មជ្ឈមណ្ឌលជាតិជនពិការកម្ពុជាតម្លៃ ១០ លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៣
រដ្ឋាភិបាលកម្ពុជា គ្រោងនឹងបញ្ចប់ការសាងសង់មជ្ឈមណ្ឌលជាតិជនពិការកម្ពុជា តម្លៃ ១០ លានដុល្លារ ត្រឹមឆ្នាំ២០២៣។ មជ្ឈមណ្ឌលជាតិជនពិការថ្មីនេះ ស្ថាបនាឡើងស្របតាមស្តង់ដារអន្តរជាតិ ដើម្បីបម្រើសេវា ប្រកបទៅដោយគុណភាពខ្ពស់ ជូនដល់បងប្អូនជនពិការនៅកម្ពុជា ។
មជ្ឈមណ្ឌលជាតិជនពិការកម្ពុជានេះ នឹងសាងសង់លើផ្ទៃដីទំហំ ៦៥៥៣០ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ នាភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអតីតមណ្ឌលបន្ទាយព្រាប។
មជ្ឍមណ្ឌលនេះ មានលក្ខណៈពិសេសទាំងផ្នែករចនាបថរូបវន្ត និងការបំពាក់បរិក្ខារចម្រុះជាច្រើន ដូចជា៖អគារពាណិជ្ជកម្ម ទីចាត់ការ អគារដ្ឋបាល អគារស្តារនីតិសម្បទា ទីលានបាល់ទាត់ វេទិកា សាលមហោស្រព អាហារដ្ឋាន អគារស្នាក់នៅ អាងហែលទឹក រោងសិប្បកម្ម និង អគារដ្ឋបាល រោងចក្រ និង អគារការិយាល័យ សិប្បកម្មផលិតទឹកសុទ្ធ ស្រះទឹក និងសួនកុមារ ដែលសាងសង់ និងបំពាក់ទៅដោយបរិក្ខារ សុទ្ធតែមានស្តង់ដារគុណភាព និងស្តង់ដារសុវត្ថិភាពត្រឹមត្រូវ។
នៅក្នុងឱកាសចុះពិនិត្យដំណើរការគម្រោងសាងសង់ផ្ទាល់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ បានស្នើដល់ក្រុមហ៊ុនដែលទទួលការសាងសង់ ត្រូវសាងសង់សំណង់អគារឱ្យមានគុណភាពខ្ពស់ ធ្វើយ៉ាងណាអនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋាន និងស្តង់ដារ ដែលបានព្រមព្រៀងគ្នា ដើម្បីធានាគុណប្រយោជន៍ប្រើប្រាស់យូរអង្វែងក្នុងការ បម្រើឱ្យវិស័យពិការភាពនៅកម្ពុជា។
ជាការកត់សម្គាល់ នេះគឺជាគម្រោងជាប្រវត្តិសាស្ត្រមួយទៀត សម្រាប់វិស័យសង្គមកិច្ច នៅកម្ពុជា បន្ទាប់ពីសមិទ្ធផលមជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី និងមជ្ឈមណ្ឌល យុវនីតិសម្បទា ដែលស្ថិតនៅ ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល ដែលមានលក្ខណៈ ជាផ្នែកៗ ពោលគឺមិនមែនជា លក្ខណៈ ប្រមូលផ្តុំហើយក៏មិនមែនជាលក្ខណៈ ស្តង់ដារបែបនេះឡើយ។
គូរបញ្ជាក់ផងដែលថា ជនពិការកម្ពុជាមានចំនួនសរុប ៣០១.៦២៩ នាក់ ក្នុងនោះ ស្រ្តីជាជនពិការមានចំនួន ១៤៤.៦២២ នាក់។ នេះបើយើងតាមរបាយការណ៍ចន្លោះជំរឿនឆ្នាំ ២០១៣ របស់ក្រសួងផែនការ។




