គម្រោងចាក់ទំនប់សួន និងផ្លូវនៅជុំវិញបឹងសំរោង ត្រូវបានបង្អាក់ដោយសារការរារាំងពីជនមួយចំនួន
គម្រោងអភិវឌ្ឍន៍បឹងសំរោងជាសួន និងផ្លូវថ្មើរជើងជុំវិញបឹងដែលស្ថិតក្នុងខណ្ឌព្រែកព្នៅរបស់សាលារាជធានីភ្នំពេញ ត្រូវបានបង្អាក់ដោយសារប្រជាពលរដ្ឋមួយចំនួនបន្តរំលោភកាន់កាប់ផ្ទៃបឹង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី ៨ មេសា។
ដើម្បីរក្សាបានប្រព័ន្ធបង្ហូរទឹក និងផ្ទៃបឹង រដ្ឋបាលរាជធានី សម្រេចចាក់ទំនប់តាមព្រំបឹង ដើម្បីស្ថាបនាជាសួន និងផ្លូវថ្មើរជើងជុំវិញបឹងកាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០។ ក៏ប៉ុន្តែដោយមានករណី អ្នករឹងរូសបន្តរំលោភកាន់កាប់ផ្ទៃបឹង ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ រដ្ឋបាលខណ្ឌព្រែកព្នៅ ក៏បានចុះអនុវត្តវិធានការរដ្ឋបាលលចំពោះពួកគេ ដែលមិនព្រមឲ្យអាជ្ញាធរស្ថាបនាផ្លូវថ្មើរជើង ទោះបីអាជ្ញាធរបានជូនដំណឹងច្រើនលើកច្រើនសារក៏ដោយ។
លិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ «មុននឹងឈានដល់ការអនុវត្តវិធានការនេះ រដ្ឋបាលរាជធានីភ្នំពេញបានដោះស្រាយគោលនយោបាយជូនពលរដ្ឋ ដែលចិញ្ចឹមត្រីលើផ្ទៃបឹងសំរោងបានចំនួន ៣២២ គ្រួសារ ស្មើនឹង ៤២៦ ស៊ងចិញ្ចឹមត្រី ដែលចំណាយថវិកាអស់ជាង ៩៦០ លានរៀល ហើយពួកគាត់បានចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ។»
ជុំវិញការអនុវត្តវិធានការរដ្ឋបាលនេះ មានការចោទប្រកាន់ថា អាជ្ញាធរខណ្ឌវាយតប់ ចាប់ខ្លួនមនុស្សខុសច្បាប់ និងចោទប្រកាន់ផ្សេងៗ។ ក៏ប៉ុន្តែ រដ្ឋបាលរាជធានីភ្នំពេញបានអះអាងថា អាជ្ញាធរមិនបានប្រើហិង្សាលើអ្នករឹងរូសដែលបន្តកាន់កាប់ផ្ទៃបឹង និងមិនព្រមសហការដូចការចោទប្រកាន់ទេ។ ប៉ុន្តែគ្រាន់តែឃាត់ខ្លួនជនដែលបានរារាំងការអនុវត្តការងារមកអប់រំណែនាំ និងបានដោះលែងវិញ ដោយការយោគយល់បំផុត។
គួរបញ្ជាក់ផងដែលថា រដ្ឋាភិបាលកម្ពុជាបានកំណត់ផ្ទៃបឹងសំរោង ស្ថិតនៅក្នុង ឃុំសំរោង ស្រុកញាឮ ខេត្តកណ្តាលជាសម្បត្តិសាធារណៈរបស់រដ្ឋ។ នេះបើយោងតាម អនុក្រឹត្យលេខ ៦៥ អនក្រ.បក ចុះថ្ងៃទី០៩ មីនា ឆ្នាំ២០០៨។
ចំពោះគម្រោងស្ថាបនាផ្លូវថ្នើរជើង និងសួនសាធារណៈ ជុំវិញបឹងសំរោងនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញសិក្សាគម្រោងតាំងពីខែ ឧសភា ឆ្នាំ ២០១៩។

- Video Advertisement -