អនាគតនៃអគារជាប់គាំងនៅខេត្តព្រះសីហនុ៖ ទស្សនៈរបស់ចិន រដ្ឋាភិបាល និងម្ចាស់ដី
បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបិទការលេងល្បែងអនឡាញក្នុងក្រុងព្រះសីហនុ គួបផ្សំនឹងការមកដល់នៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ ២០២០ សេដ្ឋកិច្ចក្រុងព្រះសីហនុបានធ្លាក់ចុះ ខណ:ពពុះទីផ្សារអចលនទ្រព្យក៏បានបែកធ្លាយ។
ជាលទ្ធផល គម្រោងសាងសង់សរុបចំនួន ១១៥៥ ត្រូវបានទុកចោលមិនបញ្ចប់ការដ្ឋាន ខណៈតម្លៃជួលអចលនទ្រព្យនៅក្នុងខេត្តនេះ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងពីខ្ទង់ម៉ឺន មកត្រឹមខ្ទង់ពាន់ ឬដល់ខ្ទង់រយសម្រាប់ទីតាំងខ្លះ នេះបើយោងតាមតួលេខផ្លូវការ។
តើអនាគតនៃអគារគាំងស្ទះទាំងនេះនឹងទៅជាយ៉ាងណា? នេះជាផ្លូវដែលភាគីនិយោគិនចិន រដ្ឋាភិបាលកម្ពុជា និងម្ចាស់ដីត្រូវដើររួមគ្នាដើម្បីរកច្រកចេញ។
ទស្សនៈរបស់វិនិយោគិនចិន
Nikkei Asia បានសម្ភាសអ្នកវិនិយោគចិនជាច្រើននាក់ ដោយសួរពីទស្សនវិស័យ និងផែនការអនាគតរបស់ពួកគេចំពោះគម្រោងដែលជាប់គាំងទាំងនោះ។
វិនិយោគិនភាគច្រើនបង្ហាញចំណាប់អារម្មណ៍ក្នុងការត្រឡប់មកវិញ ប៉ុន្តែមានឧបសគ្គច្រើនយ៉ាងទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ដែលជាការរារាំងពួកគេ។
កត្តាសំខាន់បំផុតមួយដែលធ្វើឱ្យវិនិយោគិនចិនពិបាកក្នុងបន្តគម្រោងដែលជាប់គាំង គឺការខ្វះខាតការគាំទ្រ និងជ្រោមជ្រែងពីរដ្ឋាភិបាលកម្ពុជា។
ជាក់ស្ដែង កាលពីដើមខែកក្កដា ម្ចាស់គម្រោងចិនមួយក្រុមបានជួបពិភាក្សាជាមួយមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុជុំវិញបញ្ហានេះ ប៉ុន្តែនៅមិនទាន់ទទួលបានផ្លែផ្កាអ្វីទាំងអស់។
ដើម្បីត្រលប់មកវិញ ពួកគេបានស្នើសុំរដ្ឋាភិបាលឱ្យជួយកាត់បន្ថយពន្ធពាក់ព័ន្ធនឹងគម្រោងរបស់ខ្លួន និងជួយបង្កើតសន្ទស្សន៍តម្លៃដីដែលច្បាស់លាស់ ដើម្បីទប់ស្កាត់បញ្ហាម្ចាស់ដីក្នុងស្រុកបំប៉ោងតម្លៃ។
សំណើសំខាន់បំផុតដែលវិនិយោគិនទាមទារគឺ ការសម្របសម្រួលពីដ្ឋាភិបាលក្នុងការដោះស្រាយវិវាទដីធ្លីរវាងពួកគេ និងម្ចាស់ដីក្នុងស្រុក។
វិនិយោគិនចិនមួយចំនួនបានរាយការណ៍ថាម្ចាស់ដីបានរឹបអូសអគាររបស់ពួកគេជាថ្នូរនឹងតម្លៃជួល ដែលវិនិយោគិនយល់ថាថ្លៃខ្លាំងពេក។
អ្នកអភិវឌ្ឍន៍ចិនឈ្មោះ Qiu បានប្រាប់ Nikkei ថាគាត់បានវិនិយោគលើសណ្ឋាគារតម្លៃ ៣ លានដុល្លារនៅក្រុងព្រះសីហនុក្នុងឆ្នាំ ២០១៧ ។ ការសាងសង់ត្រូវបានបញ្ចប់នៅឆ្នាំ ២០២០ ប៉ុន្តែមិនអាចបើកបានទេ ដោយសារជម្លោះជាមួយម្ចាស់ដីដែលចង់រឹបអូសយកគម្រោងទាំងស្រុង។
ដូចគ្នានេះ អ្នកអភិវឌ្ឍន៍ម្នាក់ឈ្មោះ Gong ដែលបានមកពីខេត្ត Sichuan បានឱ្យដឹង ក្នុងឆ្នាំ២០១៨ និង ២០១៩ គ្រប់យ៉ាងគឺរលូន ប៉ុន្តែពេលមានវិបត្តិ ម្ចាស់ដីមិនសូវមានការយោគយល់នោះទេ។
តើម្ចាស់ដីក្នុងស្រុកយល់យ៉ាងណា ចំពោះបញ្ហានេះ?
