បើកប្រទេសភ្លាម! ការវិនិយោគធំៗ ចូល ១៤ គម្រោង តម្លៃជាង ៥៤០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ចំនួន ៥៤៤,៨ លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ១៤កន្លែង នៅរាជធានីភ្នំពេញ កំពង់ស្ពឺ ព្រះវិហារ កណ្តាល បាត់ដំបង ពោធិសាត់ ព្រះសីហនុ និងខេត្តកោះកុង។
យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា កន្លងមកនេះ ក្រុមហ៊ុនដែលទទួលបានការអនុម័តគម្រោងទាំង ១៤ រួមមាន៖
១. ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO., LTD វិនិយោគប្រមាណ ២១ លានដុល្លារអាមេរិក បង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
២. ក្រុមហ៊ុន EM AUTOMOBILE CO., LTD វិនិយោគប្រមាណ ១៦,៣ លានដុល្លារអាមេរិក បង្កើតរោងចក្រផ្គុំដំឡើងគ្រឿងចក្រ រថយន្តសណ្តោង និងរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤៨ ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
៣. ក្រុមហ៊ុន SCHNEITEC WESTERN CO., LTD វិនិយោគប្រមាណ ១១១ លានដុល្លារអាមេរិក សាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល ពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ។
៤. ក្រុមហ៊ុន SCHNEITEC NORTHERN CO., LTD វិនិយោគប្រមាណ ៣៣០ លានដុល្លារអាមេរិក សាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ។
៥. ក្រុមហ៊ុន SMART TEX GARMENT (CAMBODIA) CO., LTD វិនិយោគប្រមាណ ៦,៤ លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
៦. ក្រុមហ៊ុន REMONDA (CAMBODIA) APPAREL CO., LTD វិនិយោគប្រមាណ ២,៣ លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
៧. ក្រុមហ៊ុន CATHAYA INDUSTRY (CAMBODIA) CO., LTD វិនិយោគប្រមាណ ៥,៥ លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤៤ ភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
៨. ក្រុមហ៊ុន HENGWIN (CAMBODIA) GARMENT CO., LTD វិនិយោគប្រមាណ ៥,៤ លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
៩. ក្រុមហ៊ុន JW ZHONGRUN (CAMBODIA) GARMENT CO., LTD វិនិយោគប្រមាណ ៤ លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
១០. ក្រុមហ៊ុន WTX LEADING FASHION CO., LTD វិនិយោគប្រមាណ ៧ លានដុល្លារអាមេរិកបង្កើតរោងចក្រកាត់ដេរនិងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្បាលដីលេខ០៩៩៤ ផ្លូវជាតិ លេខ២១ ភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
១១. ក្រុមហ៊ុន CLOTHO (CAMBODIA) CO., LTD វិនិយោគប្រមាណ ៤,១ លានដុល្លារអាមេរិកបង្កើតរោងចក្រផលិតកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
១២. ក្រុមហ៊ុន HUN TY REAL ESTATE CO., LTD វិនិយោគប្រមាណ ១៧,២ លានដុល្លារអាមេរិកបង្កើតរោងចក្រកែច្នៃផ្លែឈើ និងផលិតសម្ភារៈវេចខ្ចប់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
១៣. ក្រុមហ៊ុន KULARA WATER CO., LTD វិនិយោគប្រមាណ ៥,៦ លានដុល្លារអាមេរិកបង្កើតរោងចក្រផលិតទឹកបរិសុទ្ធ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
១៤. ក្រុមហ៊ុន SUN PLEASURE (CAMBODIA) CO., LTD វិនិយោគប្រមាណ ៩ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតពោងខ្យល់គ្រប់ប្រភេទ ទូកកាយ៉ាក់ និងសម្ភារៈបរិក្ខាពាក់ព័ន្ធនឹងពោងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) គម្រោងទាំង១៤ ខាងលើនេះ អាចបង្កើតការងារជូនពលរដ្ឋរហូតដល់ ១៣៥៥៥ កន្លែង។
- Video Advertisement -