សម្តេច ហ៊ុន សែន អនុម័តកញ្ចប់ថវិកា ១៥០លានដុល្លារ កសាងផ្លូវ ៣៨ខ្សែក្នុងខេត្តសៀមរាប
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ៤ កញ្ញា នេះបានប្រកាសសម្រេចកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍កសាងផ្លូវចំនួន ៣៨ ខ្សែ នៅក្នុងទីរួមខេត្តសៀមរាប។
គម្រោងផ្លូវ ៣៨ ខ្សែ នេះមានប្រវែងសរុបប្រមាណ ៩៨,៣៤គ.ម ដែលត្រូវបានសិក្សាមួយរយៈហើយដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ផ្លូវទាំង ៣៨ នេះនឹងក្លាយជាបណ្តុំបណ្ដាញផ្លូវមេយ៉ាងប្រទាក់ក្រឡាក្នុងក្រុងសៀមរាប ដែលក្រសួងកំពុងជួសជុលកែលម្អឡើងវិញ។ (អានបន្ថែម)
យោងតាមសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោយសាងសង់រួច ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ ខ្សែ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយវិបត្តិកូវីដ ។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់នេះក្នុងពេលឆាប់នេះ ហើយសង្ឃឹមថានៅចុងឆ្នាំ ២០២១ កម្ពុជានឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយៈនេះ។
គួរបញ្ជាក់ផងដែរថា ខេត្តសៀមរាបគឺជាខេត្តសក្ដានុពលមួយដែលរដ្ឋាភិបាលបាន និងកំពុងអភិវឌ្ឍជាបន្តបន្ទាប់។ កាលពីខែកក្កដា កន្លងមកនេះ គម្រោងវិនិយោគធំៗ ចំនួន២០ ត្រូវបានស្នើក្នុងកិច្ចពិភាក្សាអន្តរក្រសួងស្ដីពីផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាបឆ្នាំ ២០២០-២០៣៥។ (អានបន្ថែម)