ផ្ទុយទៅវិញ ម្ចាស់ដីក្នុងស្រុកអះអាងថា អ្នកវិនិយោគចិនបានបំពានកិច្ចសន្យា ហើយមិនបង់ថ្លៃជួលដូចការសន្យា។ បន្ទាប់ពីបិទល្បែងអនឡាញ និងការមកដល់នៃវិបត្តិកូវីដ១៩ អ្នកវិនិយោគចិនបានចាកចេញពីប្រទេសកម្ពុជាដោយគ្មានពាក្យផ្ដែផ្ដាំ ហើយថែមទាំងមិនព្រមបង់ថ្លៃជួលដីទៀតផង។ នេះបើយោងតាមការសម្ភាសម្ចាស់ដីជាមួយ The Strait Times ។
អ្នកខ្លះទៀតអះអាងថា ដោយសារវិនិយោគិនទៅបាត់ស្ងាត់សូន្យនេះហើយ ដែលជាហេតុផលធ្វើឱ្យពួកគេគ្មានជម្រើស ក្រៅពីកាន់កាប់អគារនោះទុកវត្ថុបញ្ចាំ ហើយរង់ចាំឱ្យម្ចាស់គម្រោងចិនមកដោះស្រាយថ្លៃជួលវិញ។ ពួកគេគ្មានចេតនារឹបអូសអគារនោះជាអចិន្ត្រៃយ៍ទេ។
ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ លោកឧកញ៉ា វណ្ណ សុខហេង មានប្រសាសន៍ថា ដើមចមនៃបញ្ហានេះគឺដោយសារភាគីទាំងសងខាង [អ្នកវិនិយោគចិន និងម្ចាស់ដីក្នុងស្រុក] មិនព្រមសម្របសម្រួលគ្នា។
លោកសុខហេង ថា៖ «អ្នកវិនិយោគចិនយកលេសរឿងបញ្ហាវិបត្តិកូវីដ ថាជាហេតុប្រធានសក្ដិដើម្បីមិនបង់ថ្លៃជួល ឬសុំបញ្ចុះថ្លៃជួល ខណៈម្ចាស់ដីប្រើកិច្ចសន្យាដើម្បីបង្ខំយកថ្លៃជួលខ្ពស់ដូចសម័យមុនកូវីដ-១៩។ ភាគីទាំងសងខាង មិនព្រមថយម្នាក់មួយជំហាន ដូច្នេះទើបបញ្ហានេះមិនដាច់ស្រាច់» ។
អ្នកខ្លះថា ប្រសិនបើវិនិយោគិនចិនមិនមានដើមទុនដើម្បីបន្តគម្រោងនេះទេ ពួកគេអាចលក់សំណង់ទាំងនោះទៅឱ្យម្ចាស់ដី ឬអ្នកវិនិយោគថ្មីក្នុងតម្លៃទាប។ បន្ទាប់មក គម្រោងដែលគាំងទាំងនោះនឹងមានជីវិតឡើងវិញ។
ទោះជាយ៉ាងនេះក្តី លោកឧកញ៉ា សុខហេង ថា ដំណោះស្រាយខាងលើមិនងាយស្រួលដូចការគិតនោះទេ ដោយសារគម្រោងសំណង់ដែលជាប់គាំងភាគច្រើន មិនមានលិខិតអនុញ្ញាតសាងសង់ត្រឹមត្រូវ ដែលធ្វើអ្នកវិនិយោគថ្មីខ្លាចរអាមិនហ៊ានទិញ ព្រោះមិនអាចបន្ដការអភិវឌ្ឍបាន សូម្បីតែសុំភ្ជាប់ប្រព័ន្ធទឹកភ្លើង។
«ដូច្នេះដើម្បីដោះស្រាយបញ្ហានេះបាន ដូច្នេះរដ្ឋាភិបាលគួរតែចូលរួម។ មធ្យោបាយមួយគឺរដ្ឋាភិបាលជួយធ្វើឱ្យគម្រោងទាំងនោះស្របច្បាប់ដោយផ្តល់លិខិតអនុញ្ញាតសាងសង់។ មន្ត្រីពីក្រសួងអាចត្រួតពិនិត្យគុណភាពសំណង់ទាំងអស់នោះ ប្រសិនបើមិនបង្កគ្រោះថ្នាក់ដល់សាធារណជនទេ ក្រសួងគួរចេញលិខិតអនុញ្ញាតឱ្យពួកគាត់។ ការធ្វើដូច្នេះ នឹងលើកទឹកចិត្តដល់អ្នកវិនិយោគថ្មីក្នុងការទិញគម្រោងទាំងនេះ» លោកបន្ដ។
