អ្នកជំនាញបារម្ភថាផ្ទះតែមួយគ្មានពីររបស់លោក វណ្ណ ម៉ូលីវណ្ណ អាចត្រូវជំនួសដោយអគារខ្ពស់
រូបភាពដោយ៖ Courtesy-of-IPS-Cambodia
អ្នកជំនាញបានសម្តែងការព្រួយបារម្ភថា ផ្ទះកេរ្ដិ៍តែមួយគ្មានពីររបស់ស្ថាបត្យករខ្មែរដ៏ល្បីល្បាញ លោកតាវណ្ណ ម៉ូលីវណ្ណ អាចនឹងត្រូវជំនួសដោយអគារខ្ពស់ ដោយសារតែគ្មានច្បាប់អភិរក្សផ្ទះនេះជាបេតិកភណ្ឌ និងការកើនឡើងតម្លៃដីនៅទីតាំងនោះ។
យោងតាមអត្ថបទព័ត៌មានរបស់ Bloomberg CityLab កាលពីថ្ងៃទី ៩ ខែកញ្ញា បច្ចុប្បន្នផ្ទះរបស់ស្ថាបត្យករខ្មែរដ៏ល្បីល្បាញ លោកតាវណ្ណ ម៉ូលីវណ្ណ ត្រូវបានដាក់លក់ក្នុងតម្លៃ ៧ លានដុល្លារអាមេរិក។
ទោះបីជាកូនៗ របស់លោក វណ្ណ ម៉ូលីវណ្ណ បានបញ្ជាក់ថា ពួកគេនឹងលក់ឱ្យអ្នកទិញដែលមានគំនិតអភិរក្សប៉ុណ្ណោះ ប៉ុន្តែដោយសារមិនមានច្បាប់ណាមួយចែងឱ្យអភិរក្សផ្ទះនេះ អ្នកទិញអាចមានសិទ្ធិវាយចោល ហើយជំនួសជាអគារពាណិជ្ជកម្ម ឬផ្សារទំនើបថ្មី ដោយសេរី។
លោកស្រី Helen Grant Ross ស្ថាបត្យករជនជាតិអង់គ្លេស – បារាំង និងជាអតីតសាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានឱ្យដឹងថា៖ «តម្លៃដីដែលខ្ពស់ក្នុងទីតាំងរបស់ផ្ទះនោះ គឺសម្ពាធមួយដែលធ្វើឱ្យអ្នកទិញចង់ផ្លាស់ប្ដូរផ្ទះទៅជាអគារខ្ពស់»។
តម្លៃដីក្នុងខណ្ឌទីតាំងផ្ទះ កើនឡើងជាបន្ដបន្ទាប់ ពីប្រមាណត្រឹមតែ ៦០០ ដុល្លារ/ម៉ែត្រការ៉េ ក្នុងឆ្នាំ២០០៦ ដល់ឥឡូវគឺ ៦០០០ ដុល្លារក្នុងឆ្នាំ ២០២០។
យោងតាមប្រភពដដែល គំនិតនៃការដាក់ផ្ទះរបស់គាត់ចូលទៅក្នុងសារមន្ទីរ កន្លងមក មិនទទួលបានការគាំទ្រឬថវិកាណាមួយពីវិស័យសាធារណៈនិងឯកជនទេ ដែលធ្វើឱ្យផ្ទះកាន់តែងាយរងគ្រោះ។
ផ្ទះនេះ គឺស្ថាបត្យកម្មពិសេសប្លែកមួយដែលរួមបញ្ចូលគំនិតថ្មីៗជាមួយនឹងប្រពៃណីខ្មែរ។ លោកតាវណ្ណ ម៉ូលីវណ្ណ ធ្លាប់និយាយថាផ្ទះគឺជាឱកាសដើម្បីបង្ហាញគំនិត ដែលគាត់មិនហ៊ានប្រើកន្លែងផ្សេងទៀតទេ។
លោកស្រី Helen Grant Ross មានប្រសាសន៍ថា៖ «លោកតាវណ្ណ ម៉ូលីវណ្ណ ក្លាយជាវីរបុរសរបស់ប្រទេសជាតិ។ ថ្ងៃណាមួយនឹងមានការកោតសរសើរពីសំណង់របស់គាត់។ ក្រោយដឹងខ្លួនថាចង់រក្សាទុកផ្ទះរបស់គាត់ ខ្ញុំខ្លាចថាវានឹងយឺតពេល»។
លោកតាវណ្ណ ម៉ូលីវណ្ណ គឺជាស្ថាបត្យករដ៏ឆ្នើមម្នាក់នៅក្នុងប្រទេសកម្ពុជា ដែលមានស្នាដៃជាច្រើនរួមមាន វិមានឯករាជ្យ ទីស្តីការគណៈរដ្ឋមន្រ្តី មហោស្រពជាតិ វិទ្យាស្ថានភាសាបរទេស និងកីឡដ្ឋានជាតិ ជាដើម។


