ផលប៉ះពាល់របស់ កូវីដ១៩ មកលើកិច្ចសន្យាសាងសង់នៅក្នុងប្រទេសកម្ពុជា
ចម្ងល់ និងភាពមិនច្បាស់លាស់ជាច្រើនពាក់ព័ន្ធនឹងផលប៉ះពាល់នៃជំងឺកូវីដ១៩ ដែលរីករាលដាលទូទាំងពិភពលោក មកលើកិច្ចសន្យាសាងសង់ក្នុងប្រទេសកម្ពុជា បានក្លាយជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ និងគួរឱ្យព្រួយបារម្ភពីសំណាក់ក្រុមហ៊ុនអចលនទ្រព្យ និងក្រុមហ៊ុនសំណង់ជាច្រើន តាំងពីមានការផ្ទុះឡើងនៃជំងឺនេះ។ ឥឡូវនេះ ភាគីក្នុងកិច្ចសន្យាសាងសាង់ កំពុងគិតគូរយ៉ាងម៉ត់ចត់ ថាតើស្ថានភាពនេះអាចចាត់ទុកជាព្រឹត្តិការណ៍ប្រធានសិក្តិបានដែរ ឬយ៉ាងណា។
កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ អង្គការសុខភាពពិភពលោកបានប្រកាសជាផ្លូវការថា ការផ្ទុះឡើងនៃជំងឺឆ្លងវីរុសកូរ៉ូណា២០១៩ (កូវីដ១៩) ជាជំងឺឆ្លងសកលលោក។
ដូចប្រទេសដទៃទូទាំងពិភពលោកដែរ ក្នុងប្រទេសកម្ពុជា ចំនួនអ្នកឆ្លងកូវីដ១៩ មានការកើនឡើងយ៉ាងឆាប់រហ័ស។ ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តវិធានការការពារ និងការដាក់កំហិតនានា ដើម្បីការពារការឆ្លងរីករាលដាល។ វិធានការទាំងនេះ រាប់បញ្ចូលទាំងការបិទសាលារៀន សាកលវិទ្យាល័យ គ្រឹះស្ថានបណ្តុះបណ្តាល រោងកុន សារៈមន្ទីរ សាលប្រគុំតន្ត្រី កន្លែងផឹកស៊ី និងកាស៊ីណូជាដើម។ល។
មិនទាន់មានការហាមឃាត់ឧស្សាហកម្មសំណង់ណាមួយនៅឡើយទេ ហើយការដ្ឋានសំណង់ក៏នៅតែដំណើរការជាធម្មតាដដែល។
ទោះបីជាយ៉ាងណាក៏ដោយ ជាក់ស្តែង ដោយសារវិស័យនេះមានលក្ខណៈផ្ទាល់ជាប់នឹងសេដ្ឋកិច្ច ទើបវាអាចរងឥទ្ធិពលដោយជៀសមិនរួច ពីផលប៉ះពាល់នៃវិបត្តិកូវីដ១៩នេះ។ ក្រុមហ៊ុនទាំងអស់ក្នុងប្រទេសកម្ពុជា មានកាតព្វកិច្ចធានាសុខភាព និងសុវត្ថិភាពបុគ្គលិក និងអ្នកដទៃទៀតនៅកន្លែងធ្វើការរបស់ខ្លួន។
ហេតុដូច្នេះ ការដាក់ចេញវិធានការ ដូចជា ចត្តាឡីស័ក (quarantines) ការនៅតែឯកឯង ការរក្សាគម្លាតសង្គម អាចធ្វើឱ្យអ្នកម៉ៅការពិបាកបញ្ចប់គម្រោងសាងសង់របស់ខ្លួន ឱ្យទាន់ពេល និងក្នុងទំហំទឹកប្រាក់ដែលបានឯកភាពគ្នា។
