ផ្លូវលេខ ២ និង ២២ សង់ខ្វះគុណភាព! ក្រសួងដាក់កំហិតឱ្យក្រុមហ៊ុនកែតម្រូវ និងបញ្ចប់នៅខែសីហា

ក្រោយចុះធ្វើតេស្ត ក្រសួងសាធារណការ និងដឹកជញ្ជូន បានរកឃើញថាផ្នែកខ្លះនៃផ្លូវជាតិលេខ ២ និង២២ សង់ឡើងខ្វះគុណភាព និងស្តង់ដារបច្ចេកទេស ខណៈបានដាក់កំហិតឱ្យក្រុមហ៊ុនសាងសង់ពិនិត្យ និងកែតម្រូវឡើងវិញ និងធ្វើយ៉ាងណាសបញ្ចប់គម្រោងឱ្យបានជាស្ថាពរក្នុងខែ សីហា ឆ្នាំ២០២២ នេះ។

បើយោងតាមកិច្ចចុះពិនិត្យការដ្ឋានរបស់ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ គម្រោងសាងសង់ផ្លូវលេខ ២ និង ២២ សម្រេចលទ្ធផលការងារបាន៧៦,២០% ហើយ ដែលយឺតជាងផែនការខ្លាំង។

ឯកឧត្ដម ស៊ុន ចាន់ថុល បានក៏បានឱ្យដឹងថា៖ «ផ្លូវនេះ ការសាងសង់យឺតយ៉ាវ ព្រោះក្រុមហ៊ុនសាងសង់មិនមានគ្រឿងចក្រ និងកម្លាំងពលកម្មគ្រប់គ្រាន់ មិនមែនបណ្តាលមកពីបញ្ហាជំងឺកូវីដ-១៩ ដូចការអះអាងរបស់ក្រុមហ៊ុននោះទេ»។

លើសពីនេះ ក៏មានចំណុចខ្លះសង់ខ្វះគុណភាព ដោយឯកឧត្តម បានបញ្ជាដោយដោះស្រាយបន្ទាន់។

ឯកឧត្តមថា៖ «ត្រូវបញ្ចប់ខែ សីហា ហើយត្រូវបញ្ចប់ដោយមានគុណភាព ព្រោះបើផ្លូវនេះគ្មានគុណភាព ក្រសួងនឹងមិនទទួលយកទេ»។

គួរបញ្ជាក់ថា គម្រោងលើកកម្ពស់ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមវត្តមានសម្ដេច ហ៊ុន សែន។

គម្រោងផ្លូវនេះ មានប្រវែងសរុប ៧២,១៧ គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅដល់អូរចំបក់ មានប្រវែង ៦២,៥៦ គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តខេត្តតាកែវ។

គម្រោងនេះគ្រោងចំណាយថវិកា ៥៦,១ លានដុល្លាសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងសាងសង់ដោយក្រុមហ៊ុនHasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture គ្រោងចំណាយពេលសាងសង់ ៣០ខែ គិតចាប់ពីចុងឆ្នាំ២០១៩៕

- Video Advertisement -