ចំណតទូកនេសាទចាស់មួយនៅកោះកុងនឹងត្រូវផ្លាស់ប្ដូរមុខមាត់ទៅជាផែទេសចរណ៍ឆាប់ៗនេះ
ក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីថ្មីៗនេះ បានបង្ហាញគម្រោងផ្លាស់ប្ដូរមុខមាត់ ជួសជុលលក់កម្ពស់ផែនាវាចាស់មួយកន្លែង នៅលើព្រែកដងទង់ នៃខេត្តកោះកុង ដើម្បីសម្រួលការដឹកជញ្ជូនតាមផ្លូវទឹក ពិសេសសម្រាប់នាវានេសាទ និងនាវាទេសចរណ៍។
គម្រោងកែលំអផែនាវានេះ ត្រូវបានក្រសួងដាក់ស្នើទៅគណកម្មការ ACMECS ដើម្បីស្វែងរកថវិការួចរាល់ហើយ ដោយបច្ចុប្បន្នកំពុងរង់ចាំចម្លើយ។ នេះបើយោងតាមឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣០ ខែមីនា ។
ឯកឧត្តម បានមានប្រសាសន៍ថា៖ «គម្រោងកែលំអផែនាវានេះ គឺដើម្បីសម្រួលការដឹកជញ្ជូនតាមផ្លូវទឹក ដូចជាទូកនេសាទ នាវាដឹកទំនិញ និងនាវាដឹកទេសចរជាដើម»។
ទោះយ៉ាងណា ឯកឧត្តម មិនបានបញ្ជាក់ពីថវិកាប៉ាន់ប្រមាណលើការជួសជុល និងសាងសង់ផែថ្មីនេះទេ ប៉ុន្តែបានបង្ហើបថា ថវិកាមួយផ្នែក នឹងជារបស់ក្រសួងផ្ទាល់។
គួរបញ្ជាក់ផងដែរ ចំណតទូកនេះ គឺជាផែចាស់ដែលត្រូវបានកសាងឡើងដំបូងនៅឆ្នាំ១៩៨៤ ដែលមានប្រវែងទទឹង ១១មែ៉ត្រ និងបណ្តោយ ២១មែ៉ត្រ។ កន្លងមក ផែនេះបានរងការខូចខាតបាក់លេចចូលដៃព្រែក ហើយបច្ចុប្បន្នគឺប្រើប្រាស់ត្រឹមចំណតទូកនេសាទតែប៉ុណ្ណោះ៕



