត្រូវរាលសំណងខូចខាតទាំងអស់ ក្នុងករណីដែលការសាងសង់ ឬការរុះរើ ឬការគ្រប់គ្រងការដ្ឋានសំណង់នោះមានវិការៈ។

អ្នកបញ្ជាក់ភាពត្រឹមត្រូវនៃសំណង់ ក៏ត្រូវទទួលខុសត្រូវការសងសំណងលើការខូចខាតដែលប៉ះពាល់អ្នកដទៃ ដោយសារតែវិការៈនៃការផ្តល់វិញ្ញាបនបត្ររបស់ខ្លួន។

ម្ចាស់សំណង់ អ្នកគ្រប់គ្រងការសាងសង់ ភតិកៈសំណង់ ត្រូវចូលរួមទាំងអស់គ្នាទទួលខុសត្រូវសងសំណងលើការខូចខាតដែលប៉ះពាល់ដល់អ្នកដទៃក្នុងករណីការកាន់កាប់ ឬការគ្រប់គ្រងមានវិការៈ។

អ្នកផលិតសំភារ ឧបករណ៍ និងផលិតផលសំណង់ ត្រូវទទួលខុសត្រូវសងសំណងលើការខូចខាតប៉ះពាល់ដល់អ្នកដទៃ ដែលបណ្តាលមកពីវិការៈនៃផលិតផលរបស់ខ្លួនផងដែរ។

ទណ្ឌកម្មនៅក្នុងច្បាប់នេះរួមមានការព្រមានជាលាយលក្ខណ៍អក្សរ ការព្យួរ ការដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រកបវិជ្ជាជីវៈសាងសង់ ឬការប្រកបអាជីវកម្ម ការដាក់ទណ្ឌកម្មជាអន្តរកាល ការហាមឃាត់ប្រឆាំងនឹងការប្រកបវិជ្ជាជីវៈសាងសង់ ការរុះរើ និង/ឬការសាងសង់ឱ្យដូចសភាពដើមឡើងវិញដោយការបង្ខំ ការពិន័យ និងការឃុំឃាំង។


 

ប្រវត្តិអ្នកនិពន្ធ

លោក យ៉ឹម យ៉ាត់ថារ័ត្ន ជាជំនួយការមេធាវីជាន់ខ្ពស់នៅក្រុមហ៊ុន  Sciaroni & Associates។ គាត់ផ្តល់ជំនួយផ្នែកច្បាប់ទៅកាន់ក្រុមអ្នកច្បាប់ក្នុងវិស័យជាច្រើន រួមមានច្បាប់អចលនទ្រព្យ និងច្បាប់ដីធ្លី។ គាត់បញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ពីរ ជំនាញនីតិអន្តរជាតិ និងនីតិប្រៀបធៀបពីសកលវិទ្យាល័យ  Lumière Lyon 2 និងសាកលវិទ្យាល័យភូមិនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបរិញ្ញាបត្រពីរ ពីសាកលវិទ្យាល័យទាំងពីរផងដែរ។ លោកអាចនិយាយភាសាខ្មែរ ភាសាអង់គ្លេស និងភាសាបារាំងយ៉ាងស្ទាត់ជំនាញ។

 

 

 


ប្រែសម្រួលក្រៅផ្លូវការចេញពីអត្ថបទជាភាសាអង់គ្លេសដោយ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ

អ្នកប្រែសម្រួល លោក វ៉ាន់ សុវណ្ណឌី

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]