វិភាគ៖ ជម្លោះអាមេរិក-ចិនទាក់ទងនឹងគម្រោងតារាសាគរ អាចបង្អាក់សក្ដានុពលវិនិយោគនៅកោះកុង

សេដ្ឋកិច្ចវិទូ អ្នកវិភាគ និងអ្នកជំនាញផ្នែកអចលនទ្រព្យបារម្ភថា ជម្លោះភូមិសាស្ត្រនយោបាយរវាងអាមេរិកនិងចិន ទាក់ទិននឹងគម្រោងអភិវឌ្ឍតារាសាគររបស់ក្រុមហ៊ុន Union Development Group (UDG) នៅខេត្តកោះកុង អាចជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគពីបរទេស (FDI) ក៏ដូចជាទីផ្សារអចលនទ្រព្យនៅកម្ពុជា ជាពិសេសខេត្តកោះកុង។

កាលពីថ្ងៃទី ១៥ ខែកញ្ញា កន្លងមកនេះ រតនាគារសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍ ដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន UDG ថាការអភិវឌ្ឍតំបន់វិស្សមកាលទេសចរណ៍តារាសាគរ តម្លៃជាង ៣ពាន់លានដុល្លារ នៅខេត្តកោះកុង ជាការរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តិអំពើពុករលួយយ៉ាងធ្ងន់ធ្ងរដោយផ្អែកលើច្បាប់ Global Magnitsky Human Rights Accountability Act។

សេចក្តីថ្លែងការណ៍នេះ បានចោទប្រកាន់ក្រុមហ៊ុន UDG ថាបានដុតបំផ្លាញផ្ទះអ្នកភូមិ និងប្រើប្រាស់មន្រ្តីកម្ពុជាដើម្បីរឹបអូសយកដីពីប្រជាជន។ សេចក្តីថ្លែងការណ៍នេះ ក៏បានបន្ថែមទៀតថា ប្រទេសចិនប្រើប្រាស់គម្រោងនេះ ដើម្បីជំរុញមហិច្ឆតាអំណាចរបស់ខ្លួននៅទូទាំងពិភពលោក។

ការដាក់ទណ្ឌកម្មនេះ នឹងរួមមានការបិទប្រតិបត្តិការហិរញ្ញវត្ថុ ការបិទមិនឱ្យផ្តល់ទំនិញ និងសេវាកម្មរបស់ក្រុមហ៊ុននេះ នៅសហរដ្ឋអាមេរិក។

ជាការឆ្លើយតប រដ្ឋាភិបាលកម្ពុជា (តាមរយៈសម្ដេច ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក្រុមបឹ្រក្សាអភិវឌ្ឍកម្ពុជា និងស្ថាប័នពាក់ព័ន្ធនានា) ស្ថានទូតចិនប្រចាំនៅកម្ពុជា ក៏ដូចជាក្រុមហ៊ុន UDG បានច្រានចោលការដាក់ទណ្ឌកម្មនេះ ដោយអះអាងថា រាល់នីតិវិធីវិនិយោគរបស់ UDG នៅកម្ពុជា ត្រូវបានធ្វើឡើងដោយស្របច្បាប់ ហើយទង្វើរបស់អាមេរិកនេះគឺជាមហិច្ឆតាភូមិសាស្ត្រនយោបាយ។

ដោយឡែក ក្រុមហ៊ុន UGD មិនបានចេញមកបកស្រាយជាសាធារណៈឡើយ ថាការដាក់ទណ្ឌកម្មនេះនឹងជះឥទ្ធិពលដល់វឌ្ឍនភាពនៃគម្រោងតារាសាគរនៅកម្ពុជាកម្រិតណា។

ទោះបីមិនទាន់មានភាពជាក់លាក់ណាមួយពីឥទ្ធិពលនៃការដាក់ទណ្ឌកម្មនេះមកលើកម្ពុជានៅឡើយ អ្នកវិភាគក្នុងស្រុកមួយចំនួន បានព្រួយបារម្ភថា ប្រទេសកម្ពុជាកំពុងក្លាយជាជនរងគ្រោះរវាងសង្រ្គាមរបស់ប្រទេសមហាអំណាចទាំង២។

អគ្គនាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត គិន ភា បានប្រាប់ខ្មែរថាមស៍ថា ការដាក់ទណ្ឌកម្មនេះគឺជាទង្វើមិនសមហេតុផលទេ។

ឯកឧត្តម បានមានប្រសាសន៍ថា ទោះបីទង្វើនេះ ផ្តោតលើសហគ្រាសចិនក៏ដោយ តែវាអាចនឹងជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគរបស់ប្រទេសកម្ពុជា។ បើអាមេរិកធ្វើបែបនេះ ទៅអនាគត តើក្រុមហ៊ុនចិនណាចង់មកវិនិយោគនៅកម្ពុជាទៀត ព្រោះខ្លាចក្លាយជាគោលដៅបន្ទាប់។

