ធនាគារជាតិឱ្យស្ថាប័នហិរញ្ញវត្ថុទាំងអស់កុំរឹបអូសទ្រព្យសម្បត្តិកូនបំណុលក្នុងកំឡុងពេលរងវិបត្តិកូរ៉ូណា

អគ្គនាយករងត្រួតពិនិត្យទី ១ នៃធនាគារជាតិកម្ពុជា អំពាវនាវដល់ គ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុ ជៀសវាសការរឹបអូសទ្រព្យសម្បត្តិអតិថិជន (កូនបំណុល) ក្នុងកំឡុងពេលវិបត្តិសេដ្ឋកិច្ចកំពុងមានការថយចុះ ដោយសារផលប៉ះពាល់ពីមេរោគកូវីដ ( Covid-19 )។

យោងតាមសារព័ត៌មានក្នុងស្រុកមួយ បានចេញផ្សាយថា លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា បានស្នើសុំអោយ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សូមរក្សាភាពទនភ្លន់ដោះស្រាយបំណុល ជាមួយកូនបំណុលតាមការណែនាំ របស់ធនាគារជាតិនៃកម្ពុជា។ បន្ថែមពីនោះទៀតដែរ ក៏មានការអំពាវនាវ កុំអោយមានការរឹបអូសទ្រព្យបញ្ចាំ ដូចជា ផ្ទះសំបែងរបស់អតិថិជន ក្នុងកំឡុងពេលអតិថិជនមួយចំនួនកំពុងទទួលរងផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ១៩នេះ ។

ការអំពាវនាវនេះដែរ បានចេញផ្សាយក្រោយពី ធនាគារជាតិនៃកម្ពុជា ជាពិសេសដើម្បីសម្រាលបន្ទុកដល់អ្នកខ្ចីប្រាក់ដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណូលចម្បង និង មានការលំបាកក្នុងការទូទាត់សង។ ការអំពាវនាវនេះ ធ្វើឡើងក្រោយពេលដែលធនាគារជាតិ បានចេញនូវសារាចរណែនាំ កាលពីថ្ងៃទី ២៨ មីនា ២០២០ ស្តីពី “ឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលរងផលប៉ះពាល់ពីការរីករាលដាលរបស់វីរុសកូវីដ១៩” ក្នុងគោលបំណងរក្សាស្ថិរភាពហិរញ្ញវត្ថុ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច ។

ការរៀបចំឥណទានឡើងវិញនេះដែរ ធ្វើឡើងជាពិសេសសម្រាប់តែវិស័យអាទិភាពមួយចំនួន មានដូចជា៖ វិស័យទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ និង ភោជនីយដ្ឋាន ដោយរាប់បញ្ចូលទាំងចំណីអាហារ ភេសជ្ជៈ និង សេវាកម្មគាំទ្រ ផ្សេងៗ) វិស័យកាត់ដេរ (ដោយរាប់បញ្ចូលទាំងនិយោជិត) វិស័យសំណង់ (ចំពោះតែឥណទានសាងសង់ផ្ទះ ឬ ហាងដំបូង និង ឥណទានទិញផ្ទះដំបូង) វិស័យការដឹកជញ្ជូន (ជាពិសេសអ្នកបើកបរតាក់ស៊ី និង រ៉ឺម៉កកង់បី) និងវិស័យភស្តុភារ៕

- Video Advertisement -