អ្នកជំនាញ៖ វិស័យសំណង់និងអចលនទ្រព្យនឹងមានសន្ទុះឡើងវិញនៅឆ្នាំក្រោយ
អ្នកជំនាញបានព្យាករថា ទីផ្សារវិស័យសំណង់ និងអចលនទ្រព្យនឹងមានសន្ទុះឡើងវិញក្នុងឆ្នាំ២០២១ ខណៈដែលទីផ្សារនៃវិស័យទាំងពីនេះមានការធ្លាក់ចុះជាបន្តបន្ទាប់ កាលពីចុងឆ្នាំ២០១៩ គួបផ្សំជាមួយការនៅនឹងថ្កល់ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារំាងអ៊ែអែហ្វអ៊ី (RFI) លោកបណ្ឌិត គី សេរីវឌ្ឍន៍ សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច និងជានាយកមជ្ឈមណ្ឌលរាជបណ្ឌិត្យសភាភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា៖ «ការឆ្លងនៃកូវីដមិនធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាទេ គ្រាន់តែវានឹងនៅនឹងថ្កល់ដូចឆ្នាំ២០០៩។ ហើយបន្ទាប់ពីបណ្ដាប្រទេសនៅលើពិភពលោកស្ដារសេដ្ឋកិច្ចឡើងវិញហើយ ខ្ញុំជឿថា នៅចុងឆ្នាំ ២០២០ ក្នុងត្រីមាសទី៣ ទី៤ នេះ សេដ្ឋកិច្ចប្រទេសកម្ពុជានឹងចាប់ផ្ដើមមានសន្ទុះជាបណ្ដើរៗ។»
លោកបានបន្តទៀតថា៖ «ចំពោះវិស័យសំណង់នឹងអចលនទ្រព្យ នៅមិនទាន់មានសន្ទុះត្រឡប់មកវិញក្នុងឆ្នាំនេះទេ ព្រោះវាមិនមែនជាទីផ្សារបន្ទាន់សម្រាប់កម្ពុជា។ តែវាអាចមានសន្ទុះឡើងវិញក្នុងឆ្នាំ ២០២១ ព្រោះវិស័យនេះ មានការជាប់គាំងតាំងពីមុនកូវីដម្ល៉េះ។ ចំពោះវិស័យសំណង់ មានការជាប់គាំងតាំងពីខែធ្នូ ២០១៩ មក ឯអចលនទ្រព្យ ធ្លាក់ចុះតាំងពីខែកញ្ញា ២០១៩ មកម្ល៉េះ។»
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកបណ្ឌិត គីម ហ៊ាង អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ប្រធានខេដាប់បឹលយូរខេមបូឌា និងជាអគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីសស្តែត បញ្ជាក់ថា ក្នុងកំឡុងពេលផ្ទុះជំងឺកូវីដ១៩ គឺជាពេលវេលាល្អក្នុងការវិនិយោគទុកសម្រាប់ឆ្នាំក្រោយៗ។ លោកបានថ្លែងដូច្នេះ ក្នុងបទសម្ពាសន៍ស្តីអំពី «វិស័យដីធ្លីកម្ពុជាក្រោយផ្ទុះជំងឺកូវីដ១៩ និងការលើកលែងពន្ធប្រថាប់ត្រា» ។

លោកនិយាយថា៖ «មនុស្សជាច្រើនផ្អាកការសាងសង់ ផ្អាកការទិញលក់។… ការណ៍នេះ នឹងបណ្តាលឱ្យមានឱកាសល្អក្នុងការវិនិយោគ…ជាងក៏សម្បូរ កម្មករក៏សម្បូរ គ្រឿងសំណង់ក៏ចុះថ្លៃ ហើយពេលយើងសុំច្បាប់អីងាយជាងមុន ថ្លៃដើមតិចជាងមុន។ តាម៉ាឆ្នាំទៀត ជំងឺហ្នឹងដោះស្រាយចេញ យើងលក់បានថ្លៃ ចំណេញច្រើន។»
លោកក៏បានសំណូមពរថា៖ «អ្នកដែលមានលុយ ត្រៀមលុយចាំដើរទិញ ព្រោះនៅពេលដែលមនុស្សច្រើនចង់លក់ ហើយមានអ្នកចង់ទិញ លុយនឹងវាដើរហើយ។ ចឹងបានលុយ ៣លាន ៥លានវាមានសកម្មភាព ចឹងសេដ្ឋកិច្ចយើងអត់មានបញ្ហាទេ។ សុំអ្នកមានលុយប្រើលុយទៅទិញទៅ ព្រោះពេលឥឡូវជាពេលគួរទិញ ហើយតម្លៃល្អ។ ដីធ្លីទីតាំងល្អៗចាប់ផ្តើមរកលក់បណ្តើរៗហើយ។ នៅពេលដែលមនុស្សម្នាក់ៗ គឺមិនទិញមិនលក់ហ្មង អាហ្នឹងគឺជាបញ្ហាដែលយើងបារម្ភ។»
ទន្ទឹមនឹងនេះដែរ ធនាគារពិភពលោក ព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះប្រមាណ ២,៥ភាគរយនៅដើមឆ្នាំ ២០២០ ប៉ុន្តែនឹងងើបឡើងវិញដល់ ៥,៩ ភាគរយ ក្នុងអំឡុងឆ្នាំ ២០២១ ដោយសារតែការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច និងទីផ្សារសំខាន់ៗនៅក្នុងប្រទេសចិន ដែលជះឥទ្ធិពលដល់សកម្មភាពរីកចម្រើនឡើងនៃសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំក្រោយនេះ៕ (អានបន្ថែម)

