ការសិក្សាលទ្ធភាពសាងសង់ព្រលានយន្តហោះថ្មីនៅកោះកុងរបស់លី យ៉ុងផាតគ្រុប ផ្អាកដោយសារកូវីដ

ការសិក្សាលទ្ធភាពសាងសង់ព្រលានយន្តហោះថ្មីមួយនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលកំពុងធ្វើឡើងដោយក្រុមហ៊ុនលី យ៉ុងផាតគ្រុប និងក្រុមហ៊ុនថៃ Bangkok Airways ត្រូវបានផ្អាកសិន ដោយសារវិបត្តិកូវីដ ។

ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានឱ្យដឹងកាលពីថ្មីៗនេះ ថា៖ «គម្រោងហ្នឹង រដ្ឋាភិបាលបានផ្តល់ទីតាំងថ្មីឱ្យទៅគាត់….ប៉ុន្តែការរៀបចំដំណើរការ ត្រូវបានពន្យារពេលដោយសារកូវីដ អត់ទាន់ធ្វើអីទាំងអស់។ បន្ទាប់ពីការរីករាលដាលជំងឺកូវីដ ១៩ចប់ ការសិក្សានឹងបន្តទៀត»។

គម្រោងវិនិយោគអាកាសយានដ្ឋានអន្តរជាតិកោះកុងថ្មីនេះ ជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុន Ly Yong Phat Group ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ថៃ Bangkok Airway ក្រោមទុនវិនិយោគ ៤០លានដុល្លារ។ (អានបន្ថែម)

កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលបានសម្រេចឱ្យក្រុមហ៊ុនលី យ៉ុងផាតគ្រុប ជាអ្នកសិក្សា ដោយប្តូរពីទីតាំងចាស់ទំហំ ៤០០ហិកតា នៅទីក្រុងខេមរភូមិន្ទ ទៅទីតាំងថ្មីទំហំ ៦០០ហិកតា ក្នុងស្រុកមណ្ឌលសីមា។

គួរបញ្ជាក់ផងដែរ នៅខេត្តកោះកុង ក៏មានគម្រោងសាងសង់អាកាសយានដ្ឋានខ្នាតអន្តរជាតិមួយទៀតដែរ គឺអាកាសយានដា្ឋនអន្តរជាតិតារាសាគរ ដែលជាការវិនិយោគរបស់ក្រុមហ៊ុនចិន Tianjin Union Development Group ក្នុងទឹកប្រាក់ ៣៥០លានដុល្លារ។ (អានបន្ថែម)

ការសាងសង់ព្រលាននេះ បន្តដំណើរការដោយរលូនតាមកាលកំណត់ ដោយគ្រោងនឹងបើកឱ្យធ្វើការហោះហើរសាកល្បងនៅមុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។

- Video Advertisement -