ផ្លូវជាតិលេខ៦ ពីចំណុចព្រះរាជដំណាក់ដល់រង្វង់មូលព្រលានយន្តហោះសៀមរាបនឹងពង្រីកជា ៦គន្លង
ផ្លូវជាតិលេខ៦ នៅខេត្តសៀមចាប់ពីចំណុចរង្វង់មូលព្រះរាជដំណាក់រហូតដល់រង្វង់មូលព្រលានយន្តហោះ នឹងត្រូវពង្រីកទៅជា ៦គន្លង នៅពេលឆាប់ៗខាងមុខ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានថ្លែងក្នុងឱកាសអញ្ជើញចុះពិនិត្យ គម្រោងស្ថាបនាផ្លូវជាតិលេខ៦ នាថ្ងៃ ទី១៥ ខែវិច្ឆិកា នេះ។
ឯកឧត្តមមានប្រសាសន៍ថា៖ «គម្រោងពង្រីកផ្លូវជាតិលេខ៦ នៅខេត្តសៀមរាបនេះ មានប្រវែងសរុប ៦គីឡូម៉ែត្រ… ទ្រូងផ្លូវកណ្តាលសងខាងនេះនឹងលុបវាចេញ ហើយពង្រីកផ្លូវឱ្យបាន ៦គន្លង ៣ទៅ ៣មក ទុកកណ្តាលទ្រូងផ្លូវ ២ម៉ែត្រ និងចិញ្ចើមសងខាង ៣ម៉ែត្រ ទៀត»។
គម្រោងមួយនេះនឹងស្ថាបនានៅពេលឆាប់ៗខាងមុខ ដោយប្រើប្រាស់រយៈពេលវេលាប្រមាណជាង១ឆ្នាំ ជាមួយថវិកាកម្ចីពីធគានាអភិវឌ្ឍអាស៊ី(ADB)។
ឯកឧត្តម ស៊ុន ចាន់ថុល បានបន្ថែមទៀតថា ដោយឡែកផ្លូវចាប់ពីចំណុចរង្វង់មូលព្រលានយន្តហោះទៅកាន់ស្រុកក្រឡាញ់បានធ្វើការអ៊ុតកៅស៊ូប្រភេទបេតុងអាស្វាលរួចរាល់ហើយ ចំណែកឯចាប់ពីស្រុកក្រឡាញ់នៅកាន់ក្រុងសិរីសោភ័ណ ក្រសួងបានចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់រួចរាល់ហើយដែរ ដើម្បីអ៊ុតប្រភេទកៅស៊ូប្រភេទបេតុងអាស្វាលដូចគ្នា៕

