សម្ដេចហ៊ុន សែន បញ្ជាឱ្យដកហូតដីព្រៃលិចទឹកពីអ្នកមានអំណាចដែលទន្ទ្រានខុសច្បាប់ មកវិញ
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្មីៗនេះ បានដាក់បញ្ជាឱ្យធ្វើការដកហូតដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ពីអ្នកមានអំណាច និងជនខិលខូចដែលទន្ទ្រានដីខុសច្បាប់ មកវិញទាំងអស់ ខណៈក្រសួងដែនដី ក៏បានសម្រេចបង្កើតក្រុមការងារពិសេសស្រាវជ្រាវ និងបង្រ្កាបសកម្មភាពទាំងនេះផងដែរ។
សម្ដេចបានបញ្ជាក់ក្នុងសារសម្លេងថា ការងារនេះគឺរឿងសំខាន់ដែលត្រូវតែធ្វើ បើទោះបីជាត្រូវលះបង់អី និងតម្លៃប៉ុន្មាន រដ្ឋគឺត្រូវយកដីទាំងនោះមកវិញឱ្យបាន។
សម្ដេចបន្ដថា៖ «ចំពោះអ្នកប្រព្រឹត្ត ត្រូវតែទទួលខុសត្រូវតាមច្បាប់។ មានតែផ្លូវច្បាប់ប៉ុណ្ណោះដែលអាចដោះស្រាយបានបញ្ហាពួកអ្នកទាំងនេះ ។ យើងបានអប់រំពួកគេរាប់សិបឆ្នាំមកហើយអំពីផលវិបាកលើបញ្ហានេះ ហេតុអ្វីក៏នៅមានមន្ត្រីបែបនេះតទៅទៀត»។
ជាការឆ្លើយតប ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានចេញសេចក្តីសម្រេចចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្រេចបង្កើតក្រុមការងារពិសេសមួយក្រុមហ៊ុន ដើម្បីអនុវត្តការងារនេះ ដោយនឹងផ្ដោតលលើខេត្ត៦ រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។
ក្រុមការងារពិសេស មានសមាសភាពចំនួន៦ក្រុមនេះ ហើយនឹងសហការយ៉ាងជិតស្និតជាមួយក្រសួងធនធានទឹក ក្រសួងកសិកម្ម ក្រសួងបរិស្ថាន អាជ្ញាធរទន្លេសាប អាជ្ញាធរដែនដី និងអង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធ្វើការបានដោយមានប្រសិទ្ធភាព។
ក្រសួងបានបញ្ជាក់ទៀតថា ក្រុមការងារពិសេសខាងលើ នឹងត្រូវអនុវត្តតាមសេចក្ដីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។



