ក្រសួងមហាផ្ទៃប្រកាសចាត់វិធានការធ្ងន់លើករណីទន្ទ្រានដីព្រៃក្នុងខេត្តមណ្ឌលគិរី

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងថ្មីមួយ ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ លើករណីកទន្ទ្រាន និងកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិខេត្តមណ្ឌលគិរី។ នេះបើយោងតាមសេចក្ដីសម្រេច ដោយក្រសួងមហាផ្ទៃកាលពទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ។

ប្រភពដដែលនេះបានឲ្យដឹងថា ក្រុមការងារអន្តរក្រសួងនេះ មានតួនាទីសំខាន់ គឺចុះសិក្សាស្រាវជ្រាវលើករណីនីមួយៗនៃការទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ តាមរបាយការណ៍របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ឲ្យបានជាក់ស្ដែង ក៏ដូចជាប្រមូលនូវឯកសារ និងភស្ដុតាងនានា ទាក់ទងនឹងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីដាក់ទោសតាមផ្លូវច្បាប់។

គួរបញ្ចាក់ផងដែរថា មកទល់បច្ចុប្បន្ន អភិបាលខេត្តមណ្ឌលគីរីបានដកហូតដីកាន់កាប់ខុសច្បាប់ជាង ២ពាន់ហិចតាហើយ ឱ្យមកជាសម្បត្តិរដ្ឋវិញ ដោយវិធានការណ៍នេះគឺត្រូវអនុវត្តស្មើភាពគ្នា មិនថាអ្នកតូចអ្នកធំទេ។ (អានបន្ថែម)

ទាក់ទិននឹងបញ្ហាដីធ្លីនេះដែរ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមខែកក្កដានេះ ក៏បានព្រមានថា សម្រាប់មន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋ គឺនឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត។ ហើយចំពោះប្លង់រឹងដែលបានធ្វើដោយអំពើឃុបឃិតទុច្ចរិត គឺនឹងរំលាយចោលវិញ។ (អានបន្ថែម)

គួរបញ្ជាក់ផងដែរ បច្ចុប្បន្ននេះ កម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៥៧ កន្លែង និងរបៀងអភិរក្សជីវៈចម្រុះចំនួន ៣ តំបន់ គ្របដណ្តប់លើផ្ទៃដីសរុបប្រមាណជាង ៧,២ លានហិកតា។ នេះបើយោងទៅតាម សេចក្តីប្រកាសពត៌មាន របស់ក្រសួងបរិស្ថានកាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០។

- Video Advertisement -