អ្វីទៅជាដីសម្បទានសង្គមកិច្ច? ដើម្បីទទួលបានដីសម្បទានសង្គមកិច្ច តើត្រូវមានលក្ខខណ្ឌអ្វីខ្លះ?

តាំងពីចាប់ផ្ដើមគម្រោងកាលពីឆ្នាំ ២០០៨ មកទល់បច្ចុប្បន្ន ដីធ្លីសរុបយ៉ាងហោចជាង ៣ម៉ឺនហិកតា ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រជាង ៥ ម៉ឺនគ្រួសារ ដោយចំណាយថវិកាសរុបជិត ៤០ លានដុល្លារ តាមរយៈគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ឬស្គាល់ជាទូទៅថា LASED ។

តើដីសម្បទានសង្គមកិច្ចជាអ្វី? ពលរដ្ឋក្រីក្រត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះទើបទទួលបានដី? ប្រជាជនទូទៅមានសិទ្ធិឬទេ?

បើតាមអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៣ ដីសម្បទានសង្គមកិច្ច គឺជាយន្តការផ្ទេរដីឯកជនរបស់រដ្ឋតាមផ្លូវច្បាប់ សម្រាប់គោលបំណងសង្គមកិច្ចដល់ជនក្រីក្រ ដែលខ្វះខាតដីសម្រាប់សង់លំនៅឋាន ឬ/និងធ្វើកសិកម្មជាលក្ខណៈគ្រួសារ។

ដីសម្បទានសង្គមកិច្ចនេះមានច្រើនទម្រង់ និងច្រើនកម្មវិធី ប៉ុន្តែកម្មវិធីដែលពេញនិយមជាងគឺ LASED ដែលជាការសហការគ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងធនាគារពិភពលោក និងសរុបជំហានទី ៣ ក្រោមទឹកប្រាក់ ១៣០លានដុល្លារ។ (អានបន្ថែម)

តាមច្បាប់ ដីសម្បទានសង្គមកិច្ចសម្រាប់សង់លំនៅឋាន គឺមានទំហំធំបំផុត ១២០០ ម៉ែត្រការ៉េ តែករណីដីមានទីតាំងនៅតំបន់ជនបទ ដីអាចមានទំហំដល់ទៅ ៣៦០០ ម៉ែត្រការ៉េ។ ដោយឡែក ចំពោះនៅតាមតំបន់ទីក្រុង សម្បទានដីសង្គមកិច្ចខ្លះ អាចផ្ដល់ឱ្យជាទម្រង់សហកម្មសិទ្ធិ ។

រីឯ ដីសម្បទានសង្គមកិច្ចសម្រាប់ធ្វើកសិកម្មវិញ មានទំហំធំបំផុត ២ហិកតា ។ ប៉ុន្តែនៅក្នុងតំបន់ខ្លះ អាចដំឡើងរហូតដល់ ៥ ហិកតា អាស្រ័យទៅតាមលក្ខណៈដីសក្តានុពល ដីប្រភេទដំណាំ និងកម្លាំងពលកម្មរបស់គ្រួសារអ្នកសុំដី។

បើតាមច្បាប់ ជនដែលអាចស្នើសុំដីត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

  • មានសញ្ជាតិខ្មែរ និងមានសមត្ថភាពតាមផ្លូវច្បាប់ ដែលភាគច្រើន ជាគ្រួសារក្រីក្រ គ្រួសារផ្លាស់ទីលំនៅដោយសារគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គ្រួសាររងគ្រោះដោយសារគ្រោះធម្មជាតិ និងគ្រួសារយុទ្ធជនពលីពិការ ជាដើម
  • ជាមេគ្រួសារនៃគ្រួសារដែលមានសមាជិក ២ ឬច្រើននាក់ ដែលជាប់សាច់សាលោហិតជាមួយគ្នា ហើយរស់នៅជាមួយគ្នាក្នុងលំនៅឋានតែមួយ
  • បំពេញលក្ខណៈវិនិច្ឆ័យខាងហិរញ្ញវត្ថុ របស់ក្រសួងសង្គមកិច្ច (បញ្ជាក់ថាក្រីក្រពិតមែន)
  • មិនមែនជាកម្មសិទ្ធិដីផ្សេងទៀតដែលមានទំហំស្មើ ឬលើសពីការកំណត់នៃទំហំដីសម្បទានសង្គមកិច្ច
  • ត្រៀមខ្លួនរួចជាស្រេច មានឆន្ទៈ និងមានលទ្ធភាពចូលរួមក្នុងកម្មវិធីសម្បទានដីសង្គមកិច្ច ស្របតាមផែនការ

បន្ថែមពីនេះ ប្រជាពលរដ្ឋដែលជាមុខសញ្ញាទទួលបានដីសម្បទានសង្គមកិច្ច ត្រូវធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរជាមួយអាជ្ញាធរមានសមត្ថកិច្ចផ្តល់ដី ដែលបញ្ជាក់ពីសិទ្ធិ និងការទទួលខុសត្រូវរបស់ខ្លួន។

ក្រោយចុះកិច្ចសន្យា មុខសញ្ញាអ្នកទទួលដីសង្គមកិច្ច ត្រូវសាងសង់លំនៅឋានអចិន្ត្រៃយ៍ក្នុងរយៈពេល ៣ខែ ហើយសមាជិកនៃគ្រួសារត្រូវរស់នៅឱ្យបានពិតប្រាកដ និងជាអចិន្ត្រៃយ៍ឱ្យបានលើសពី ៦ ខែក្នុងមួយឆ្នាំ។

ដោយឡែកដីសម្បទានសង្គមកិច្ចសម្រាប់កសិកម្មជាលក្ខណៈគ្រួសារ មុខសញ្ញាអ្នកទទួលបានដី ត្រូវធ្វើកសិកម្មជាក់ស្តែងលើដីនោះ ក្នុងរយៈពេល ១២ខែ ហើយបន្តប្រើប្រាស់ដីនោះស្របតាមលក្ខខណ្ឌ។

គួរបញ្ជាក់ថា បន្ទាប់ពីបានអនុវត្តត្រឹមត្រូវតាមលក្ខខណ្ឌបាន ៥ឆ្នាំ មុខសញ្ញាអ្នកទទួលដីមានសិទ្ធិលើដីនោះ និងអាចស្នើ សុំប័ណ្ណកម្មសិទ្ធិបាន។

- Video Advertisement -