USAID គ្រោងផ្ដល់ជំនួយ ៣លានដុល្លារ ជួយលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូនត្រជាក់នៅកម្ពុជា
ទីភ្នាក់ងារ USAID កំពុងស្នើរដ្ឋាភិបាលសហរដ្ឋអាមេរិកសុំទឹកប្រាក់ ៣លានដុល្លារ យកមកអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនរក្សាសីតុណ្ហភាពត្រជាក់ ឬ Cold Chain Logistic System នៅកម្ពុជា។
នេះបើយោងតាមការលើកឡើងរបស់លោកស្រី Veena Reddy នាយកទីភ្នាក់ងារ USAID ប្រចាំកម្ពុជា ក្នុងជំនួបជម្រាបលាបញ្ចប់បេសកកម្មរបស់ខ្លួននៅកម្ពុជា ជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលថ្ងៃទី២៨ ខែមិថុនា។
លោកស្រី Veena Reddy ថា បើសហរដ្ឋអាមេរិកអនុម័តជំនួយ ថវិកានឹងត្រូវយកមកអនុវត្តលើកម្ពស់ ប្រព័ន្ធដឹកជញ្ជូនរក្សាសីតុណ្ហភាពត្រជាក់ ឬ Cold Chain Logistic System ដោយនឹងប្រើប្រព័ន្ធសូឡា ដើម្បីជួយដល់ការដាំដុះ និងការដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់មកកាន់ទីផ្សារ ឱ្យកាន់តែល្អប្រសើរ និងមានគុណភាព។
ឯកឧត្តម វេង សាខុន ក៏បានស្វាគមន៍ចំពោះគម្រោង Cold Chain Logistic System ព្រោះវានឹងជួយលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មបន្លែ ផ្លែឈើ ត្រី សាច់ ក៏ដូចជាលើកស្តង់ដារការវេចខ្ចប់ ថែក្សា និងដឹកជញ្ជូនផលិតផល ជាដើម។
គួរជម្រាប់ដែរថា ឯកឧត្តម វេង សាខុន សក៏បានថ្លែងអំណរគុណដល់ USAID ដែលកន្លងមកតែងតែចូលរួមចំណែកក្នុងការរីកចម្រើនរបស់កម្ពុជាតាមរយៈគម្រោងអភវិឌ្ឍនានា។

