មន្ត្រីអន្តរក្រសួងជាង ៥០០ នាក់ចុះវាស់វែង និងរៀបចំផែនការប្រើប្រាស់ដីនៅមណ្ឌលគិរី
ក្រុមការងារអន្តរក្រសួងសរុប ៥៥០ នាក់ នៃក្រសួងចំនួនបី គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងបរិស្ថាន បានចុះវាស់វែង និងអនុវត្តផែនការប្រើប្រាស់ដីក្នុងខេត្តមណ្ឌលគិរី។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី ចុះថ្ងៃទី ២៨ កក្កដា ២០២០ នេះ។

តាមរយៈការវាស់វែងនេះ ក្រុមការងារក្រសួងក៏បានប្រើប្រាស់ឧបករណ៍ T 300 Plus GNSS ដែលជាឧបករណ៍អាចចាប់យកទិន្នន័យពីផ្កាយរណប និងប្រកបដោយភាពជាក់លាក់ខ្ពស់ ដើម្បីវាស់វែង និងប្រមូលទិន្នន័យដី ដែលប្រជាពលរដ្ឋកាន់កាប់ជាក់ស្ដែងក្នុងទីតាំងដីរដ្ឋ ចុះបញ្ជីដីប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងអាស្រ័យផលយូរមកហើយ និងដីសហគមន៍ជនជាតិដើមភាគតិចផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រុមការងារអន្តរក្រសួងថ្មីនេះត្រូវបាន សម្រេចបង្កើតឡើងដោយក្រសួងមហាផ្ទៃកាលពទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ លើករណីកទន្ទ្រាន និងកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិខេត្តមណ្ឌលគិរីនេះ។ (អានបន្ថែម)
មកទល់បច្ចុប្បន្ន អភិបាលខេត្តមណ្ឌលគីរីបានដកហូតដីកាន់កាប់ខុសច្បាប់ជាង ២ពាន់ហិចតាហើយ ឱ្យមកជាសម្បត្តិរដ្ឋវិញ ដោយវិធានការណ៍នេះគឺត្រូវអនុវត្តស្មើភាពគ្នា មិនថាអ្នកតូចអ្នកធំទេ។ (អានបន្ថែម)