ឯកឧត្តមបានបន្ថែមទៀតថា ដំរីខ្លាវៃគ្នា មកងាប់ស្រមោចសង្អា។

លើសពីនេះ អ្នកវិភាគនយោបាយកម្ពុជា លោក លាភ ចន្ថាវី ក៏បារម្ភថា ទណ្ឌកម្មនេះនឹងធ្វើឱ្យប៉ះពាល់ដល់ ការវិនិយោគពីក្រៅស្រុក ឬ FDI ក៏ដូចជាជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) នៅកម្ពុជា ហើយរឹតតែធ្ងន់ធ្ងរជាងនេះ គឺចំពេលដែលមានការរីករាលដាលនៃជំងឺកូវីដ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។

លោក ចន្ថាវី បានប្រាប់ ខ្មែរថាមស៍ថា ការដាក់ទណ្ឌកម្មនេះអាចធ្វើឱ្យមានការបាត់បង់ការងាររាប់ពាន់កន្លែង  បាត់បង់គម្រោងអភិវឌ្ឍន៍យ៉ាងធំធេង ក៏ដូចជាបាត់បង់អត្ថប្រយោជន៍ប្រទេស ជាពិសេសខេត្តកោះកុង។

ទន្ទឹមនឹងនេះ អ្នកជំនាញផ្នែកអចលនទ្រព្យក្នុងស្រុកមួយចំនួនក៏ឱ្យដឹងដែរថា ប្រសិនបើទង្វើនេះ ប៉ះពាល់ដល់សេដ្ឋកិច្ចខេត្តកោះកុង ប្រកែកមិនបាន គឺនឹងប៉ះពាល់ដល់វិស័យអចលនទ្រព្យផងដែរ។ ប្រសិនបើការវិនិយោគផ្ទាល់ពីបរទេសធ្លាក់ចុះ នោះលំហូរទីផ្សារពីអចលនទ្រព្យក៏នឹងថមថយផងដែរ ព្រោះវិនិយោគិនភាគច្រើនមកពីប្រទេសចិន។

លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យថា ការដាក់ទណ្ឌកម្មនេះនឹងប៉ះពាល់ដល់សេដ្ឋកិច្ចនិងទីផ្សារអចលនទ្រព្យនៅខេត្តកោះកុង ប៉ុន្តែមិនធ្ងន់ធ្ងរទេ។

លោកបណ្ឌិត គីម ហ៊ាង ពន្យល់ថា៖ «ធម្មតាគម្រោងលុយរាប់ពាន់លាន បើផ្អាក គឺត្រូវតែប៉ះពាល់ហើយ តែបើនិយាយឱ្យត្រង់ទៅ កម្ពុជាដូចជាមិនសូវទទួលបានអត្ថប្រយោជន៍ច្រើនពីគម្រោងតារាសាគរនេះទេ។ គម្រោងនេះសាងសង់ដោយក្រុមហ៊ុនចិន ហើយលក់ឱ្យអ្នកទិញជនជាតិចិន ខ្មែរយើងដូចជាមិនសូវទិញទេ»។

«ប៉ុន្តែ ទោះជាយ៉ាងណាប្រសិនបើគម្រោងនេះបញ្ឈប់ វានឹងប៉ះពាល់ដល់ការងារអ្នកនៅក្នុងតំបន់ចៀសមិនផុត» លោកបានបន្ត។

លោកបណ្ឌិត គីម ហ៊ាង បានបន្ថែមទៀតថា ទង្វើនេះនឹងមិនបង្អាក់ការវិនិយោគថ្មីៗ មកកម្ពុជាទេ ព្រោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកគឺមានគោលដៅជាក់លាក់ មិនមែនដាក់គ្រប់ក្រុមហ៊ុនចិនទាំងអស់នោះទេ។

«គឺមានហេតុផលជាច្រើននៅពីក្រោយការដាក់ទណ្ឌកម្មលើ UDG ។ មានក្រុមហ៊ុនចិនជាច្រើននៅខ្មែរ តែគេដូចមិនអី។ ដូច្នេះខ្ញុំមិនសូវព្រួយបារម្ភទេ បើក្រុមហ៊ុនផ្សេងទៀតធ្វើអាជីវកម្មដោយស្របច្បាប់»។

គួរបញ្ជាក់ផងដែរ គម្រោងតារាសាគរនេះ ក៏ជាប្រធានបទក្ដៅគគុកមួយរយៈធំមកហើយ ដែលកន្លងមកទទួលបានការរិះគន់ជាច្រើនពីអ្នកវិភាគអន្តរជាតិថា សាងសង់ឡើងសម្រាប់បម្រើវិស័យយោធាចិន (អានបន្ថែម)។ ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាបានច្រានចោលម្ដងហើយម្ដងទៀតលើការលើកឡើងនេះ ហើយអះអាងថាគម្រោងនេះកសាងឡើងសម្រាប់វិស្សមកាលទេសចរណ៍ប៉ុណ្ណោះ (អានបន្ថែម)។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]