ពាក់ព័ន្ធនឹងបញ្ហានេះ ឥស្សរជនឆ្នើមៗក្នុងវិស័យឧស្សាហកម្មសំណង់នៅកម្ពុជា បានបង្ហាញពីក្តីបារម្ភរបស់ខ្លួន ពាក់ព័ន្ធនឹងស្ថានភាពប៉ះពាល់នៃមេរោគកូវីដ១៩នេះ និងចាប់អារម្មណ៍ចង់ដឹងថា តើវិបត្តិនេះអាចចាត់ទុកជាព្រឹត្តិការណ៍ប្រធានសក្តិបានដែរឬទេ។ បើពិតជាករណីប្រធានសក្តិមែន នោះពួកគេអាចទាមទារការពន្យារពេល អាចរួចខ្លួនការពិន័យជាប្រាក់លើការប្រគល់លទ្ធផលការងារយឺតពេល និងដែលរឹតតែពិសេសជាងនេះទៅទៀតនោះ គឺផ្អាកការអនុវត្តផ្នែកខ្លះ ឬទាំងអស់នៃកាតព្វកិច្ចក្នុងកិច្ចសន្យា។
ករណីប្រធានសក្តិ គឺមិនបានកំណត់យ៉ាងច្បាស់ដោយក្រមរដ្ឋប្បវេណីរបស់កម្ពុជាទេ។ ក្រមនេះ គ្រាន់តែខចែងខ្លះអំពីសិទ្ធិមួយចំនួន ដែលភាគីកិច្ចសន្យាអាចទាមទារដោយសារតែករណីប្រធានសក្តិ ដូចជាសិទ្ធិអ្នកជួលដី អាចទាមទារកាត់បន្ថយថ្លៃជួលបាន ក្នុងករណីមានប្រធានសក្តិ។
ទោះបីជាយ៉ាងនេះក៏ដោយ ច្បាប់ស្តីពីសំណង់ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១១៩/០១៩ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ឱ្យនិយមន័យប្រធានសក្តិថា ជាព្រឹត្តិការណ៍ដែលកើតឡើងផ្ទុយនឹងឆន្ទៈបុគ្គល ដែលមិនបានរំពឹងទុក និងមិនអាចទប់ទល់បាន។
ហេតុដូច្នេះ ដើម្បីអាចទាមទារសិទ្ធិការពារក្នុងករណីប្រធានសក្តិបាន យ៉ាងហោចណាស់ត្រូវបំពេញលក្ខខណ្ឌរួមគ្នាបី។ ភាគីក្នុងកិច្ចសន្យាសាងសង់ ត្រូវផ្តល់ភស្តុតាងថា ស្ថានភាពកូវីដ១៩ គឺ ១) មិនបានរំពឹងទុក ២) មិនអាចទប់ទល់បាន និង ៣) ហួសពីការគ្រប់គ្រង។
ត្បិតថា យើងមើលឃើញទាំងអស់គ្នាថា បញ្ហាកូវីដ១៩ គឺហួសសមត្ថភាពភាគីកិច្ចសន្យាអាចគ្រប់គ្រងបានមែនក៏ដោយ តែថា គេមិនអាចយកហេតុផលថា បញ្ហាកូវីដ១៩ គឺជាស្ថានភាពមិនបានរំពឹងទុក និងមិនអាចទប់ទល់បាន មកធ្វើជាអំណះអំណាងបានទេ។ ជាពិសេស ក្នុងករណីដែលការដ្ឋានសំណង់មិនបានបិទ ដែលជាលទ្ធផលក្រោយពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាឧទាហរណ៍ សម្រាប់កិច្ចសន្យាសាងសង់ណាដែលត្រូវបានចុះហត្ថលេខាក្នុងខែកុម្ភៈ ឬខែមីនា ឆ្នាំ២០២០ នេះ ភាគីមិនអាចដោះសារ ដោយសំអាងថា កូវីដ១៩ គឺជាករណីដែលមិនត្រូវបានគេរំពឹងទុកបានទេ ពីព្រោះ ភាគីទាំងអស់នៃកិច្ចសន្យា បានដឹងរួចហើយនូវបញ្ហាជំងឺឆ្លងនេះក្នុងពេលនោះរួចហើយ។
បន្ថែមលើនេះ កាលពីមុន តុលាការបរទេសបានពិចារណាថា ករណីជំងឺឆ្លង មិនអាចចាត់ទុកជាករណីប្រធានសក្តិបានទេ។ ក៏ប៉ុន្តែមានតុលាការខ្លះ មានសេចក្តីសម្រេចផ្ទុយពីនេះ ដោយយោងទៅលើនិយមន័យពាក្យថា “ប្រធានសក្តិ” ដែលមានកំណត់ក្នុងខចែង (មាត្រា) នៅក្នុងកិច្ចសន្យាផ្ទាល់តែម្តង។
