រដ្ឋាភិបាលសម្រេចកាត់ដីបឹងតាមោក ១៤០ ហិកតា ប្រគល់ជូនក្រសួងយុត្តិធម៌

រដ្ឋាភិបាលកម្ពុជា បានធ្វើអនុបយោគផ្ទៃបឹងតាមោក ១៤០ហិកតា ពីសម្បត្តិសាធារណៈរបស់រដ្ឋ ឱ្យក្លាយទៅជាសម្បត្តិឯកជនរបស់រដ្ឋ និងប្រគល់ជូនទៅក្រសួងយុត្តិធម៌។

ការផ្តល់ផ្ទៃបឹងតាមោក ១៤០ហិកតា ជូនទៅក្រសួងយុត្តិធម៌ ធ្វើឡើងតាមរយៈអនុក្រឹត្យរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចេញតាំងពីខែតុលា ឆ្នាំ២០២១ ប៉ុន្តែទើបតែត្រូវផ្សព្វផ្សាយថ្មីៗនេះ។

នេះជាលើកទី២ ហើយ ដែលរដ្ឋាភិបាលសម្រេចផ្តល់ដី នៅតំបន់បឹងតាមោក ឱ្យទៅក្រសួងយុត្តិធម៌។ កាលពីខែកញ្ញា ឆ្នាំ២០២០ រដ្ឋាភិបាល បានចេញអនុក្រឹត្យផ្តល់ផ្ទៃបឹងតាមោក ៨ហិកតា ជូនទៅក្រសួងយុត្តិធម៌រួចម្ដងមកហើយ។ (អានបន្ថែម)

គួរបញ្ជាក់ដែរថា បឹងតាមោក ឬបឹងកប់ស្រូវ ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានគ្រប់គ្រងដោយអនុក្រឹត្យលេខ២០ អនក្របក ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលកំណត់ផ្ទៃបឹងមានជាង ៣ពាន់ហិកតា ជាសម្បត្តិសាធារណៈរបស់រដ្ឋ។

ចាប់ពីពេលនោះមក រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដីបឹងតាមោកជាច្រើនលើក ឱ្យទៅជាកម្មសិទ្ធិឯកជន និងស្ថាប័នរដ្ឋមួយចំនួន ហើយក៏មានករណីជាច្រើនត្រូវបានទុកជាមោយៈផងដែរ។ (អានបន្ថែម និងបន្ថែម)

មកទល់បច្ចុប្បន្ន បើយោងតាមឯកសារដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យទទួលបាន ផ្ទៃបឹងតាមោកយ៉ាងហោច ១ពាន់ហិកតាហើយ ដែលត្រូវរដ្ឋាភិបាលកាត់ឱ្យទៅស្ថាប័នរដ្ឋ និងវិស័យឯកជន។

- Video Advertisement -