រដ្ឋាភិបាល បដិសេធសំណើទិញដីបឹងជាង ១ពាន់ហិកតា នៅស្រុកល្វាឯម
រដ្ឋាភិបាល សម្រេចបដិសេធលើសំណើរសុំវិនិយោគរបស់ក្រុមហ៊ុនឯកជន លើផ្ទៃដីបឹង ១ ០០០ហិកតា នៅស្រុកល្វាឯម ខេត្តកណ្តាល ដោយសម្រេចរក្សាបឹងធម្មជាតិនេះនៅដដែល ដើម្បីបម្រើផលប្រយោជន៍សាធារណៈ។
យោងតាមលិខិតទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២៤ ខែសីហា ក្រុមហ៊ុនសំណង់ ឈ្នះ ឈ្នះ បានស្នើសុំជាគោលការណ៍ពីរដ្ឋាភិបាល ចង់ទិញដីបឹង ១ ០០០ ហិកតា ក្នុងស្រុកល្វាឯម ដើម្បីសអភិវឌ្ឍនជាទីក្រុងរណបបែបទំនើប និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
ប៉ុន្តែ ក្រោយមានចំណារពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទីស្តីគណៈរដ្ឋមន្រ្តី បានសម្រេចបដិសេធការវិនិយោគនេះ ដោយរក្សាទីតាំងនោះជាផ្ទៃបឹងធម្មជាតិសម្រាប់បម្រើប្រយោជន៍សាធារណៈវិញ និងស្នើឱ្យអាជ្ញាធរ ត្រូវជីកបឹងឱ្យបានជ្រៅដើម្បីរក្សាទឹក។
បន្ថែមពីលើនេះ ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកណ្តាល ត្រូវបញ្ឈប់ការទទួល និងលើកសំណើរដីតំបន់នេះមកសុំអនុញ្ញាតជាគោលការណ៍ដល់រដ្ឋាភិបាលបន្តទៀត។

