សង្កាត់ចំនួន ៤ នៅក្នុងក្រុងតាខ្មៅ នឹងត្រូវបានលើកលែងពន្ធលើអចលនទ្រព្យដល់ឆ្នាំ ២០២៣
សង្កាត់ចំនួន០៤ក្នុងក្រុងតាខ្មៅ នៃខេត្តកណ្តាលនឹងត្រូវលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ឆ្នាំ២០២៣ ក្នុងនោះរួមមានសង្កាត់ស្វាយរលំ សង្កាត់កោះអន្លង់ចិន សង្កាត់សិត្បូ និងសង្កាត់រកាខ្ពស់ ដែលបានកាត់មកពីស្រុកស្អាង និងស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល។ ការលើកលែងពន្ធក្នុងរយៈពេលនេះ គឺដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ដែលមានការលំបាកក្នុងការបង់ពន្ធលើកដំបូង នេះបើយោងតាមអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការលើកលែងពន្ធ គឺដោយសារតែពីមុនសង្កាត់ទាំង០៤ នេះ ស្ថិតក្រោមរដ្ឋបាលស្រុក ហេតុនេះអចលនទ្រព្យទំាងអស់មិនបានតម្រូវឱ្យបង់ពន្ធទេ។ ប៉ុន្តែក្រោយសង្កាត់ទាំង០៤នេះ បានកាត់ចូលមកក្រោមរដ្ឋបាលក្រុងតាខ្មៅនោះ អចលនទ្រព្យទាំងអស់ត្រូវបង់ពន្ធ។ នេះបើតាម ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពន្យល់ តាមរយៈប្រព័ន្ធWhatsApp ជាមួយទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ។
ឯកឧត្តមបានបន្ថែមថា “ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋក្នុងសង្កាត់ទាំង០៤ ក្រសួងបានសម្រេចដាក់ចេញប្រកាសលើកលែងពន្ធអចលនទ្រព្យរហូតដល់ឆ្នាំ២០២៣ ដើម្បីបង្រៀនពួកគាត់ឱ្យយល់ដឹងពីនីតិវិធីបង់ពន្ធ និងកាតព្វកិច្ចពន្ធដារជាមុនសិន។”
យោងតាមប្រកាសលេខ៣៤៧ សហវ.ប្រក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០២០ បញ្ជាក់ថា ម្ចាស់អលនទ្រព្យទាំងអស់ដែលស្ថិតក្នុងសង្កាត់ទាំង០៤នេះ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអចលនទ្រព្យនៅសាខាពន្ធដារខេត្តកណ្តាល ឬនៅនាយកដ្ឋានពន្ធដារចលនទ្រព្យ និងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ តែមិនចាំបាច់ដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យនោះទេ។
តាមប្រកាសនេះដដែល ប្រសិនបើអចលនទ្រព្យក្នុងសង្កាត់ទាំង០៤ ត្រូវបានបង់ពន្ធរួច នោះចំនួនប្រាក់ពន្ធដែលបានបង់រួចនោះ ត្រូវបានអនុញ្ញាតឱ្យធ្វើជាឥណទានយោងសម្រាប់យកទៅកាត់កងពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំជាប់ពន្ធបន្តបន្ទាប់។ ក៏ប៉ុន្តែ ម្ចាស់អចលនទ្រព្យត្រូវដាក់ពាក្យស្នើសុំឥណទានពន្ធលើអចលនទ្រព្យដែលបានបង់រួច នៅសាខាពន្ធដារខេត្តកណ្តាល ឬនៅអគ្គនាយកដ្ឋានពន្ធដារ សម្រាប់យកទៅកាត់កងពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំជាប់ពន្ធបន្តបន្ទាប់។
គួរបញ្ជាក់ថា ប្រកាសស្តីពី ការប្រមូលពន្ធលើអចលនទ្រព្យ លេខ ៤៩៣ សហវ.ប្រក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១០ បានកំណត់ថា អចលនទ្រព្យទាំងអស់ ដែលស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និងខេត្តនៃព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើអចលនទ្រព្យ។ ពន្ធនេះ ត្រូវប្រមូលចំពោះអចលនទ្រព្យ ដែលមានតម្លៃលើសពី ១០០. ០០០. ០០០ (មួយរយលាន) រៀល។ អចលនទ្រព្យ ដែលត្រូវជាប់កាតព្វកិច្ចពន្ធនេះ មិនបានរាប់បញ្ចូលដីធ្លីកសិកម្មទេ លើកលែងតែចំណែកនៃដីកសិកម្មនោះ ត្រូវបានយកមកសាងសង់ផ្ទះ អគារ ឬសំណង់ផ្សេងៗ ដែលមិនបម្រើផលប្រយោជន៍ឱ្យសកម្មភាពកសិកម្ម៕
Photo: opendevelopmentcambodia.net

- Video Advertisement -