បើតាមយើងធ្លាប់ដឹង យើងដូចជានៅមិនទាន់ឃើញមានការសម្រេចរបស់តុលាការកម្ពុជាណាមួយពាក់ព័ន្ធនឹងករណីស្រដៀងគ្នានេះនៅឡើយទេ។ អាស្រ័យហេតុនេះ បញ្ហាកូវីដ១៩ គួរតែត្រូវបានគេចាត់ទុកជាករណីប្រធានសិក្តិ ឬអត់ គឺអាស្រ័យលើឆន្ទានុសិទ្ធិរបស់ចៅក្រម ឬអាជ្ញាកណ្តាល។ ជាពិសេស អាស្រ័យលើកាលបរិច្ឆេទចុះហត្ថលេខានៃកិច្ចសន្យាសាងសង់នោះ មានចែងអំពីការសម្រេចការអនុវត្តការបិទទ្វារដោយបង្ខំឬអត់ និង/ឬអាស្រ័យលើនិយមន័យពាក្យថា “ប្រធានសក្តិ” ដែលមានកំណត់ក្នុងខចែង (មាត្រា) នៅក្នុងកិច្ចសន្យានោះជាក់ស្តែង។
មុនចូលជាធរមាននៃច្បាប់ស្តីពីសំណង់ ភាគីទាំងអស់មានសិទ្ធិកំណត់និយមន័យនៃពាក្យថា ប្រធានសក្តិ នៅក្នុងកិច្ចសន្យាសាងសង់របស់ខ្លួនបាន។ ថែមពីលើនេះ គេក៏អាចកំណត់ព្រឹត្តិការណ៍ដែលអាចចាត់ទុកជាករណីប្រធានសក្តិបាន ដូចជា គ្រោះមហន្តរាយធម្មជាតិ គ្រោះអគ្គីភ័យ ការធ្លាក់យន្តហោះ សង្គ្រាម បដិវត្តន៍ និងសកម្មភាពភារវកម្ម ជាដើម ។ល។
សរុបសេចក្តីមក ដើម្បីចាត់ទុកថា តើអ្នកម៉ៅការសំណង់ក្នុងកិច្ចសន្យាសាងសង់ អាចអះអាងសិទ្ធិការពាររបស់ខ្លួនពីករណីប្រធានសក្តិបាន គេនឹងចាំបាច់ត្រូវពិនិត្យមើលលើ៖
១) និយមន័យនៃប្រធានសក្តិ ដែលមានចែងក្នុងកិច្ចសន្យានោះ
២) ពេលវេលាអនុវត្តកិច្ចសន្យានោះ
៣) ប្រសិនបើលក្ខខណ្ឌដើម្បីទាមទារសិទ្ធិអះអាងចំពោះករណីប្រធានសក្តិនោះត្រូវបានបំពេញ
៤) ប្រសិនបើការដ្ឋានសំណង់បានបិទ តាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា និង
៥) ផលប៉ះពាល់របស់មេរោគកូវីដ១៩ មកលើគម្រោងសាងសង់ និងទំហំប៉ះពាល់ដែលមេរោគនេះបង្កផលលំបាកចំពោះភាគីកិច្ចសន្យាក្នុងការបំពេញការតព្វកិច្ចតាមកិច្ចសន្យារបស់ខ្លួន៕
អំពីអ្នកនិពន្ធ
លោក ឆាលីស អាម៉ារ ( Charles Amar ) មានបទពិសោធន៍ចាស់ទុំក្នុងវិស័យច្បាប់អចលនទ្រព្យ ជាពិសេសលោកចាប់អារម្មណ៍លើបញ្ហាពាក់ព័ន្ធនឹងការវិនិយោគអចលនទ្រព្យ គម្រោងអភិវឌ្ឍន៍ សំណង់ និងការគ្រប់គ្រងទ្រព្យសកម្មនានា។
ជាទូទៅ លោកតែងតែផ្តល់ប្រឹក្សាយោបល់ដល់អតិជនថ្នាក់ជាតិ និងអន្តរជាតិដែលស្នើសុំដំបូន្មាន និងដំណោះស្រាយបែបនវានុវត្តន៍លើកិច្ចការជំនួញសំខាន់ៗធំៗពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ មិនថាគម្រោងនោះបានសាងសង់រួចហើយ ឬកំពុងលើកគម្រោង។
