អ្វីទៅជាទ្រព្យដោយឡែក? ទ្រព្យរួម? តើគេកំណត់ទ្រព្យទាំងពីរនេះបានយ៉ាងដូចម្តេច?
ក្រោយមានការលែងលះ ប្ដីប្រពន្ធភាគច្រើនជួបបញ្ហាក្នុងការកំណត់ថា ទ្រព្យណាជារបស់របស់ខ្លួនតែម្ខាង ឬទ្រព្យណាជាទ្រព្យរួម។ ជាក់ស្ដែង ច្បាប់បានកំណត់យ៉ាងច្បាស់លាស់។
យោងតាមក្រមរដ្ឋប្បវេណី ប្រព័ន្ធទ្រព្យសម្បត្តិរបស់ប្តីប្រពន្ធ ត្រូវបានបែងចែងជា ២ គឺប្រព័ន្ធទ្រព្យសម្បត្តិតាមកិច្ចសន្យា និងប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់។
ចំពោះប្រព័ន្ធទ្រព្យសម្បត្តិតាមកិច្ចសន្យា ប្តីប្រពន្ធ អាចធ្វើការចុះបញ្ជីទ្រព្យសម្បត្តិប្តីប្រពន្ធ នៅក្រសួងយុត្តិធម៌បាន មុនពេលរៀបការ។ ការធ្វើដូច្នេះ ជាការកំណត់យ៉ាងច្បាស់ពីប្រភេទទ្រព្យផ្ទាល់ខ្លួន និងទ្រព្យរួម ដែលងាយស្រួលក្នុងការលក់ដូរ ឬបែងចែកទ្រព្យ នៅពេលមានការលែងលះកើតឡើង ឬភាគីណាមួយបានស្លាប់។ (អានបន្ថែម)
ប៉ុន្តែ ករណីស្មុគស្មាញគឺ នៅពេលប្តីប្រពន្ធមិនបានចុះបញ្ជីទ្រព្យសម្បត្តិប្តីប្រពន្ធមុនពេលរៀបការ។ បើគ្មានការចុះបញ្ជីទ្រព្យសម្បត្តិប្តីប្រពន្ធតាមកិច្ចសន្យា ទ្រព្យសម្បត្តិនឹងត្រូវកំណត់នៅក្នុងប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់ បានបែងចែកជាទ្រព្យសម្បត្តិដោយឡែក និងទ្រព្យសម្បត្តិរួម។
១) ទ្រព្យសម្បត្តិដោយឡែក
មាត្រា ៩៧២ នៃក្រមរដ្ឋប្បវេណី កំណត់ថា ទ្រព្យសម្បត្តិដែលកំណត់ដូចខាងក្រោមនេះ គឺជាទ្រព្យសម្បត្តិដោយឡែក ដែលស្ថិតនៅក្រោមកម្មសិទ្ធិរបស់សហព័ទ្ធណាម្នាក់៖
-ទ្រព្យសម្បត្តិ ដែលសហព័ទ្ធមាន នៅមុនពេលរៀបអាពាហ៍ពិពាហ៍ ដែលមានន័យថា ទ្រព្យសម្បត្តិដែលភាគីម្ខាងមានមុនរៀបការ ហើយក្រោយរៀបការ ក៏ទ្រព្យសម្បត្តិនោះ នៅតែជាកម្មសិទ្ធិរបស់ភាគីនោះដដែល។
-ទ្រព្យសម្បត្តិដែលសហព័ទ្ធណាមួយទទួលបានក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ តាមរយៈសន្តតិកម្ម ប្រទានកម្ម អច្ច័យទាន។
ឧទាហរណ៍ ក្រោយរៀបការ ឪពុកម្តាយរបស់សហព័ន្ធជាប្តី បានធ្វើប្រទានកម្មដី ១ ហិកតាដល់កូនរបស់ខ្លួន ទ្រព្យនោះក្លាយជាទ្រព្យផ្ទាល់របស់ប្តី។ ប៉ុន្តែបើក្នុងកិច្ចសន្យាប្រទានកម្ម បានចង្អុលបង្ហាញការធ្វើអំណោយដល់ប្តីប្រពន្ធទាំង២ ដីនោះនឹងក្លាយជាទ្រព្យសម្បត្តិរួមវិញ។
-ទ្រព្យសម្បត្តិជាតម្លៃតប ដែលទទួលបានពីការចាត់ចែងទ្រព្យសម្បត្តិទាំង២ ប្រភេទខាងលើ។
ឧទាហរណ៍ ភាគីជាប្រពន្ធ មានដីមួយកន្លែង ដែលជាទ្រព្យផ្ទាល់ ដែលគាត់មានតាំងពីមុនពេលរៀបការ ហើយក្រោយមក គាត់បានរៀបការ និងបានលក់ដីយកលុយទៅទិញឡានទំនើបមួយគ្រឿង។ ឡានមួយគ្រឿងនេះ នៅតែទ្រព្យផ្ទាល់របស់ភាគីជាប្រពន្ធដដែល ទោះបីជាស្ថិតនៅក្នុងចំណងអាពាហ៍ពិពាហ៍ក៏ដោយ។
២) ទ្រព្យសម្បត្តិរួម
បើតាមមាត្រា៩៧៣ នៃក្រមរដ្ឋប្បវេណី ទ្រព្យសម្បត្តិរួម គឺជាទ្រព្យសម្បត្តិទាំងឡាយ ដែលប្តីប្រពន្ធទាំងសងខាង ឬតែម្ខាងទទួលបាននៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ លើកលែងតែទ្រព្យសម្បត្តិដែលបានកំណត់ក្នុងចំណុចទាំង ៣ ខាងលើនេះ។ ឧទាហរណ៍ ប្រាក់ ប្រាក់ចំណូលគ្រប់ប្រភពផ្សេងៗ ដី ផ្ទះ ដែលបានទិញក្នុងពេលចំណងអាពាហ៍ពិពាហ៍ សុទ្ធតែទ្រព្យរួម បើទោះបីជាទ្រព្យទាំងនេះ រកបានដោយសហព័ន្ធតែម្ខាងក៏ដោយ។
- Video Advertisement -