រដ្ឋាភិបាលសម្រេចដោះដូរផ្ទៃបឹងតាមោក ទំហំ ៣0 ហិកតា ជាមួយនឹងទីតាំងដី៣កន្លែងផ្សេងទៀត
រដ្ឋាភិបាលសម្រេចដោះដូរផ្ទៃបឹងតាមោក ទំហំ ៣៤ ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជរាជធានីភ្នំពេញទៅឲ្យលោកស្រី គីម ហ៊ាង និងផ្ទៃដីដែលនៅទីតាំងដី៣កន្លែងផ្សេងៗគ្នាទៀត។
នេះបើយោងតាមលិខិតរបស់ទីស្តី ការគណៈរដ្ឋមន្ត្រីដែល ដែលបានផ្ញើរជូន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចុះហត្ថលេខា កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ កន្លងទៅ។
លិខិតនេះបានសម្រេចដោះដូរដី ក្នុងទំហំ៣០ហិកតា នៃផ្ទៃដីបឹងតាមោក ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងទីតាំងបីកន្លែងទៀតរួមមាន ផ្ទៃដីទំហំ ៣ហិកតា ដែលស្ថិតនៅខាងកើតវិមានឈ្នះ ឈ្នះ ក្នុងនោះដីទំហំ ២ហិកតា ស្ថិតនៅតំបន់ទីក្រុងរណបហ្គាឌិនស៊ីធី ព្រែកព្នៅ ខណ្ឌព្រែកព្នៅ និងដីអតីតទីលានចាក់សំរាម ស្ទឹង
មានជ័យទំហំ៤,៨ហិកតា ស្ថិតនៅខណ្ឌមានជ័យ ទៅឲ្យលោកស្រី គីម ហ៊ាង។ សេចក្តីសម្រេចនេះ ភ្ជាប់ជាមួយ ខចែងពីរ៖
១) ត្រូវដោះស្រាយគោលនយោបាយ ដល់អ្នកកាន់កាប់ផ្ទៃដីបឹងទំហំ៣០ហិកតា ដែលមានឯកសារកាន់កាប់ក្នុងតម្លៃ ៥ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
២) អនុញ្ញាតពន្ធជាបន្ទុករបស់រដ្ឋ និងលើកលែងសេវាអន្តរក្រសួងនានា ក្នុងការផ្ទេរកម្មសិទ្ធិទាំងអស់ខាងលើ។
សូមបញ្ជាក់ថា បឹងតាមោក ឬបឹងទំនប់កប់ស្រូវ មានផ្ទៃបឹងសរុប ទំហំ ៣២៣៩,៧ ហិកត។ បឹងនេះ ត្រូវបានរដ្ឋាភិបាល សម្រេចចេញអនុក្រឹត្យស្តីពីការកំណត់ផ្ទៃបឹងចំនួន ៣២៣៩ ហិចតា ដែលគ្របដណ្តប់បឹងតាមោឃទាំងមូល និងដីជុំវិញ ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ។
កាលពីឆ្នាំ ២០១៨ រាជរដ្ឋាភិបាលបានយល់ព្រម ជាគោលការណ៍យកដីចំនួន ២០ ហិកតា នៃបឹងតាមោឃ សាងសង់ផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្ត និងអនុញ្ញាតរើផ្សារបន្លែពីផ្សារដើមគរ ទៅផ្សារថ្មីនៅបឹងតាមោកវិញ តបតាមសំណើរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២ សីហា ឆ្នាំ២០១៨ ។
ថ្មីៗនេះ ផ្ទៃដីមួយចំណែកទៀត ទំហំ ៨៣ ហិកតា នៃតំបន់បឹងតាមោកនេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ជូនរដ្ឋបាលរាជធានីភ្នំពញ កាលពីថ្ងៃទី៥ ខែមីនាឆ្នាំ២០២០កន្លងទៅ ដើម្បីអភិវឌ្ឍសួន និងឧទ្យានធម្មជាតិសាធារណៈ ដែលរាប់បញ្ចូលគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាសំណង់អគារ និងគម្រោងសាងសង់នាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ របស់ក្រសួងមហាផ្ទៃផងដែរ៕ (អានបន្ថែម)
- Video Advertisement -