សេចក្តីព្រាងច្បាប់វិនិយោគថ្មី គ្រោងដាក់ឆ្លងរាជរដ្ឋាភិបាលពិនិត្យនៅសប្តាហ៍ក្រោយ
សេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគថ្មីដែលត្រូវបានគេទន្ទឹងរង់ចាំជាយូរមកហើយ នឹងត្រូវដាក់ឆ្លងឱ្យរដ្ឋាភិបាលពិនិត្យ និងអនុម័តនៅសប្តាហ៍ក្រោយ ខណៈពេលនេះអន្តរក្រសួងកំពុងត្រៀមបញ្ចប់ការចងក្រងធាតុចូលថ្មីៗឱ្យត្រូវនឹងបច្ចុប្បន្នភាពក្នុងស្រុកបច្ចុប្បន្ន។
ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី នឹងត្រូវដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យ និងពិភាក្សានៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។
ច្បាប់វិនិយោគថ្មីត្រូវបានរំពឹងថា នឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទិសដៅទាក់ទាញសម្រាប់ការវិនិយោគថ្មី ក៏ដូចជារក្សាការវិនិយោគដែលមានស្រាប់នៅក្នុងប្រទេស។
រាជរដ្ឋាភិបាលបានចាប់ផ្តើមធ្វើសេចក្តីព្រាងច្បាប់វិនិយោគថ្មីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយប្រមូលផ្តុំធាតុចូលពីវិស័យឯកជន និងដៃគូអភិវឌ្ឍន៍។
ច្បាប់ថ្មីនេះត្រូវបានព្រាងដោយយកចិត្តទុកដាក់ ដោយថ្លឹងថ្លែងពីគោលដៅអាទិភាពក្នុងការបង្កើនចំណូលរបស់រដ្ឋ និងគោលដៅដើម្បីផ្ដល់អត្ថប្រយោជន៍ និងភាពងាយស្រួលដល់វិនិយោគិនក្នុងរយៈពេលវែង។
ទាក់ទិននឹងផែនការទាក់ទាញអ្នកវិនិយោគនេះ សេដ្ឋកិច្ចវិទូអន្តរជាតិ ធ្លាប់ឱ្យដឹងថាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពដើម្បីធ្វើឱ្យកម្ពុជាមានភាពទាក់ទាញគឺ ការធ្វើឱ្យបទប្បញ្ញត្តិនានាក្នុងស្រុក ឱ្យងាយស្រួលជាងមុន។ (អានបន្ថែម)
ស្ថាបនិក និងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ី អ្នកស្រី Deborah Elms មានប្រសាសន៍ថា បើប្រទេសកម្ពុជាកាត់បន្ថយភាពស្មុគស្មាញនេះបាន ក្រោយវិបត្តិកូវីដ កម្ពុជានឹងកាន់តែមានការប្រកួតប្រជែងនៅក្នុងតំបន់។