លោកបន្ថែមថា ចំណុចទី ២ ដែល រដ្ឋាភិបាលគួរតែធ្វើ គឺការជួយសម្របសម្រួលជម្លោះរវាងភាគីទាំង២ តាមរយៈការកែសម្រួលកិច្ចសន្យា។ ការផ្ដាស់ប្ដូរអាចជា ការបន្ថយថ្លៃជួល ឬឱ្យវិនិយោគិនបង់រំលួសថ្លៃជួលក្នុងរយៈពេលវែងណាមួយ។
ទោះជាយ៉ាងនេះក្តី ជាង ២ឆ្នាំទៅហើយ នៅមិនទាន់ឃើញដំណោះស្រាយចេញជាផ្លែផ្កាអ្វីទាំងអស់ បើទោះបីជារដ្ឋាភិបាលបានប្រកាសយ៉ាងក្ដែងៗក្ដីថា នឹងស្តារសេដ្ឋកិច្ចខេត្តព្រះសីហនុឡើងវិញ។
អ្វីទៅជាចក្ខុវិស័យរយៈពេលវែងរបស់រដ្ឋាភិបាលកម្ពុជា?
លោកបណ្ឌិត Ivan Franceschini អ្នកស្រាវជ្រាវសាកលវិទ្យាល័យជាតិអូស្ត្រាលីបានពន្យល់ពីមូលហេតុដែលរដ្ឋាភិបាលកម្ពុជា ព្រងើយកន្តើយ មិនទាន់ចង់ដោះស្រាយបញ្ហានេះ។
លោកបណ្ឌិត Ivan បាននិយាយថា៖ «កម្ពុជានៅមានអំពើពុករលួយច្រើន ហើយម្ចាស់ដីក្នុងខេត្តព្រះសីហនុភាគច្រើនជាសេដ្ឋី និងអ្នកមានអំណាចក្នុងជួររដ្ឋាភិបាល ដែលធ្វើឱ្យរដ្ឋាភិបាលកម្ពុជាពិបាកដោះស្រាយបញ្ហាតាមសំណើររបស់វិនិយោគចិនទាំងនោះ»។
យោងតាមការសិក្សារបស់គាត់ រដ្ឋាភិបាលកម្ពុជាជាក់ស្ដែងក៏ចង់ដោះស្រាយបញ្ហានេះខ្លាំងណាស់ដែរ ប៉ុន្តែត្រូវការពេលវេលា។
លោកជឿជាក់ថា បញ្ហានឹងធូរស្រាលនៅថ្ងៃណាមួយ ព្រោះជាក់ស្ដែងរដ្ឋាភិបាលបានចំណាយថវិកាជាង ៣០០លានដុល្លាររួចហើយ ក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ដូច្នេះមានន័យថារដ្ឋាភិបាល មានចក្ខុវិស័យវែងឆ្ងាយសម្រាប់ខេត្តនេះ។
ប្រសិនបើរដ្ឋាភិបាលមិនមានទស្សនវិស័យច្បាស់លាស់ទេ រដ្ឋាភិបាលនឹងមិនហ៊ានចំណាយថវិកាផ្ទាល់របស់រដ្ឋដ៏ធំសម្បើមនេះ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តនេះឡើងវិញនោះទេ។
«ពិសេសជាងនេះ ការសម្រេចចិត្តបញ្ចប់ល្បែងអនឡាញនៅឆ្នាំ ២០១៩ គឺជាជំហានដ៏ក្លាហានមួយរបស់រដ្ឋាភិបាល ដែលហ៊ានបង់បោះលុយដែលកំពុងហូរចូលយ៉ាងគគ្រឹកគគ្រេង ហើយទ្រាំឈឺចាប់មួយពេលដើម្បីអនាគតដែលភ្លឺស្វាងជាងមុន» លោក Ivan បានពន្យល់។
