តើការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិមាននីតិវិធីដូចម្តេចខ្លះ?
អគារសហកម្មសិទ្ធិ សំដៅលើសំណង់ ឬអគារដែលមានអ្នកកាន់កាប់ច្រើននាក់រស់នៅ ដូចជាខុនដូ ផ្ទះល្វែង ភូមិគ្រឹះ ពាក់កណ្តាលភូមិគ្រឹះ និងប្រភេទផ្ទះផ្សេងទៀតដែលមានរចនាសម្ព័ន្ធជាប់ៗគ្នា។ ដោយសារតែមានម្ចាស់ច្រើននាក់ដូច្នេះ នីតិវិធីនៃចុះបញ្ជីចំណែកកម្មសិទ្ធិក៏ធ្វើឡើងខុសពីអចលនទ្រព្យធម្មតាដែរ។
តើការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិមាននីតិវិធីដូចម្តេចខ្លះ?
អគាសហកម្មសិទ្ធិដែលចុះបញ្ជីចំណែកឯកជនបាន ត្រូវតែជាអគារដែលបញ្ចប់ការសាងសង់ ១០០% និងបានរៀបចំខណ្ឌជញ្ជាំងចំណែកឯកជនរួចរាល់តាមប្លង់អនុញ្ញាត។ សហកម្មសិទ្ធករដែលកំពុងកាន់កាប់ ឬជួលអចិន្ត្រៃយ៍នៅលើចំណែកឯកជននៃអគារសហកម្មសិទ្ធិនេះ ត្រូវមកដាក់ពាក្យស្នើសុំចុះបញ្ជីជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច តាមនីតិវិធីដូចខាងក្រោមនេះ៖
ក. ឯកសារពាក់ព័ន្ធ
នៅពេលធ្វើការស្នើសុំ ម្ចាស់ចំណែកឯកជននៃអគាសហកម្មសិទ្ធិត្រូវភ្ជាប់មកជាមួយនូវឯកសារចំាំបាច់ ដូចជា៖
– លិខិតអនុញ្ញាតសាងសង់
– វិញ្ញាបនបត្របញ្ជាក់ភាពត្រឹមត្រូវនៃសំណង់ ឬលិខិតបិទការដ្ឋានសំណង់ ឬលិខិតបញ្ជាក់ការសាងសង់
– ឯកសារប្លង់ស្ថាបត្យកម្មលម្អិតនៃអគារសហកម្មសិទ្ធិដោយបញ្ជាក់ពីចំនួនជាន់ ចំនួនចំណែកឯកជនដោយមានលេខយោង និងពត៌មានអំពីចំណែករួមនៃអគារ
– បទបញ្ជាផ្ទៃក្នុង
– ឯកសារបញ្ជាក់អត្តសញ្ញាណសហកម្មសិទ្ធិករ
– ឯកសារពាក់ព័ន្ធផ្សេងទៀត ប្រសិនបើមាន។
ម្ចាស់ចំណែកឯកជននោះ ត្រូវមកបំពេញពាក្យស្នើសុំនៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងភូមិបាល ក្រុង ស្រុក ខណ្ឌ ដែលអគារសហកម្មសិទ្ធិនោះស្ថិតនៅ។ ក្រោយមក មន្ត្រីនៅទីនោះនឹងចេញបង្កាន់ដៃទទួលពាក្យជូនអ្នកស្នើសុំ។
ខ. ការត្រួតពិនិត្យ
១.ការិយាល័យភូមិបាលក្រុង ស្រុក ខណ្ឌ
មន្ត្រីនៅការិយាល័យភូមិបាល ត្រូវពិនិត្យទម្រង់ និងឯកសារភ្ជាប់ឱ្យបានត្រឹមត្រូវ ហើយបញ្ជូនពាក្យស្នើសុំចុះបញ្ជីទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ក្នុងរយៈពេល ៣ថ្ងៃធ្វើការយ៉ាងយូរ ដើម្បីពិនិត្យ និងសម្រេច។ ក្រោយពីមន្ទីរសុរិយោដីសម្រេចឱ្យអនុវត្តការចុះបញ្ជី មន្ត្រីនៅការិយាល័យភូមិបាល ត្រូវជូនដំណឹងទៅដល់អ្នកស្នើសុំក្នុងរយៈពេល ១សប្តាហ៍ មុននឹងចុះប្រមូលទិន្នន័យ។
