ផ្លូវជាតិលេខ៣ សម្រេចការស្ថាបនាបាន ៦៧% គ្រោងនឹងបញ្ចប់ឆ្នាំ ២០២២

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣ តភ្ជាប់រាជធានីភ្នំពេញ ទៅខេត្តកំពត សម្រេចបាន ៦៧ភាគរយហើយ គិតត្រឹមចុងខែមីនា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២២ ខាងមុខ យោងតាមសេចក្តីជូនដំណឹងពីក្រសួងសាធារណៈការ និងដឹកជញ្ជូន។

គួររម្លឹកថា គម្រោងកែលម្អគុណភាពផ្លូវនេះ បានចាប់ផ្តើមការដ្ឋានសាងសង់ចាប់ពីកាលថ្ងៃចន្ទ ទី៧ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន។

តាមរយៈផ្លូវជាតិលេខ៣នេះ តំបន់ទេសចរណ៍ ធម្មជាតិ និងតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា ត្រូវបានតភ្ជាប់ទៅរាជធានីភ្នំពេញដែលជាបេះដូងប្រទេស។ លក្ខណៈអំណោយផលភូមិសាស្ត្រនៅកៀកកិតនឹងរាជធានីនេះ ពេលកែលម្អរួចរាល់ហើយ ផ្លូវនេះ នឹងចូលរួមចំណែកច្រើនដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញផលិតផល ពិសេសការដឹកជញ្ជូនអំបិលពីខេត្តកំពតទៅកាន់ខេត្តផ្សេងៗ និងសម្រាប់វិស័យទេសចរណ៍ធ្វើដំណើរទៅកាន់ភូមិភាគទិសនារតីនៃតំបន់សមុទ្រកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់អំពីសារៈប្រយោជន៍នៃកំណាត់ផ្លូវនេះថា “នៅពេលដែលផ្លូវជាតិលេខ៣នេះ បានសាងសង់រួចហើយ បងប្អូនប្រជាពលរដ្ឋធ្វើដំណើរនឹងចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗបានច្រើន។ តាមរយៈផ្លូវជាតិលេខ៣នេះ បើមានបងប្អូនប្រជាពលរដ្ឋចង់ធ្វើដំណើរទៅលេងកំពង់សោម ក៏អាចធ្វើ ដំណើររតាមផ្លូវជាតិនេះបានផងដែរ។ ហើយចំពោះបងប្អូនប្រជាពលរដ្ឋប្រកបមុខរបរតាមផ្លូវជាតិលេខ៣ ក៏កាន់តែងាយស្រួលរកចំណូលបានច្រើនថែមទៀត។”

គេសង្កេតឃើញថា ទោះបីជាបញ្ហាជំងឺកូវីដ១៩កំពុងរាតត្បាតក៏ដោយ ក៏សកម្មភាពសាងសង់កំណាត់ផ្លូវជាតិលេខ៣នេះនៅតែបន្ត។ ទោះយ៉ាងណាក្តី ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានលើកឡើងថា ”សូមប្រជាពលរដ្ឋមេត្តាអធ្យាស្រ័យចំពោះផលប៉ះពាល់ និងការរំខាននានា ដែលកើតឡើងអំឡុងសាងសង់នេះ។ ក្រសួងនឹង យកចិត្តទុកដាក់តាមដាន និងជំរុញឱ្យក្រុមហ៊ុនសាងសង់ ធ្វើការស្រោចទឹកលើដងផ្លូវជាប្រចាំ ជាពិសេសក្នុងតំបន់ទីប្រជុំជន ដើម្បីកាត់បន្ថយផលប៉ះពាល់ (ដីហុយ) ទៅលើបរិស្ថាន និងសុខភាព។”

កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) មានប្រវែងសរុប១៣៤,៧៩៦គីឡូម៉ែត្រ ដោយក្នុងនោះ ប្រវែង៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅ ដល់បែកគុស ត្រូវសាងសង់ជាផ្លូវ ៤គន្លង និងចាប់ពីបែកគូស ដល់ទីរួមខេត្តកំពត ប្រវែង ៦៥,៧៩៦ គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ ២គន្លង ដោយក្រាលបេតុងកៅស៊ូ (AC)។

គម្រោងសាងសង់នេះ ចំណាយទឹកប្រាក់ប្រមាណជាង ២១៩ លានដុល្លារអាមេរិក ប្រតិបត្តិការដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និងត្រូវបានត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនបច្ចេកទេសសំណង់ក្វាងចូវ វ៉ានអាន ដែលនឹងចំណាយរយៈពេលសាងសង់ ៤៨ ខែ ដើម្បីបញ្ចប់៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]