រដ្ឋបាលខេត្តកែបគ្រោងសាងសង់កំពង់ផែទេសចរនៅលើកោះទន្សាយ

រដ្ឋបាលខេត្ត បានបង្ហាញពីគម្រោងគ្រោងកសាងកំពង់ផែទេសចរណ៍កោះទន្សាយ ខណៈក្រុមហ៊ុនវិនិយោគក្នុងស្រុក បានស្នើសុំសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គម។

លោកជំទាវ អ៊ុល ភីរុណ អភិបាលរងខេត្តកែប បានឱ្យដឹងនៅថ្ងៃទី១៨នេះ ថា គម្រោងកំពង់ផែទេសចរណ៍នេះ ជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍ ADB ហើយក្រុមហ៊ុនឯកជនក្នុងស្រុកមួយ បានដេញថ្លៃគម្រោងនេះហើយ។

លោកជំទាវ បន្តថា ការសិក្សាបឋមដំណាក់កាលទីមួយ បានបញ្ចប់រួចហើយ ដោយក្រុមហ៊ុនបានបង្ហាញពីរបាយការណ៍លទ្ធផលសិក្សាទៅអាជ្ញាធរខេត្ត ហើយរបាយការណ៍នេះ ផ្តោតទៅលើទីតាំងសម្រាប់កសាង ផ្លូវថ្នល់ និងផលប៉ះពាល់ប្រជាពលរដ្ឋនៅលើកោះ។

«ដោយសារជាគម្រោងរបស់ ADB ដូច្នេះការសិក្សាហេតុប៉ះពាល់បរិស្ថាន និងសង្គម ត្រូវតែធ្វើ…ហើយនេះជាជំហានទីមួយ ក្រុមហ៊ុនបានសិក្សាផលប៉ះពាល់ហើយ គាត់យកមកបង្ហាញខេត្ត ក៏ដូចជាមន្ទីរជំនាញក្នុងការចូលរួមយោបល់» នេះជាការបញ្ជាក់ថារបស់ លោកជំទាវ ដោយបញ្ជាក់ថា ការសិក្សាបន្ថែមនឹងត្រូវគេធ្វើបន្ថែមទៀត។

គម្រោងនេះជាផ្នែកមួយនៃគម្រោងតភ្ជាប់តាមសមុទ្រ ដឹកជញ្ជូនអ្នកទេសចរ ដោយនឹងត្រូវភ្ជាប់ទៅនឹងកំពង់ផែទេសចរណ៍ ដែលស្ថិតកំពុងសាងសង់ នៅខេត្តកំពត។

បច្ចុប្បន្ន ការធ្វើដំណើរទៅកោះទន្សាយ គឹប្រើប្រាស់កំពង់ផែឈើ ធ្វើឱ្យពិបាកនៅពេលមានភ្ញៀវទេសចរច្រើន។

ទាក់ទងនឹង ការអភិវឌ្ឍកំពង់ផែទេសចរណ៍នៅកោះទន្សាយនេះ គឺឆ្លើយតបទៅនឹងចក្ខុវិស័យអភិវឌ្ឍទេសចរណ៍ របស់ខេត្តកែប ខណៈមានគម្រោងវិនិយោគមួយចំនួន ទទួលបានភ្លើងខៀវពីរដ្ឋាភិបាលអភិវឌ្ឍន៍នៅលើកោះទន្សាយរួចមកហើយ៕

- Video Advertisement -