បន្ទាប់មក មន្ត្រីភូមិបាល អ្នកអភិវឌ្ឍអចលនវត្ថុ និងសហកម្មសិទ្ធិករ នឹងចុះទៅផ្ទៀងផ្ទាត់ និងប្រមូលទិន្នន័យ ក្នុងរយៈពេល០១ សប្តាហ៍យ៉ាងយូរ។ ទិន្នន័យទាំងអស់នឹងត្រូវបញ្ជូនមន្ទីរសុរិយោដី ដើម្បីបន្តនីតិវិធី។
២.មន្ទីរសុរិយោដីរាជធានី ខេត្ត
មន្ត្រីជំនាញនៅមន្ទីរ នឹងត្រួតពិនិត្យលើទិន្នន័យនោះ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ។ ក្នុងករណី មានភាពមិនច្បាស់លាស់ មន្ទីរអាចចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតបញ្ជាក់បន្ថែមក្នុងរយៈពេលយ៉ាងយូរ ១សប្តាហ៍។
គ. ការបិទផ្សាយ
ក្រោយពិនិត្យ មន្ទីរសុរិយោដី នឹងសម្រេចឱ្យការិយាល័យភូមិបាល ធ្វើការបិទផ្សាយជាសាធារណៈនូវលទ្ធផលនៃការប្រមូលទិន្នន័យរយៈពេល១សប្តាហ៍ នៅសាលាឃុំ សង្កាត់ ដែលអចលនវត្ថុនោះស្ថិតនៅ។ ការបិទផ្សាយនេះ គឺដើម្បីឱ្យសហកម្មសិទ្ធិករទាំងអស់ និងអ្នកមានផលប្រយោជន៍អាចតវ៉ា ឬស្នើកែតម្រូវ។
ឃ. ការចុះបញ្ជី
ក្នុងករណីដែលមានវិវាទ ការិយាល័យភូមិបាលត្រូវព្យាយាមសម្រុះសម្រួល ឬបញ្ជូនករណីវិវាទនេះទៅកាន់តុលាដោះស្រាយតាមផ្លូវច្បាប់ បើករណីមិនមានការឯកភាពគ្នា។ ដោយឡែក ករណីគ្មានបណ្តឹងតវ៉ា មន្ទីរសុរិយោដីរាជធានី ខេត្ត នឹងចុះបញ្ជីកម្មសិទ្ធិឱ្យអ្នកស្នើក្នុងរយៈពេល ១សប្តាហ៍យ៉ាងយូរ។
ការចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់នេះ ត្រូវបង់ថ្លៃសេវានៅមន្ទីរសុរិយោដីចំនួន ១ ៦០០ ០០០ រៀល ដែលមានសុពលភាពជាអចិន្ត្រៃយ៍។
គួរបញ្ជាក់ផងដែរថា ចំពោះប្រភេទអគារសហកម្មសិទ្ធិ ដែលបានសាងសង់មុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ ការស្នើសុំមិនតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់ភាពត្រឹមត្រូវនៃសំណង់ លិខិតបិទការដ្ឋានសំណង់ ឬឯកសារប្លង់ស្ថាបត្យកម្មលម្អិតនៃអគារសហកម្មសិទ្ធិឡើយ ។
ដោយឡែក ចំពោះអគារណា ដែលសាងសង់ក្រោយថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ រហូតដល់អនុក្រឹត្យលេខ១២៦ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ចូលជាធរមាន ហើយពុំមានលិខិតអនុញ្ញាតសាងសង់ តម្រូវឱ្យធ្វើនិយតកម្មលើប្លង់ស្ថាបត្យកម្មជាមុខសិន។
- Video Advertisement -