ឯកឧត្តម វង្សី វិសុទ្ធ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា រដ្ឋាភិបាលបាន និងកំពុងរកមធ្យោបាយល្អបំផុតដើម្បីដោះស្រាយបញ្ហានេះ។
«ការសាងសង់អគារខ្ពស់ៗជាច្រើនត្រូវបានផ្អាក ឬបោះបង់ចោល។ យើងដឹងពីបញ្ហានេះ ហើយ យើងនឹងជួយជំរុញការអភិវឌ្ឍអគារទាំងនោះតាមរយៈការទាក់ទាញអ្នកវិនិយោគថ្មី មកទិញបន្ដ»។
ផែនការនេះគឺជាផ្នែកមួយនៃគោលដៅរបស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រែក្លាយក្រុងព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុគោលបំណង។
គម្រោងនេះ គឺជាមហិច្ឆតាធំរបស់កម្ពុជា ក្នុងការប្រែក្លាយក្រុងព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចដ៏សំខាន់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាតំបន់ឧស្សាហកម្មជឿនលឿន ដែលបម្រើដល់ខ្សែសង្វាក់ផលិតកម្មក្នុងតំបន់ និងពិភពលោក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ។
លើសពីនេះ ខេត្តនេះក៏នឹងត្រូវតភ្ជាប់ជាមួយរាជធានីភ្នំពេញដោយផ្លូវល្បឿនលឿនតម្លៃ ២ ពាន់លានដុល្លារអាមេរិក ដែលគម្រោងបើកដំណើរក្នុងខែតុលាខាងមុខនេះ។
ដោយមើលឃើញពីចក្ខុវិស័យ និងសកម្មភាពរយៈពេលវែងរបស់រដ្ឋាភិបាលកន្លងមក អ្នកជំនាញផ្នែកអចលនវត្ថុក្នុងស្រុកភាគច្រើនបានព្យាករណ៍ថា សេដ្ឋកិច្ចខេត្តព្រះសីហនុនឹងងើបឡើងវិញក្នុងពេលដ៏ខ្លីខាងមុខ។
ពួកគេបានឱ្យនិយមន័យវិបត្តិសេដ្ឋកិច្ចមួយនេះថា ការផ្លាស់ប្ដូរដែលឈឺចាប់ តែគឺដើម្បីការអភិវឌ្ឍន៍ដែលមានគុណភាព និងនិរន្តរភាពនាពេលអនាគត ឬ ហើយតាមសុភាសិតខ្មែរគឺ ពិបាកមុន ស្រណុកក្រោយ។ (អានបន្ថែម)
យ៉ាងណាក្ដី លោកបណ្ឌិត Ivan ក៏យល់ឃើញថា ជនជាតិចិននឹងមិនត្រឡប់មកវិញនៅពេលឆាប់ៗនេះទេ ព្រោះតែឧបសគ្គខាងសង្គម និងសេដ្ឋកិច្ចខាងលើ។ វិនិយោគិនចិនចាស់ អាចនឹងមិនត្រលប់មកវិញទេ ព្រោះពួកគេខ្លាចនឹងជួបបញ្ហាដូចមុន ដូច្នេះក្តីសង្ឃឹមអាចពឹងផ្អែកលើវិនិយោគិនថ្មី។
- Video Advertisement -