មកទល់បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ ទទួលបានការវិនិយោគរាប់រយគម្រោង តម្លៃជាង២០០លានដុល្លារ
ខេត្តកំពង់ស្ពឺ កន្លងមកបានទាក់ទាញគម្រោងវិនិយោគទុនធំៗ ជាច្រើនរាប់រយគម្រោង តម្លៃជាង២០០លានដុល្លារ ស្របពេលក្រុមហ៊ុនវិនិយោគថ្មីៗជាច្រើនគ្រោងនឹងមកបោះទុនបន្ថែមទៀតក្នុងខេត្តមួយនេះនាពេលខាងមុខ។
របាយការណ៍ស្តីពីវឌ្ឍនភាពខេត្តកំពង់ស្ពឺ បានបង្ហាញថា គម្រោងវិនិយោគចំនួន ១៨៨គម្រោងត្រូវបានអនុម័ត កាលពីឆ្នាំ២០១៩ ដោយមានផ្ទៃក្រឡាសំណង់សរុប ទំហំ ៧០ម៉ឺនម៉ែត្រការ៉េ។ គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុប ២១០លានដុល្លារ។
បើតាមរបាយការណ៍ដដែល ក្នុងចំណោមក្រោមហ៊ុនទាំងអស់ មានក្រុមហ៊ុនវិនិយោគធំៗ មានចំនួន៥ ក្នុងនោះ មានក្រុមហ៊ុន Great Field (Cambodia) International Limited ចំនួន ៩ពាន់ហិកតា ក្រុមហ៊ុន Yellow Field (Cambodia) International Limited ចំនួន៨ពាន់៥រយហិកតា ក្រុមហ៊ុន HLH Agriculture (Cambodia) Co Ltd ចំនួន ៩ពាន់៩រយ ហិកតា ក្រុមហ៊ុន កំពង់ស្ពឺ ស៊ូហ្គើរ មានផ្ទៃដីចំនួន ៤ពាន់៧រយ ហិកតា និងក្រុមហ៊ុន ៩៩ អភិវឌ្ឍន៍ កសិកម្ម ខូ អិលធីឌី មានផ្ទៃដី ចំនួន ១ពាន់៤រយហិកតា។
ចំណែកក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍វិស័យទេសចរណ៍តំបន់ធម្មជាតិមានចំនួនមាន៨ក្រុមហ៊ុន ដែលមានផ្ទៃដីសរុបជាង ៧០ហិកតា។
គម្រោងវិនិយោគចំនួន ២៩ ចេញដោយក្រសួង ២៩គម្រោងចេញដោយរដ្ឋបាលខេត្ត និងចេញដោយរដ្ឋបាលក្រុង ស្រុក ១២៥គម្រោង។
ក្រៅពីគម្រោងខាងលើនេះ អភិបាលខេត្តកំពង់ស្ពឺឯកឧត្តម វ៉ី សំណាង បានបង្ហើបឱ្យដឹងថា មានក្រុមហ៊ុនវិនិយោគនៅហុងកុង គ្រោងនឹងបង្កើតទីក្រុងរណប នៅខេត្តកំពង់ស្ពឺ ដោយឡែកចំពោះទីតាំងពិតប្រាកដនោះ អភិបាលខេត្តសុំមិនបញ្ជាក់ ការពារតម្លៃដីឡើងថ្លៃហួសកំណត់។ (អានបន្ថែម)
ឯកឧត្តម វ៉ី សំណាង មានប្រសាសន៍ថា រដ្ឋបាលខេត្តកំពុងទាក់ទាញក្រុមហ៊ុនវិនិយោគ ទាំងក្នុងស្រុក និងក្រៅប្រទេសមកវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺបន្ថែមទៀត ដើម្បីបង្កើតការងារធ្វើ និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
លោកថ្លែងថា៖ «យើងបានខិតខំផ្សព្វផ្សាយពីសក្កានុពលរបស់ខេត្តកំពង់ស្ពឺ ទាំងសុខសន្តិភាព និងមានផ្លូវជាតិច្រើន ជាពិសេសផ្លូវល្បឿនលឿនដើម្បីទាក់ទាញក្រុមហ៊ុនវិនិយោគថ្មីៗបន្ថែម»។
លោកបន្ថែមទៀតថា៖ «យើងខិតខំទាញអ្នកវិនិយោគ ដាក់នៅគងពិសី ដាក់នៅបរសេដ្ឋ ជាពិសេសដាក់នៅតាមផ្លូវជាតិលេខ៤៤។ ក្នុងដំណាក់កាលនៃជំងឺកូវីដ ក៏អត់មានអ្នកប្រកាសថាចុះចាញ់មិនបង្កើតរោងចក្រនៅកំពង់ស្ពឺដែរដោយសារគេជឿជាក់លើរដ្ឋាភិបាល…»។
- Video Advertisement -