អ្នកវិភាគបរទេស៖ ទីផ្សារអចលនទ្រព្យភ្នំពេញ ងាកមកស្ថិតក្នុងក្រសែភ្នែកវិនិយោគិនវិញហើយ
ក្រោយពីកម្ពុជាចាប់ផ្ដើមបើកប្រទេសមួយរយៈកន្លងមក ទីផ្សារអចលនទ្រព្យឃើញថាងើបឡើងគួរឱ្យកត់សំគាល់ ពិសេសទីផ្សារលំនៅឋានដែលជំរុញដោយតម្រូវការក្នុងស្រុក។ នេះបើយោងតាមអត្ថបទវិភាគរបស់អ្នកជំនាញ លោក Eric Wong Chon Lap។
មូលហេតុទី ១ ដែលជំរុញទីផ្សារលំនៅឋានគឺ គោលនយោបាយលើកលែងពន្ធរបស់រដ្ឋាភិបាលលើការទិញអចលនទ្រព្យក្នុងតម្លៃសមរម្យ និងលក្ខខណ្ឌកម្ចីធនាគារងាយស្រួលក្នុងអត្រាការប្រាក់ទាប។ កត្តានេះធ្វើឱ្យអ្នកទិញក្នុងស្រុកងាកមកចាប់អារម្មណ៍ចង់ទិញផ្ទះច្រើនជាងមុន ក្រោយកូវីដស្ងប់ស្ងាត់។
ជាមួយនឹងនិន្នការនេះ មានការព្យាករណ៍ថាតម្លៃផ្ទះនៅភ្នំពេញនឹងកើនឡើងរហូតដល់ ២០% នៅ ៥ ឆ្នាំ ខាងមុខ។
មូលហេតុមួយទៀត គឺការកើនឡើងនៃតម្រូវការផ្ទះដែលធំជាងមុន និងមានទីធ្លាផ្នែកខាងក្រៅធំទូលាយ សម្រាប់អ្នកដែលមានផ្ទះស្រាប់។ ដោយសារតែតម្រូវការនេះ បានធ្វើឱ្យគម្រោងលំនៅឋាននៅតំបន់ជាយក្រុងភ្នំពេញ មានភាពទាក់ទាញខ្លាំង ព្រោះមានតម្លៃសមរម្យ ផ្ទះធំ ទទួលបានបរិយាកាសបៃតង និងស្ងប់ស្ងាត់។
ដោយសារតែវិបត្តិកូវីដ បានធ្វើឱ្យអ្នកទិញមានអំណាចក្នុងការចរចាខ្លាំងជាងមុន ដែលធ្វើឱ្យគម្រោងអចលនទ្រព្យដែលមានទីតាំងនៅក្នុងតំបន់កំពុងអភិវឌ្ឍ ដែលរុំព័ទ្ធដោយគ្រឹះស្ថានអប់រំ មន្ទីរពេទ្យ និងផ្សារទំនើប ជាដើម ក្លាយជាទីចាប់អារម្មណ៍ខ្ពស់។
លើសពីនេះ កត្តាបញ្ចុះតម្លៃ និងភាពងាយស្រួលក្នុងការបង់ប្រាក់ក្នុងអំឡុងវិបត្តិកូវីដ ក៏ជួយជំរុញដល់តម្រូវការផងដែរ។
កត្តាចុងក្រោយ គឺវប្បធម៌ការទិញផ្ទះជាប់ដីរបស់ប្រជាជនខ្មែរដែលនៅតែបន្ដ ដោយពួកគាត់ជឿថាការផ្ទះគឺទ្រព្យសំខាន់បំផុតសម្រាប់គ្រួសារ ហើយនឹងក្លាយជាទ្រព្យយូរអង្វែងតដល់កូនចៅ។
ជាសរុប ទីផ្សារលំនៅឋាននៅទីក្រុងភ្នំពេញបន្ដរឹងមាំជាបន្ដចបន្ទាប់ ដោយសារទីផ្សារមានភាពធន់ខ្ពស់ តម្រូវការក្នុងស្រុក កត្តាការបើកប្រទេសឡើងវិញដែលធ្វើឱ្យសេដ្ឋកិច្ចប្រសើរឡើង និងកត្តាផ្សេងៗទៀតដូចដែលបានរៀបរាប់ខាងលើ។
លោក Eric Wong Chon Lap មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យពិគ្រោះយោបល់និងអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសនានាជុំវិញពិភពលោក ជាពិសេសនៅក្នុងទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះ លោកក៏មានបទពិសោធន៍ជាច្រើនទៀតទាក់ទងនឹងការគ្រប់គ្រងថវិកាអភិវឌ្ឍគម្រោង យុទ្ធសាស្ត្រទីផ្សារ ការស្រាវជ្រាវ ក៏ដូចជាការវិភាគទីផ្សារអចលនទ្រព្យផ្សេងៗ រួមមានការិយាល័យ លំនៅដ្ឋាន សណ្ឋាគារ និង ផ្នែកលក់រាយឬ Retail ជាដើម។
- Video Advertisement -