ក្រសួងដែនដីចេញប្រកាសថ្មី ពន្យល់លម្អិតពីនីតិវិធីសុំលិខិតអនុញ្ញាតសាងសង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញប្រកាសថ្មី ពន្យល់លម្អិតអំពីនីតិវិធីនៃការផ្តល់លិខិត និងលិខិតបន្តសុពលភាពលិខិតអនុញ្ញាតសាងសង់ ចំពោះការងារ ឬសំណង់ ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួង។

ប្រកាសថ្មីលេខ០១៣ ដែលចុះថ្ងៃទី ២០ ខែមករា កន្លងមកនេះ ជាការបំពេញបន្ថែមទៅលើអនុក្រឹត្យលេខ២២៤ ដែលរដ្ឋាភិបាលបានដាក់ចេញ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ ទាក់ទិននឹងការសុំលិខិតអនុញ្ញាតមុនសាងសង់ រុះរើ និងជួសជុល។ (អានបន្ថែម)

យោងតាមប្រកាសថ្មីនេះ អ្នកដាក់ពាក្យសុំទាំងអស់ ត្រូវភ្ជាប់សំណុំឯកសារស្នើសុំលិខិតអនុញ្ញាតសាងសង់នៅច្រកចេញចូលតែមួយនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ចំពោះគម្រោងអភិវឌ្ឍន៍អចលនវត្ថុវិញ ម្ចាស់គម្រោង ត្រូវបន្ថែមលិខិតអនុញ្ញាតអភិវឌ្ឍដី និងប្លង់អភិវឌ្ឍដី ដោយភ្ជាប់ជាមួយសំណុំឯកសារស្នើសុំលិខិតអនុញ្ញាតសាងសង់ទៅច្រកចេញចូលតែមួយ។

ដោយឡែកចំពោះការស្នើសុំលិខិតបន្តសុពលភាពលិខិតអនុញ្ញាតសាងសង់ ម្ចាស់សំណង់ ត្រូវដាក់ពាក្យស្នើសុំបន្តសុពលភាពនៅច្រកចេញចូលតែមួយ ក្នុងរយៈពេល៣០ ថ្ងៃ មុនថ្ងៃផុតសុពលភាពលិខិតអនុញ្ញាតសាងសង់។

- Video Advertisement -