ក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ សុំពន្យារពេលបញ្ចប់គម្រោងម្ដងទៀត

ក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ បានស្នើសុំបញ្ចប់គម្រោងយឺតជាងផែនការ ៤ ខែបន្ថែមទៀត បន្ថែមពីលើការយឺតយ៉ាវស្រាប់ ដោយក្រុមហ៊ុនបញ្ជាក់ថាការស្ថាបនាខ្វះគ្រឿងចក្រសាងសង់ ខណៈក្រសួងកំពុងពិនិត្យលើសំណើនេះ ។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធាណរការនិងដឹកជញ្ជូន មានប្រសាសន៍នៅថ្ងៃទី ៩ ខែកុម្ភៈ ថា ៖ «ក្រុមហ៊ុនសាងសង់ បានស្នើសុំពន្យាពេលសាងសង់ប្រហែលជា ៤ ខែ។ យើងខ្ញុំមិនទាន់អនុញ្ញាតនៅឡើយ ត្រូវពិនិត្យលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងហេតុផលហេតុដូចម្តេចបានការងារផ្លូវជាតិលេខ២ និង២២នេះ យឺតយ៉ាវ»។

តាមផែនការ ការស្ថាបនាផ្លូវជាតិលេខ២ នឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២២ ប៉ុន្តែមកដល់ពេលនេះ ទើបតែសម្រេចលទ្ធផលបាន ៤៧,៩៥%ប៉ុណ្ណោះ។ ជាក់ស្ដែង ផ្លូវនេះ គឺយឺតយ៉ាវជាងផែនការស្រាប់ទៅហើយ ខណៈក្រុមហ៊ុននៅតែបន្ដសុំពន្យារពេលទៀត។

ផ្លូវជាតិលេខ ២ មានប្រវែងសរុបចំនួន៦២,៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ ខណៈផ្លូវជាតិលេខ ២២ មានប្រវែងសរុបចំនួន ៩,៦១ គីឡូម៉ែត្រ ចាប់គិតពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោមផ្លូវជាតិលេខ ៣។

គម្រោងទាំងនេះទៀតសោត កំពុងសាងសង់ដោយប្រើប្រាស់ថវិកាប្រមាណ ៥៦លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជាផងដែរ។ (អានបន្ថែម)

- Video Advertisement -