សមត្ថភាព និងជំនាញរបស់លោក លោកអាចគ្រប់គ្រង់គម្រោងអចលនទ្រព្យគ្រប់បែបយ៉ាង ទោះជាប្រភេទគម្រោងអគារស្នាក់នៅ (បុរី ខុនដូ) អគារការិយាល័យធ្វើការ មជ្ឈមណ្ឌលផ្សារ សណ្ឋាគារ ឃ្លាំង រោងចក្រឧស្សាហកម្ម ឬក៏ជាកន្លែងចតឡាន ក៏ដោយ។
លោកឆាលីស ក៏ជាមេធាវីមួយរូបនៃគណៈមេធាវីប៉ារីស ( the Paris Bar ) អស់រយៈពេល១៥ឆ្នាំ មកហើយ។ លោកក៏មានតួនាទីជាសាស្ត្រាចារ្យខាងច្បាប់សំណង់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច នៅក្នុងទីក្រុងភ្នំពេញផងដែរ ។
លោក ឆាលីស អាម៉ារ ( Charles Amar ) ជាទីប្រឹក្សាពិគ្រោះយោបល់រួមជាមួយនឹង Sarin & Associates ដោយសហការជាមួយនឹងក្រុមហ៊ុនច្បាប់ DFDL។ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងលោកតាមអាសយដ្ឋានខាងក្រោម៖
ផ្លូវលេខ៣០ នៃមហាវិថីព្រះនរោត្តម អគារធនាគារ Bred Bank ជាន់ទី៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ(ប្រអប់សំបុត្រលេខ៧) រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ទូរស័ព្ទលេខ៖ T: +855 23 210 400 | M: +855 68 68 66 02
តាមរយៈអ៊ីម៉ែល: charles.amar@dfdl.com
វេបសាយ៖www.dfdl.com
ការបោះពុម្ពផ្សាយនេះ ធ្វើឡើក្នុងលក្ខណៈជាការផ្សាយព័ត៌មានសម្រាប់អ្នកអានតែប៉ុណ្ណោះ។ ម្យ៉ាងទៀត ការចេញផ្សាយព័ត៌មាននេះ ក៏មិនមានគោលបំណងធ្វើឡើងជាលក្ខណៈសិក្ខាលម្អិតបែបស្រាវជ្រាវក៏មិនមែនដែរ ព្រមទាំងមិនអាចមានសុពលភាព ជាការផ្តល់ប្រឹក្សាយោបល់ផ្អែកច្បាប់បានទេ។ អ្នក ត្រូវស្វែងរក ការប្រឹក្សាយោបល់ផ្ទាល់ សម្រាប់ស្ថានភាពជាក់ស្តែងផ្ទាល់ខ្លួន។
ព័ត៌មានក្នុងអត្ថបទនេះ គឺផ្តល់ជាការជូនដំណឹងតែប៉ុណ្ណោះ ហើយមិនមានគោលបំណងចាត់ទុកជា ការប្រឹក្សាយោបល់ផ្នែកច្បាប់ទេ។ ការប្រឹក្សាយោបល់ផ្នែកច្បាប់ គ្រប់ស្ថានភាពទាំងអស់ គួរធ្វើឡើងដោយទីប្រឹក្សាច្បាប់ដែលមានគុណសម្បទាត្រឹមត្រូវ។ លើកលែងមានការបញ្ជាក់ច្បាស់លាស់ ក្រៅពីនេះ លោក ឆាលីស អាម៉ារ ( Charles Amar ) ជាម្ចាស់សិទ្ធិអ្នកនិពន្ធនៃអត្ថបទនេះ។ ប្រសិនបើ លោកអ្នកចង់ ប្រើប្រាស់ ឬផលិតអត្ថបទនេះ ទាំងស្រុង ឡើងវិញ ឬផ្នែកខ្លះ លោកអ្នក ត្រូវតែសុំការយល់ព្រម ពីអ្នកនិពន្ធផ្ទាល់ ជាចាំបាច់៕
ប្រែសម្រួលជាភាសាខ្មែរក្រៅផ្លូវការដោយទស្សនាវដ្តីសំណង់និងអចលនទ្រព្យ
- Video Advertisement -